ជាតិ
បទសម្ភាសន៍
លោក ម៉ៃ វ​ឌ្ឍ​នា​៖ «​អ្នកនិពន្ធ​ពិតប្រាកដ ចាត់ទុក​ស្នាដៃ​របស់ខ្លួន ដូច​កូនបង្កើត​»
12, Jul 2020 , 5:10 pm        
រូបភាព
លោក ម៉ៃ វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកនិពន្ធខ្មែរ និង​ជាអ្នកនិពន្ធទំនុកច្រៀងបែបមនោសញ្ចេតនា
លោក ម៉ៃ វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកនិពន្ធខ្មែរ និង​ជាអ្នកនិពន្ធទំនុកច្រៀងបែបមនោសញ្ចេតនា
​ភ្នំពេញ​៖ អ្នកនិពន្ធ​ពិតប្រាកដ ចាត់ទុក​ស្នាដៃ​របស់ខ្លួន ដូចជា​កូនបង្កើត ដូច្នេះ​មុននឹង​ចេញ​ស្នាដៃ​អ្វីមួយ គេ​សម្រិតសម្រាំង​ខ្លាំងណាស់ ព្រោះ​គេ​ខ្លាច​វា​ជះឥទ្ធិពល​មិនល្អ​ដល់​សង្គម​។ សិល្បៈ​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គម ហេតុនេះ​អ្នកនិពន្ធ​មិនអាច​យក​សិល្បៈ ទៅធ្វើជា​គ្រឿង​បង្កជម្លោះ ឬ​និពន្ធ​បង្ហាញ​ពី​ខ្លឹមសារ​អសីលធម៌​ឡើយ​។ ទាំងនេះ​គឺជា​ការយល់ឃើញ​របស់ លោក ម៉ៃ វ​ឌ្ឍ​នា សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​។​


​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ លោក ម៉ៃ វ​ឌ្ឍ​នា ក៏​ជា​អ្នកនិពន្ធ​ទំនុកច្រៀង​បែប​មនោសញ្ចេតនា​មួយរូប​ផងដែរ​។ ជា​កវី​ដែលមាន​គោលជំហ និពន្ធ​ទំនុកច្រៀង ឆ្លុះបញ្ចាំង​ពី​ចរិត​បទ​ភ្លេងខ្មែរ ដោយ​ដើរ​តាម​គំរូ​អ្នកនិពន្ធ​បទ​ចម្រៀង​មរតក​ដើម លោក ម៉ៃ វ​ឌ្ឍ​នា បាន​សង្កេតឃើញថា អ្នកនិពន្ធ​បទ​ចម្រៀង​មួយចំនួន​ក្នុងពេល​បច្ចុប្បន្ន ហាក់​មិនបាន​គិតពី​ក្រមសីលធម៌​អ្នកនិពន្ធ​ឡើយ​។ 
 
​កវី​ម្ចាស់​បទ​«​ចាំ​បង​នៅ​ជើងភ្នំ​ខ្ពស់​»​រូបនេះ យល់ឃើញថា ដោយសារតែ​ភាព​ចង់​ល្បីល្បាញ អ្នកនិពន្ធ​ទំនុកច្រៀង​មួយចំនួន បែរជា​ប្រើពាក្យ​អាសគ្រាម អសុរោះ អសីលធម៌ បញ្ចូល​ក្នុង​បទ​ចម្រៀង​របស់ខ្លួន​ទៅវិញ​។ រីឯ​អ្នកនិពន្ធ​មួយចំនួន​តូច​ទៀត​នោះ ថែមទាំង​យក​សិល្បៈ​ចម្រៀង ធ្វើជា​ឧបករណ៍​បង្កជម្លោះ ជេរប្រមាថ​គ្នា ដោយ​បង្ហាញ​ពី​ភាពអវិជ្ជា​របស់ខ្លួន​។ 
 
​កន្លងមក មាន​បទ​ចម្រៀង​មួយចំនួន បាន​រង​មតិ​រិះគន់​ពី​មហាជន ដោយសារតែ​ការប្រើ​ពាក្យ​អសីលធម៌ ដោយ​មិនបាន​ផ្ដល់​សារ​អប់រំ​ដល់​សង្គម ដូចជា​បទ «​កណ្ដៀវ​អូន​.......» ដែល​អត្ថន័យ​បទ​នេះ បង្ហាញឱ្យឃើញ​នូវ​ខ្លឹមសារ​គន្លាស់ បង្កប់​អត្ថន័យ​អាសគ្រាម​។ អ្វីដែល​ធ្វើឱ្យ​មហាជន​ហួសចិត្ត​ខ្លាំង​នោះ គឺ​បទ​ដែល​បង្កប់ន័យ​ពុំប្រសើរ​បែបនេះ បែរជា​ស្ត្រី​អ្នកចម្រៀង ហ៊ាន​ច្រៀង ដោយ​មិនមាន​ការអៀនខ្មាស​ទៅវិញ​។  
 
​បទ​«​ទំនេរ​កោះ​អាចម៍ច្រមុះ​» ជា​បទ​បែប​កំប្លែង ដែល​អត្ថន័យ​បទ បង្ហាញ​ពី​ទម្លាប់​អវិជ្ជមាន​របស់​បុគ្គល​ម្នាក់​។ ជុំវិញ​បទ​ចម្រៀង​នេះ មហាជន​បាន​រិះគន់​ធ្ងន់ៗ​ទៅលើ​អ្នកនិពន្ធ ដែល​មិនបាន​ផ្ដល់​គំនិត​អភិវឌ្ឍន៍​ខ្លួន ដល់​មនុស្ស តែ​បែរជា​បង្ហាញ​គំរូ​មិនល្អ​ទៅវិញ​។ ជាង​នោះ​ទៅទៀត រូបភាព​វីដេអូ បាន​តម្រូវឱ្យ​អ្នកចម្រៀង ដែល​នៅ​ជា​ក្មេងស្រី​នៅឡើយ​នោះ ជក់បារី​ថែមទៀត​។ 
 
​បទ​«​ប៉ា​រូ​ពិឃាត​» គឺជា​ប្រភេទ​បទ​រ៉េ​ប ដែល​ប្រើពាក្យ​អសប្បុរស ពោរពេញ​ទៅដោយ​កំហឹង មិនមាន​ខ្លឹមសារ​អប់រំ តែ​បង្ហាញ​ពី​ជម្លោះ​រវាង​បុគ្គល​២​នាក់​។ បទ​ចម្រៀង​នេះ បានធ្វើ​ឱ្យគេ​យល់ឃើញថា សិល្បៈ​ចម្រៀង ត្រូវបាន​បុគ្គល​ដែល​ចេះ​សរសេរ​ទំនុកច្រៀង យកទៅ​ធ្វើជា​ឧបករណ៍​រំសាយកំហឹង ប្រើ​ពាក្យពេចន៍​ជេរប្រមាថ នាំឱ្យ​តម្លៃ​សិល្បៈ​ធ្លាក់ចុះ​។​
 
​នៅមាន​បទ​ចម្រៀង​ជាច្រើន​ទៀត បាន​ប្រើពាក្យ​អសីលធម៌​ធ្ងន់ធ្ងរ ដែល​អ្នកនិពន្ធ​មាន​វិជ្ជាជីវ​មិនបាន​សេពគប់​។ វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ បាន​ចាក់ឫស​យ៉ាងជ្រៅ ទៅក្នុង​ចិត្តគំនិត​របស់​ប្រជាជន ដូច្នេះ​ពួកគេ​មិនអាច​ទទួលយក​បានឡើយ នូវ​ការប្រើ​ភាសា​មិន​សមរម្យ ក្នុង​អត្ថន័យ​តែង​និពន្ធ​នានា​។​
 
​ការ​តែង​និពន្ធ​ទាំងឡាយណា ដែល​មិនបាន​ផ្ដល់​សារ​អប់រំ តែ​បែរជា​បង្ហាញឱ្យឃើញ​ពី​គំរូ​មិនល្អ ត្រូវបាន​លោក ម៉ៃ វ​ឌ្ឍ​នា ចាត់ទុកថា បុគ្គល​ទាំងនោះ កំពុងតែ​បាច​ជាតិពុល​បំផ្លាញ​សង្គម ហើយ​លោក​កំណត់ទុកក្នុង​ចិត្ត​ថា អ្នក​ទាំងនោះ មិនមែនជា​អ្នកនិពន្ធ​ពិត​ឡើយ​។ 
 
​កន្លងមក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ធ្លាប់បាន​ហៅ​បុគ្គល​មួយចំនួន ដែល​បាន​និពន្ធ​បទ​ចម្រៀង​មាន​ខ្លឹមសារ​មិន​សមរម្យ អាសគ្រាម និង​អសុរោះ ជាដើម ទៅ​អប់រំ​ណែនាំ​ជារឿយៗ​។ តែ​ទោះជា​យ៉ាងណា ការប្រព្រឹត្ត​ខុស​ដដែលៗ នៅតែមាន​ជា​បន្តបន្ទាប់ ចំពោះ​បុគ្គល​ផ្សេងទៀត​។ 
 
​អ្នកនិពន្ធ​ដែលមាន​នាម​ប៉ាកកា កវី​ជនបទ ម៉ៃ វ​ឌ្ឍ​នា ឱ្យ​តម្លៃ​អ្នកនិពន្ធ​ពិត​ទៅលើ ការ​តែង​និពន្ធ​ប្រកបដោយ​ឧ​ត្ត​ម​គតិ ចេះ​ថ្លឹងថ្លែង​អ្វី​ល្អ​អ្វី​មិនល្អ និង​ចាត់ទុក​ស្នាដៃ​របស់ខ្លួន​ដូច​កូនបង្កើត​។ 
 
​មានកូន​ប្រុស​៣​នាក់ បុរស​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង ជា​ទឹកដី​ពោរពេញ​ទៅដោយ​កវី​នោះ ពន្យល់​ដូច្នេះ​ថា​៖«​សួរ​ថាបើ​យើង​មានកូន យើង​ចង់ឱ្យ​កូន​របស់​យើង​ក្លាយជា​មនុស្ស​មិនល្អ​ទេ​? ចង់ឱ្យ​កូន​យើង​ជក់​គ្រឿងញៀន​ទេ​? ចង់ឱ្យ​កូន​យើង​ក្លាយជា​មនុស្ស ត្រូវបាន​សង្គម​ស្អប់ខ្ពើម​ទេ​? យើង​ប្រាកដជា​មិន​ចង់​ទេ​។ យើង​ប្រាកដជា​ខំ​អប់រំ​កូន​យើង​ឱ្យ​ដើរ​លើផ្លូវ​ល្អ ឱ្យ​ក្លាយជា​មនុស្ស​ផ្ដល់​ប្រយោជន៍​ជួយ​សង្គម​។ ស្នាដៃ​របស់​យើង​ដូចគ្នា បើ​យើង​និពន្ធ​បែបណា ដូច​បង្កើតកូន​បែប​នោះដែរ ព្រោះ​គេ​មើល​ស្នាដៃ​របស់​យើង គេ​នឹង​ធ្វើតាម ជាពិសេស​ជះឥទ្ធិពល​ដល់​ក្មេងៗ ដែល​មិនទាន់មាន​ការចេះ​គិត​វិភាគ​»​។ 
 
​ម្ចាស់​បទ “”​សុំ​ពឹង​អ្នក​ពាម​” រូបនេះ មិន​ភ្លេច​រំឭក​ពី​ភាពជា​គំរូ​របស់​អ្នកនិពន្ធ​ឡើយ ដោយ​លោក​ពន្យល់ថា អ្នកនិពន្ធ​ត្រូវតែមាន​សេរីភាព​ក្នុងការ​សរសេរ ប៉ុន្តែ​សេរីភាព​នោះ​ក៏​ត្រូវតែ​គិតពី​ប្រយោជន៍​សង្គម និង​ប្រជាជន​ដែរ​។​
 
​ទោះជា​យ៉ាងណា ប្រធាន​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ធ្លាប់បាន​លើកឡើងថា អ្នកនិពន្ធ​ទាំងអស់ គួរតែ​យក​ទេពកោសល្យ​របស់ខ្លួន ទៅ​បម្រើ​សិល្បៈ និង​វប្បធម៌​ជាតិ ឱ្យ​រីកចម្រើន ដោយ​ចៀសវាង​ការយកទៅ​បំផ្លាញ​វប្បធម៌​ដែលជា​មរតក​ដូនតា​។​
 
​យ៉ាងណាក៏ដោយ សម្រាប់​លោក ម៉ៃ វ​ឌ្ឍ​នា ដែលជា​កូន​ទី​២ ក្នុងចំណោម​បងប្អូន​៥​នាក់ ថា​ដើម្បីឱ្យ​អ្នកនិពន្ធ​កែប្រែ​ទម្លាប់​មិនល្អ​របស់ខ្លួន ទាល់តែ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសាមី ពង្រឹង​ច្បាប់​ពាក់ព័ន្ធ នឹង​ការ​តែង​និពន្ធ​ឱ្យមាន​ប្រសិទ្ធភាព​៕
 
 
 

Tag:
 ម៉ៃ វ​ឌ្ឍ​នា​
  ការនិពន្ធ​
  សិល្បៈ​
  អក្សរសិល្ប៍​
  ស្នាដៃ​
  ចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com