COVID-19
ជាតិ
មានករណីបន្លំយកប្រាក់ពលរដ្ឋក្រីក្រ ដែលទទួលបានពីការឧបត្ថម្ភរបស់រដ្ឋ
12, Jul 2020 , 6:20 pm        
រូបភាព
ក្រសួងមហាផ្ទៃ អះអាងថា ក្រោយរដ្ឋាភិបាល អនុវត្តកម្មវិធីឧបត្ថម្ភប្រាក់ដល់អ្នកក្រីក្រនិងជនងាយរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ-១៩ បានមួយរយៈខ្លីមក ស្រាប់តែមានភាពមិនប្រក្រតីមួយចំនួនកើតឡើងភ្លាម ដូចជា «ការយកកម្លៃសេវាពីប្រជាពលរដ្ឋ» ដែលទៅផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ និង «ការគប់គិតបន្លំដកយកថវិការរបស់ប្រជាពលរដ្ឋ» ដែលជាអ្នកទទួលផល ក្នុងកម្មវិធីជំនួយនេះ។



ក្រោយដឹងពីការកើតឡើងនូវភាពមិនប្រក្រតីនេះ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់លិខិតទៅគ្រប់អភិបាលរាជធានី-ខេត្ត ដើម្បីទប់ស្កាត់។ សម្តេច ប្រាប់អភិបាលរាជធានី-ខេត្ត ឲ្យណែនាំទៅរដ្ឋបាលឃុំ-សង្កាត់ ដើម្បីគោរព «ជាដាច់ខាត» នូវគោលការណ៍និងនីតិវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភប្រាក់ដល់អ្នកក្រីក្រនិងជនងាយរងគ្រោះ ក្នុងអំឡុងជំងឺកូវីដ-១៩។

រដ្ឋមន្រ្តីមហាផ្ទៃ ថែមទាំងបានប្រាប់អភិបាលរាជធានី-ខេត្ត ឲ្យក្រើនរម្លឹកទៅរដ្ឋបាលឃុំ-សង្កាត់ ឲ្យអនុវត្ត «ជាដាច់ខាត» នូវបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន មិនត្រូវដាក់បញ្ចូលសាច់ញាត់និងមិត្តភក្តិ ដែលមិនមែនជាគ្រួសារក្រីក្រនិងមិនមែនជាជនងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ  មិនត្រូវគិតកម្លៃសេវាពីប្រជាពលរដ្ឋ និង មិនត្រូវដកថវិកា សម្រាប់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ ក្នុងកម្មវិធីជំនួយនេះ។

អត្ថបទទាក់ទង


លើសពីនេះ សម្តេចរដ្ឋមន្រ្តី បញ្ជាឲ្យរដ្ឋបាលរាជធានី-ខេត្ត រួមទាំងរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ តាមដាន ត្រួតពិនិត្យ និង ជំរុញទៅរដ្ឋបាលឃុំ-សង្កាត់ អនុវត្តកម្មវិធីឧបត្ថម្ភប្រាក់ដល់អ្នកក្រីក្រនិងជនងាយរងគ្រោះ ដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព។

តាមរយៈលិខិតរបស់ខ្លួន សម្តេច សង្កត់ធ្ងន់ជាមួយអភិបាលរាជធានី-ខេត្ត យ៉ាងដូច្នេះថា៖«រដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការឲ្យបានម៉ឺងមាត់ចំពោះមន្រ្តីឃុំ-សង្កាត់ណា ដែលបានអនុវត្តមិនប្រក្រតីណាមួយក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ»៕

Tag:
 COVID-19
  អ្នកក្រីក្រ
  ជំនួយរដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com