អន្តរជាតិ
តួកគី រងការរិះគន់ ក្រោយផ្លាស់ប្ដូរសារមន្ទីរ Hagia Sophia ដ៏ល្បី ទៅជាវិហារឥស្លាម
× ប្រតិកម្មជុំទិស បានធ្លាក់លើតួកគីក្រោយការប្រកាសផ្លាស់ប្ដូរសារមន្ទីរល្បីឈ្មោះ Hagia Sophia ទៅជាវិហារសាសនាឥស្លាមនៅថ្ងៃទី១០ ខែកក្កដា ។ Hagia Sophia ដែលជាសម្បត្តិបេតិកភណ្ឌល្បីមួយរបស់យូណេស្កូ ជាទីតាំងទេសចរណ៍ដ៏សំខាន់របស់តួកគី ដែលអាចទាក់ទាញភ្ញៀវជាច្រើន។ ក្រិក និងសហគមន៍គ្រិស្តសាសនាដែលធ្លាប់ប្រើប្រាស់អាគារដ៏ធំមួយនេះ ចេញមុខរិះគន់តួកគីខ្លាំងជាងគេ។ ពិធីសូត្រធម៌សាសនាឥស្លាមលើកដំបូងក្នុងវិហារនេះ នឹងធ្វើនៅចុងខែកក្កដាខាងមុខ។
Hagia Sophia ត្រូវបានកសាងឡើងដំបូងដើម្បីធ្វើជាវិហារគ្រិស្តសាសនារបស់ចក្រភព Byzantine នៅសតវត្សរ៍ទី៦ ។ ក្រោយមកចក្រភពអូតូម៉ង់ដែលផ្ដួល Byzantine ហើយគ្រប់គ្រងទឹកដីដ៏ធំល្វឹងល្វើយនៅទឹកដីតួកគីបច្ចុប្បន្ន និងតំបន់ឯទៀត ក៏ប្ដូរវិហារនេះទៅជាកន្លែងបូជាសាសនាឥស្លាមវិញនៅឆ្នាំ១៤៥៣ ។ តមកលោក Mustafa Kemal Ataturk ប្រធានាធិបតីតួកគីសម័យទំនើប ក៏ប្ដូរឋានៈវិហារនេះទៅជាសារមន្ទីរវិញ ហើយក៏ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
យ៉ាងណាមិញ តុលាការកំពូលតួកគី បានសម្រេចនៅថ្ងៃទី១០ ខែកក្កដា ថា ការផ្លាស់ប្ដូរវិហារនេះទៅជាសារមន្ទីរ ជារឿងខុសច្បាប់។ ការសម្រេចចិត្តនេះ បានបើកផ្លូវឲ្យរដ្ឋាភិបាលប្រធានាធិបតី រ៉េស៊ីប តៃយីប អ៊ែរដូហ្កាន់ ប្ដូរវិមាន Hagia Sophia ដែលមានឈ្មោះជាភាសាតួកគីថា Ayasofya ទៅជាវិហារឥស្លាមតែម្ដង។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក អ៊ែរដូហ្កាន់ ប្រកាសថា កម្មវិធីសូត្រធម៌ក្នុងវិហារនេះ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដាខាងមុខ។
ការប្រកាសផ្លាស់ប្ដូរនេះ តួកគីរងការរិះគន់យ៉ាងខ្លាំង។ ក្រិកដែលមិនសូវត្រូវគ្នាជាមួយតួកគី បានរិះគន់មុនគេ ខណៈអាមេរិកឯណោះ បានបង្ហាញការខកចិត្ត។ នាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis និយាយថា ប្រទេសរបស់លោក ថ្កោលទោសដាច់ណាត់ការសម្រេចចិត្តរបស់តួកគី ដែលមិនត្រឹមិនធ្វើឲ្យប៉ះពាល់ទំនាក់ទំនងទ្វេភាគីឡើយ ថែមទាំងប៉ះពាល់ទំនាក់ទំនងរវាងតួកគីជាមួយអឺរ៉ុប យូណេស្កូ និងសហគមន៍អន្តរជាតិផងដែរ។
អ្នកនាំពាក្យគ្រិស្តសាសនានិកាយអ័រតូដុករបស់វិញ ក៏នៅមិនស្ងៀមដែរ។ ទីភ្នាក់ងារព័ត៌មាន Interfax បានស្រង់សម្ដីអ្នកនាំពាក្យនិកាយមួយនេះថា ក្ដីបារម្ភរបស់គ្រិស្តសាសនិករាប់លាននាក់ មិនត្រូវបានអើពើឡើយ។ អគ្គនាយិកាយូណេស្កូ លោកស្រី Audrey Azoulay លើកឡើងថា លោកស្រីខកចិត្តមែនទែនចំពោះរឿងនេះ ព្រោះតួកគីមិនបានជជែកជាមួយយូណេស្កូជាមុនឡើយ។
ទោះជាយ៉ាងណា លោក អ៊ែរដូហ្កាន់ បានទទូចឲ្យភាគីឯទៀតទទួលយកការសម្រេចចិត្តរបស់តួកគី។ ប្រធានាធិបតីតួកគីរូបនេះធានាថា ទោះជា Hagia Sophia ទៅជាវិហារឥស្លាមមែន មនុស្សគ្រប់ជាតិសាសន៍ និងសាសនានៅតែអាចចូលទស្សនាវិមានដែលមានទីតាំងក្នុងទីក្រុងអ៊ីស្តង់ប៊ុលនេះដដែល៕
Tag:
តួកគី
Hagia Sofia
© រក្សាសិទ្ធិដោយ thmeythmey.com