ជាតិ
សង្គមជាតិ
ក្រសួងមហាផ្ទៃ ដាក់​ទិសដៅ​បណ្តេញ​ជនអន្តោប្រវេសន៍ ដែល​ចូល​កម្ពុជា​ដោយ​ខុសច្បាប់​
12, Jul 2020 , 2:56 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
​ក្រសួងមហាផ្ទៃ បង្ហាញ​ឆន្ទៈ​ថា ជា​ទិសដៅ​ទៅមុខ ក្រសួង នឹង​បន្ត​យកចិត្តទុកដាក់​ដឹកនាំ​អង្គភាព​ជំនាញ​នៅក្រោម​ឱវាទ​របស់ខ្លួន ដើម្បី​គ្រប់គ្រង បង្ការ ទប់ស្កាត់ និង​បណ្តេញចេញ​ឲ្យ​ទាន់ពេលវេលា​ចំពោះ​ជនបរទេស ដែល​ជ្រៀតចូល​កម្ពុជា ដោយ​ខុស​ទៅនឹង​ច្បាប់​ស្តីពី​អន្តោ​ប្រវេស​ន៍​។

 
​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ ក្រ​សួ​មហាផ្ទៃ បានចេញសេចក្តីប្រកាសមួយ ស្តីពី​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា ហើយ​បានបង្ហាញ​ទិសដៅ​នេះ ឲ្យ​សាធារណជន​បានដឹង​។ តាមរយៈ​សេចក្តីប្រកាសនោះ ក្រសួងមហាផ្ទៃ រំលេច​ថា រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការគ្រប់គ្រង​ជនបរទេស​ជា​កិច្ច​អាទិភាព ដូច្នេះហើយ ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ក៏ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៩៤​។ 
 
​ក្រសួងមហាផ្ទៃ បន្តថា ផ្តើម​ពី​នោះមក រដ្ឋាភិបាល ដែលមាន​ក្រ​សួ​មហាផ្ទៃ ជា​សេនាធិការ បាន​យកចិត្តទុកដាក់​កសាង​បទដ្ឋាន​គតិយុត្ត​នានា និង​គ្រប់គ្រង​ការចេញចូល​របស់​ជន​បរទេស តាម​ច្រកទ្វារព្រំដែន និង​គ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ពួកគេ ក្នុងប្រទេស​កម្ពុជា​។ 
 
​ក្រសួងមហាផ្ទៃ សរសេរ​ក្នុង​លិខិត​នោះ​ដូច្នេះ​ថា​៖«​ដោយ​ពិនិត្យឃើញថា មិនអាច​ទុក​ឲ្យ​បញ្ហា​អន្តោប្រវេសន៍ បន្ត​ស្ថិតនៅ​ជា​គ្រោះ​ហានិភ័យ ចំពោះ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់ និង សុវត្ថិភាព​សង្គម ព្រមទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ចាប់ពី​ឆ្នាំ​២០១៤​មក ក្រសួងមហាផ្ទៃ បាន​សុំ​គោលការណ៍​និង​ទទួលបាន​ការគាំទ្រ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដោះស្រាយ​កិច្ចការ​នេះ​ប្រកបដោយ​ការប្តេជ្ញាចិត្ត​និង​ការទទួលខុសត្រូវ​ចំពោះ​ផលប្រយោជន៍​ជាតិ​»​។ 
 
​លទ្ធផល​នៃ​ការធ្វើជំរឿន ដែល​ផ្សព្វផ្សាយ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៩ បង្ហាញថា ជនអន្តោប្រវេសន៍​នៅ​ទូទាំងប្រទេស​កម្ពុជា  មាន​៨៩៧៨៦​នាក់ (១១​ជនជាតិ​) ដោយ​ក្នុងនោះ ស្ទើរតែ​ទាំងអស់ ជា​ជនជាតិ​វៀតណាម គឺមាន​ដល់​ទៅ​៨៩៤៧១​នាក់​។ ចំណែក ៣១៥​នាក់​ទៀត ជា​ជនជាតិ​ថៃ ឡាវ ចិន ភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ណេ​ប៉ាល់ បង់​ក្លា​ដេ​ស តង់​ហ្សា​នី និង អាល្លឺម៉ង់​៕ 

Tag:
 ជនអន្តោប្រវេសន៍​
© រក្សាសិទ្ធិដោយ thmeythmey.com