ជាតិ
សង្គមជាតិ
វៀតណាម ស្នើឲ្យកម្ពុជា ផ្តល់លក្ខណៈងាយស្រួលដល់ការរស់នៅរបស់ពលរដ្ឋវៀតណាម
11, Jul 2020 , 12:59 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្វាគមន៍លោក ង្វៀន ភូជុង ប្រធាននាធិបតីវៀតណាម នៅវិមានសន្តិភាព ក្នុងឱកាសដែលលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ (រូបពី AFP)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្វាគមន៍លោក ង្វៀន ភូជុង ប្រធាននាធិបតីវៀតណាម នៅវិមានសន្តិភាព ក្នុងឱកាសដែលលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ (រូបពី AFP)
លោក ង្វៀន ភូជុង ប្រធានាធិបតីវៀតណាម ស្នើមកកាន់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យបន្តជួយសម្រួលនិងបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋរបស់លោក ឲ្យបានរស់នៅដោយស្ថិរភាព បានរៀនសូត្រ និង ប្រកបមុខរបរយូរអង្វែងនៅកម្ពុជា ដើម្បីរួមចំណែកដ៏សកម្មក្នុងការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជារួមចំណែកក្នុងការពង្រឹងចំណងទំនាក់ទំនងកម្ពុជា-វៀតណាម។



សំណើរបស់មេដឹកនាំវៀតណាម មកកាន់មេដឹកនាំកម្ពុជា គឺធ្វើឡើក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានសរសេរខ្លឹមសារនៃកិច្ចសន្ទនានោះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។

បើតាមសំណេររបស់ស្ថានទូតវៀតណាម សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា កម្ពុជា នឹងបន្តជួយសម្រួលនិងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋវៀតណាម ដើម្បីឲ្យមានលំនឹងចិត្ត បន្តការរស់នៅក្នុងប្រទេសកម្ពុជា។

មិនមែនជាលើកទីមួយទេ គឺកន្លងមក វៀតណាម ក៏ធ្លាប់មានសំណើនេះ មកកម្ពុជាដែរ។

លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បង្ហាញរបាយការណ៍ កាលពីចុងខែមករា ឆ្នាំ២០២០ថា បច្ចុប្បន្ន កម្ពុជា មានជនអន្ដោប្រវេសន៍ស្របច្បាប់ជិត៩ម៉ឺននាក់ ដោយក្នុងនោះ ជនជាតិវៀតណាម មានច្រើនជាងគេ។

ក្រៅពីនេះ មេដឹកនាំពីរ សាទរគ្នាទៅវិញទៅមកអំពីការសម្រេចបានសមិទ្ធផលនានា ក្នុងប្រទេសរបស់ខ្លួន។ មេដឹកនាំទាំងពីរ ក៏បានអរគុណគ្នាទៅវិញទៅមកដែរ ចំពោះកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

មេដឹកនាំកំពូលកម្ពុជា-វៀតណាម ក៏បាននិយាយពីរឿងព្រំដែនដែរ។ ស្ថានទូតវៀតណាម បានឲ្យដឹងថា លោក ង្វៀន ភូជុង ស្នើឲ្យកម្ពុជា-វៀតណាម បន្តកិច្ចសហប្រតិបត្តិការនិងជូនដំណឹងដល់គ្នា ឲ្យទាន់ពេលវេលាក្នុងការបង្ការនិងការប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយបន្តរក្សាភាពប្រក្រតីក្នុងការដោះដូរទំនិញតាមបណ្តោយខ្សែព្រំដែន ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាដែលកើតឡើងជាយថាហេតុ ដោយឈរលើស្មារតីយោគយល់គ្នាទៅវិញទៅមក។

ប្រធានាធិបតីវៀតណាមនិងនាយករដ្ឋមន្រ្តីកម្ពុជា វាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើឯកសារទទួលស្គាល់ការបោះបង្គោលខ័ណ្ឌសីមាតាមបណ្តោលព្រំដែនបាន៨៤ភាគរយកន្លងមក និងបង្ហាញឆន្ទៈបន្តដោះស្រាយតំបន់ព្រំដែននៅសេសសល់១៦ទៀត ដែលមិនទាន់ឯកភាពគ្នា។

យ៉ាងណា មេដឹកនាំទាំងពីរ ជជែកគ្នាឬក៏អត់ ពីការបោះតង់យោធាវៀតណាម ចូលមកទឹកដីកម្ពុជានោះ គេ មិនបានដឹងឡើយ ព្រោះទាំងព័ត៌មានលើទំព័រហ្វេសប៊ុករបស់ស្ថានទូតវៀតណាម ទាំងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា មិនឃើញសរសេរឡើយ។

វៀតណាម បានបោះតង់យោធា៣១កន្លែង នៅតាមបណ្តោយព្រំដែនក្នុងខេត្តកណ្តាល និងកន្លែងផ្សេងទៀត។ តំបន់ ដែលវៀតណាម បោះតង់នោះ គឺស្ថិតក្នុងចំណោមតំបន់ទាំង១៦ភាគរយ ដែលមិនទាន់ឯកភាពគ្នា។

វៀតណាម មានហេតុផលថា ការបោះតង់ទាំងអស់ គឺដើម្បីទប់ស្កាត់ការធ្វើដំណើរចេញចូល ព្រោះបារម្ភពីការរាលដាលជំងឺកូវីដ-១៩។ ដោយសារតែមានការតឿនម្តងជាពីរដងពីកម្ពុជា វៀតណាម សម្រេចរុះរើនិងរំកិលតង់មួយចំនួន ថយក្រោយ ហើយសន្យាថា នឹងរុះរើទាំងអស់ នៅក្រោយជំងឺកូវីដ-១៩ ត្រូវបានកម្ចាត់ទាំងស្រុង។

អត្ថបទទាក់ទង

ស្ថានទូតវៀតណាម បន្តថា លោក ង្វៀន ភូត្រុង និង សម្តេច ហ៊ុនសែន ក៏បានវាយតម្លៃខ្ពស់ផងដែរ លើចំណងទំនាក់ទំនងរវាងបក្សនិងរដ្ឋទាំងពីរ ដែលមានការពង្រឹងមិនចេះឈប់ឈរនិងប្រកបដោយភាពស៊ីជម្រៅទៅលើគ្រប់វិស័យ។ ស្ថានទូតវៀតណាម បន្ថែមថា ភាគីទាំងពីរ ក៏បានអះអាងពីការពូនជ្រំបន្ថែមទៀតនូវចំណងទំនាក់ទំនង និងភាពជាអ្នកជិតខាងល្អ៕

Tag:
 ទំនាក់ទំនងកម្ពុជា-វៀតណាម
  ហ៊ុន សែន
  ង្វៀន ភូជុង
© រក្សាសិទ្ធិដោយ thmeythmey.com