ជាតិ
លោក សុខ សំណាង កាក់កប​នឹង​ការចិញ្ចឹម​បង្កង​អូស្ដ្រាលី
13, Jul 2020 , 8:29 am        
រូបភាព
​សៀមរាប​៖ លោក សុខ សំណាង ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្តសៀមរាប បានចាប់ផ្តើម​សាកល្បង​ចិញ្ចឹម​បង្កង​អូស្ដ្រាលី នៅ​ចុងឆ្នាំ​២០១៩ ក្រោយពី​មើលឃើញ​វិស័យ​ទេសចរណ៍​ដែល​លោក​ពឹង​អាស្រ័យ​ផល​មិនសូវមាន​សញ្ញា​ល្អ​។ ក្រោយ​សាកល្បង​មួយរយៈ លោក សំណាង ចាប់ផ្តើម​ពង្រីក​ការចិញ្ចឹម​បង្កង​អូស្ដ្រាលី ហើយ​បច្ចុប្បន្ន​លោក​ក្លាយជា​គ្រូ​បង្គោល​បណ្ដុះបណ្ដាល​វគ្គ​សិក្សា​ខ្លី​ជំនាញ​ចិញ្ចឹម​បង្កង​នេះ​។ សម្រាប់​កសិករ​រូបនេះ ការចិញ្ចឹម​បង្កង​មាន​ភាពងាយស្រួល ហើយ​ជា​របរ​ដែល​ស្ងៀមស្ងាត់​តែ​រកចំណូលបាន​ខ្ពស់​។​

 
 
 
​ដ្បិតថា ការចិញ្ចឹម​បង្កង ហាក់​មានការ​ពេញនិយម នាពេល​បច្ចុប្បន្ន​បែបណា​ក្ដី តែ​របរ​នេះ មិនទាន់​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​នៅឡើយ​។ ពលរដ្ឋ​ខ្មែរ​មួយចំនួន ដែលមាន​ជីវភាព​សមរម្យ បាន​សាកល្បង​ចិញ្ចឹម​បង្កង​នេះ តែ​ជាការ​កម្សាន្ត លម្អ និង​ខ្លះទៀត ដើម្បី​ហូប​ក្នុង​គ្រួសារ ឬ​ចិញ្ចឹម​សម្រាប់​ចែកចាយ​មេ​ពូជ​តែប៉ុណ្ណោះ​។ 
 
​លោក សុខ សំណាង ដែលជា​អ្នក​ចិញ្ចឹម​បង្កង​អូស្ដ្រាលី​មួយរូប យល់ថា ពលរដ្ឋ​ខ្មែរ​គួរ​ចាប់អារម្មណ៍​របរ​មួយ​នេះ ដើម្បី​ផ្គត់ផ្គង់​បង្កង​សាច់ ដែល​កំពុងមាន​តម្រូវការ​ទីផ្សារ​។ លោក​យល់ថា របរ​នេះ​មាន​ភាពងាយស្រួល មិន​ចំណាយពេល​ច្រើន​ដើម្បី​ថែទាំ និង​មាន​ពេលវេលា​សម្រាប់​ធ្វើការ​អ្វី​ផ្សេង​។ ធ្លាប់​សិក្សា​ជំនាញការ​ចិញ្ចឹម​បង្កង​នៅ​ប្រទេស​អូស្ដ្រាលី លោក សំណាង ប្រាប់ថា ការចិញ្ចឹម​បង្កង​គឺ​ប្រើពេល​ច​ន្លោ​ង​ពី​៦​ខែ​ទៅ​៩​ខែ ឬ​លើសពីនេះ និង​អាចមាន​ទម្ងន់​ពី​៦០​ក្រាម ទៅ​ជាង​១០០​ក្រាម​។ ចំណែក​ចំណី​របស់​វា បង្កង​ស៊ី​ទាំង​សត្វ និង​រុក្ខជាតិ ដូចជា​កំប្លោក សា​រ៉ា​យ កញ្ឆែត ស្លឹក​រុក្ខជាតិ និង​ផ្លែឈើ​មួយចំនួន ដែល​អាច​រក​ជុំវិញ​ផ្ទះ​បាន​។ អ្នក​ចិញ្ចឹម​ក៏​អាច​ទិញ​ចំណី​ស្រាប់ ដែលមាន​លក់​លើ​ទីផ្សារ​បាន​ផងដែរ​។​
 
​តាម​ការសិក្សា​របស់លោក សំណាង មេ​បង្កង​មួយ​ក្បាល អាច​ញាស់​កូន​បាន​ពី​៣០០ ទៅ​៨០០​កូន តាម​មេ​តូច​មេ​ធំ​។ លោក​បន្ថែមថា កូន​បង្កង​ក្រោយ​ញាស់​រយៈពេល​ពី​៣ ទៅ​៦​សប្ដាហ៍ អាច​លក់​ជា​មេ​ពូជ​បាន ដែល​ទីផ្សារ​បច្ចុប្បន្ន មួយ​ក្បាល​តម្លៃ​ពី​១​ពាន់ ទៅ​២​ពាន់​រៀល​។​
 
​ដោយ​មើលឃើញថា បង្កង​អូស្ដ្រាលី មាន​តម្រូវ និង​ទីផ្សារ​ល្អ លោក សំណាង លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ខ្មែរ ងាក​មក​សាកល្បង​ចិញ្ចឹម ដែល​ជំហាន​ដំបូង​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​។ លោក​យល់ថា ការចិញ្ចឹម​បង្កង​សព្វថ្ងៃ ភាគច្រើន​ចិញ្ចឹម​ដើម្បី​ចែកចាយ​មេ​ពូជ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​តម្លៃ​បង្កង​ថ្លៃ​។ អ្នកជំនាញ​រូបនេះ លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ខ្មែរ ចិញ្ចឹម​បង្កង​ឱ្យ​កាន់តែច្រើន និង​ក្លាយជា​ទីផ្សារ​សាច់​ទូលំទូលាយ​ដូច​សាច់គោ សាច់ជ្រូក​ជាដើម ដើម្បីឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​មានលទ្ធភាព​ហូប​បង្កង ដូច​ត្រី​សាច់​ដទៃទៀត​ដែរ​៕
 
 

Tag:
 បង្កង​អូស្ដ្រាលី​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com