ជាតិ
​លោក សាយ សំ​អាល់​៖ ទេសចរ​ម្នា​ក់ចាយ​ជាង​៥៨​ដុល្លារ​ក្នុង​១​ថ្ងៃ​លើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​អភិរក្ស​
13, Jul 2020 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកទេសចរ​ម្នាក់ អាច​ចំណាយ​ប្រាក់​ចំនួន ៥៨,១៤​ដុល្លារ​ក្នុង​មួយថ្ងៃ ទៅលើ​ស្នាក់នៅ ហូបចុក និង​សេវាកម្ម​ផ្សេងៗ នៅក្នុង​តំបន់​អភិរក្ស នៃ​ប្រទេស​កម្ពុជា​។ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បញ្ជាក់​យ៉ាង​ដូច្នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

 
​លោក សាយ សំ​អាល់ សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ក្រសួងបរិស្ថាន បាន​រកឃើញថា ទេសចរ​ម្នាក់​អាច​ចំណាយ​ប្រមាណ​៥៨.១៤​ដុល្លារ​អាមេរិក ក្នុង​មួយថ្ងៃ ទៅលើ​ការធ្វើដំណើរ ហូបចុក ស្នាក់នៅ និង​ផ្សេងៗ នៅក្នុង​តំបន់​អភិរក្ស​។ ដូច្នេះ ទេសចរ​ជួយ​ច្រើន ទៅក្នុង​សេដ្ឋកិច្ច​មូលដ្ឋាន​»​។​
 
​មួយរយៈ​ចុងក្រោយ​នេះ តំបន់​ទេសចរណ៍​ជាច្រើន​ដែល​ស្ថិតនៅក្នុង​តំបន់​អភិរក្ស បាន​ទាក់ទាញ​ទេសចរណ៍​ក្នុងស្រុក​យ៉ាង​កុះករ ក្នុងនោះ​មាន​តំបន់​វាល​ធំ នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​,​ឧទ្យាន​ជាតិ​គិរី​រម្យ​,​ភ្នំ​ឱ​រ៉ា​ល់​ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា និង​ស្ថិតនៅក្នុង​ដែល​ជម្រក​សត្វព្រៃ​ឱ​រ៉ា​ល់ ភ្នំ​ខ្នង​ផ្សា និង​ភ្នំ​ទំព័រ​ជាដើម​។​


 
​លោក ឈឺ​ន ឈី​ម មគ្គុទ្ទេសក៍​នៅ​ភ្នំ​ឱ​រ៉ា​ល់ ប្រាប់​សារព័ត៌មាន Thmey Thmey 25 តាម​ទូរ​សព្ទ​ថា គិត​ត្រឹម​រយៈពេល​៦​ខែ នៃ​ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវទេសចរ​ប្រមាណ​៥,៥០០​នាក់ បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ដែល​ចំនួន​នេះ មានការ​កើនឡើង​ខ្លាំង បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ តាម លោក​ឈឺ​ន ឈី​ម កំណើន​ភ្ញៀវទេសចរ បាន​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ផ្ទាល់ តាមរយៈ​ការផ្ដល់​សេវាកម្ម​លក់​ចំណីអាហារ និង​តម្រូវការ​ផ្សេងៗ​ដល់​អ្នកទេសចរ​។​
 
​តំបន់​ខ្នង​ផ្សា ដែល​កំពុង​ទទួលបាន​ប្រជាប្រិយភាព​នេះ​វិញ ក៏មាន​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​ច្រើន​ដូចគ្នា ដោយ​គ្រាន់តែ​គិត​ត្រឹម​រយៈពេល​មួយខែ​ក្នុង​ខែមិថុនា​កន្លងទៅនេះ មាន​ភ្ញៀវទេសចរ​ចំនួន​១​ពាន់​នាក់​បាន​ទៅ​កម្សាន្ត​នៅ​ទីនោះ​។​


 
​នៅ​កម្ពុជា កំពុង​អភិរក្ស​តំបន់​៦៩​កន្លែង ដែលមាន​ផ្ទៃដី​ប្រមាណ​ជា ៧,៣​លាន​ហិកតា រួមមាន ឧទ្យាន​ជាតិ​,​ឧទ្យាន​ជាតិ​សមុទ្រ​, តំបន់ការពារទេសភាព​, ដែនជម្រកសត្វព្រៃ​,​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​,​តំបន់​បេតិកភណ្ឌ​ធម្មជាតិ និង​របៀង​ជីវៈចម្រុះ​ជាដើម​៕
 





 អាន​ព័ត៌មាន​បន្ថែម​៖ ThmeyThmey25 

© រក្សាសិទ្ធិដោយ thmeythmey.com