ជាតិ
សង្គមជាតិ
របាយការណ៍​WWF បង្ហាញថា ការដាក់​អន្ទាក់​សត្វព្រៃ​ក្នុង​តំបន់​ធនធានធម្មជាតិ​ជា​ប្រភព​ចម្លង​មេរោគ​ពី​សត្វ​ទៅ​មនុស្ស​
11, Jul 2020 , 9:29 pm        
រូបភាព
រូបភាព៖ អន្ទាក់សម្រាប់​ចាប់​សត្វព្រៃ
រូបភាព៖ អន្ទាក់សម្រាប់​ចាប់​សត្វព្រៃ
ដោយ:
​ភ្នំពេញ​៖ របាយការណ៍​របស់​អង្គការ WWF បាន​បង្ហាញថា ការដាក់​អន្ទាក់​សត្វ​ជ្រូកព្រៃ សំ​ពោធ ពង្រូល និង​សត្វ​ដទៃទៀត​ដែល​នៅក្នុង​តំបន់​ធនធានធម្មជាតិ ជា​ប្រភព​ចម្លង​មេរោគ​ពីស​ត្វ ទៅ​មនុស្ស​។

 
​របាយការណ៍​របស់​អង្គការ WWF បាន​បញ្ជាក់ថា អន្ទាក់​សម្រាប់​ចាប់​សត្វព្រៃ​នៅក្នុង​តំបន់​ធនធានធម្មជាតិ​នៅ​កម្ពុជា ភាគច្រើន​ជា​អន្ទាក់​ដែល​បាន​ផលិត និង​ច្នៃ​ពី​ខ្សែ ឬ​ខ្សែកាប​។ ក្នុង​របាយការណ៍​បង្ហា​ញ​ថា សត្វ​ជ្រូកព្រៃ សំ​ពោធ ពង្រូល ជា​សត្វ​ដែល​ជាប់អន្ទាក់​ច្រើនជាងគេ ក្នុងចំណោម​សត្វ​ដទៃទៀត ហើយ​ប្រភេទ​សត្វ​ទាំងនោះ​ក៏​ជា​ប្រភព​ចម្លង​មេរោគ​ដែល​បង្កឡើង​ពីស​ត្វ ទៅ​មនុស្ស​ផងដែរ​។ 
 
​លោក Stuart Chapman ប្រធាន​កម្មវិធី​សត្វ​ខ្លា​ប្រចាំ​តំបន់​នៃ​អង្គការ WWF បាន​បញ្ជាក់ថា ការដាក់ អន្ទាក់​សម្រាប់​ចាប់​សត្វ អាច​បង្ក​ឲ្យ​លែងមាន​វត្តមាន​សត្វព្រៃ​នៅ​កម្ពុជា​។ បើតាម​លោក  Stuart Chapman មនុស្ស​ដែល​តម្រូវការ​សាច់សត្វ​ព្រៃ​ជា​កត្តា​នាំ​ឲ្យ​មាន​ការដាក់​អន្ទាក់​សត្វ​មានការ​កើនឡើង ហើយ​បង្ក​ឲ្យ​សត្វព្រៃ​ជាង​៧០០​ប្រភេទ នៅ​កម្ពុជា​បាត់បង់ និង​ផុត​ពូជ​ផងដែរ​។  លោក និយាយ​ដូច្នេះ​ថា​៖«​សត្វព្រៃ​អាច​បន្ត​រស់រាន​បាន លុះត្រាតែ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ចំពោះ​វិបត្តិ​អន្ទាក់​នេះ​»​។​
 
​លោក សេង ទៀក នាយក​អង្គការ WWF បាន​និយាយថា ការដាក់​អន្ទាក់​សត្វព្រៃ​នៅ​កម្ពុជា ក៏​ជា​កត្តា​ធ្វើ​ឲ្យ​បាត់បង់​នូវ​សត្វ​ខ្លាធំ​មួយចំនួន​ផងដែរ​។ បើតាម​លោក សេង ទៀក ការបាត់បង់​សត្វ​ខ្លា​នេះ ក៏​ជាការ​រួមចំណែក​កាត់បន្ថយ​ការបាត់បង់​នូវ​សត្វ​ទន្សោង ឈ្លូស ជ្រូកព្រៃ ខ្ទីង រមាំង និង​ប្រើស ដែលជា​ប្រភព​ចំណី​របស់​វា​ផងដែរ​។ 
 
​លោក សេង ទៀក បាន​រៀបរាប់ថា​៖«​អន្ទាក់​នៅតែ​ជា​ក្តីបារម្ភ​ចំពោះ​ការរស់រាន​របស់​សត្វ​ព្រៃ​។ ការដក​អន្ទាក់​ចេញពី​ព្រៃ​តែមួយ​មុខ នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​។ ការពង្រឹង​បទបញ្ញត្តិ​ច្បាប់ ការបង្កើន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​នីតិវិធី​តុលាការ និង​ការដាក់ទោសទណ្ឌ​ឲ្យ​ធ្ងន់ធ្ងរ​លើ​ជនល្មើស ដើម្បី​បញ្ចប់​ការធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ ជាពិសេស​ពពួកសត្វ​ក្រចកជើង​ចំ​ពាម ពពួក​បក្សី និង​ពពួក​ល្មូ​ន​»​។ 
 
​អង្គការ WWF អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​នាំគ្នា​អនុវត្ត​គោលការណ៍​«​សុខភាព​តែមួយ​» ដោយ​ផ្សារភ្ជាប់​សុខភាព​របស់​មនុស្ស សត្វ និង​បរិស្ថាន ដាក់បញ្ចូល​ទៅក្នុង​សេចក្តី​នានា​ផ្នែក​ធុរកិច្ច និង​ហរិញ្ញវត្ថុ ជាពិសេស​សេចក្តី​ពាក់ព័ន្ធ​នឹង​សុខភាព​ពិភពលោក​។​
 
​របាយការណ៍​ដដែល​បានបង្ហាញ​ថា​មាន​អន្ទាក់​សរុប​ចំនួន ២៣៤.២៩១ ត្រូវបាន​ដោះចេញ និង​ប្រមូល​ចេញពី​ក្នុង​តំបន់ការពារធម្មជាតិ​ចំនួន ៥ នៅក្នុង​ប្រទេស​កម្ពុជា ដែល​គិត​ចាប់ពី​ឆ្នាំ​២០១០ រហូតមកដល់​ឆ្នាំ ២០១៩​។ 
 
​របាយការណ៍​ដែល​ស្តីពី «​វិបត្តិ​នៃ​ការដាក់​អន្ទាក់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឬ Silence of the Snares: Southeast Asia’s Snaring Crisis» បាន​ប៉ាន់ប្រមាណ​ថា មាន​អន្ទាក់​ចំនួន​ប្រមាណ ១២,៣ លាន កំពុង​គំរាមកំហែង​ដល់​ការរស់រាន​របស់​សត្វ​ព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​៕ 
 
 

Tag:
 WWF
 ​អន្ទាក់​
 ​សត្វ​
 ​មេរោគ
© រក្សាសិទ្ធិដោយ thmeythmey.com