ជាតិ
លោក សេង មឿ​ន ចាត់ទុក​ការងារ​ថែរក្សា​សម្បត្តិ​ជាតិ ជា​បេសកកម្ម​ពិសេស​នៃ​ជីវិត
13, Jul 2020 , 10:46 am        
រូបភាព
​កំពង់ធំ​៖ អស់​រយៈពេល​៣០​ឆ្នាំ​មកហើយ ដែល​លោក សេង មឿ​ន បានរួម​ចំណែក​ការពារ និង​អភិរក្ស​សម្បត្តិ​វប្បធម៌  ប្រវត្តិសាស្ត្រ និង​សម្បត្តិ​ធម្មជាតិ​នានា នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុក តាំងពី​សតវត្ស​ទី​៧(​ឆ្នាំ​៦១៦) មក ។ ការងារ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​នេះ មិន​ថា​ជា​ការងារ​តូចក្តី​ឬ​ធំក្តី និង​ពិបាក​ក្តី​នោះទេ ត្រូវបាន​លោក សេង មឿ​ន ចាត់ទុកថា ជា​បេសកកម្ម​នៃ​ជីវិត ក្នុង​ការបម្រើ​ផលប្រយោជន៍​ជូន​ជាតិ​មាតុភូមិ​។​

 
​ស្ថិតនៅក្នុង​ឯកសណ្ឋាន​ពណ៌​ត្រាវ​នៃ​មន្ត្រី​នាយផ្នែក​នគរបាល​ទេសចរណ៍ នៅ​ប្រាសាទសំបូរព្រៃគុក លោក មឿ​ន ដែលមាន​សំឡេង​ស្អកៗ​ពី​កំណើត​កំពុង​ឈរ​រៀបរាប់​អំពី​ប្រាសាទ​សំខាន់ៗ​ទាំង​យកចិត្តទុកដាក់ ទៅកាន់​ភ្ញៀវទេសចរ​មួយក្រុម មាន​គ្នា​ប្រហែល​៣០​នាក់​មកពី​រាជធានី​ភ្នំពេញ ដែល​ឆ្លៀត​ចូល​តំបន់​បេតិកភណ្ឌ​ពិភពលោក​នេះ ដើម្បី​ស្វែងយល់​បន្ថែម​ពី​ប្រវត្តិ​ប្រាសាទ​នីមួយៗ ។ ជាពិសេស​ផ្តិត​យក​រូបភាព​ស្អាតៗ និង​ស្រស់ត្រកាល​អម​ទៅដោយ​នឹង​តួ​ប្រាសាទ និង​ដើម​ធំៗ​ដែលមាន​អាយុ​រាប់រយឆ្នាំ​។ 
 
​ថ្វី​ដ្បិត​មាន​សំឡេង​ស្អក​បន្តិច​ក៏​មែន ប៉ុន្តែ​បុរស​សម្បុរ​ស្រអែម ដែលមាន​សក់រួញ​បន្តិច​រូបនេះ ដើរ​បណ្តើរ និយាយ​ពន្យល់​រៀបរាប់​បណ្តើរ​ទៅកាន់​ភ្ញៀវទេសចរ​អំពី​ប្រវត្តិ​រចនាបទ​ប្រាសាទ​នីមួយៗ ក្រោម​កម្តៅថ្ងៃ​បាំង​ជិត​ដោយ​មែកឈើ​ធំៗ ហាក់ដូចជា​គ្មាន​ភាព​នឿយហត់​ឡើយ​។ ទឹកមុខ​មន្ត្រី​នាយផ្នែក​នគរបាល​ទេសចរណ៍​រូបនេះ ពោរពេញ​ទៅដោយ​ស្នាមញញឹម រាក់ទាក់ និង​ភាពកក់ក្តៅ​ដល់​ក្រុម​ភ្ញៀវទេសចរ​ទាំងនោះ​។ 
 
​បន្ទាប់ពី​ចប់​ភារៈកិច្ច​ជាមួយ​ភ្ញៀវទេសចរ​មួយក្រុម​នោះ លោក មឿ​ន បាន​ចំណាយពេល​ប្រហែល​១៥​នាទី​ជាមួយ អ្នកសារព័ត៌មាន​ថ្មីៗ​(ThmeyThmey)  ដើម្បី​រៀបរាប់​រឿងរ៉ាវ​ពី​ជីវិត​របស់ខ្លួន​ដែល​បានរស់នៅ និង​បម្រើ​ការងារ​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុករ​ហូ​តដល់​បច្ចុប្បន្ននេះ​។  ក្រោយ​រដ្ឋាភិបាល​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ពល ពត បាន​រយៈពេល​ជាង​១០​ឆ្នាំ​មក ពោលគឺ​នៅក្នុង​ឆ្នាំ​១៩៨៦ លោក មឿ​ន បានមក​រស់នៅ និង​កាន់​ការងារ​ជា​មន្ត្រីនគរបាល​នៅ​ស្រុកកំណើត​វិញ នៅ​ភូមិ​សម្បូរ ឃុំ​សម្បូរ ស្រុក​សម្បូរ ខេត្តកំពង់ធំ នៃ​ដែន​តំបន់​ប្រាសាទសំបូរព្រៃគុក​សព្វ​ថ្ងៃ​។ 


ប្រាសាទយាយព័ន្ធ ស្ថិតក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។
 
​បើតាម​បុរស​វ័យ​៥៣​ឆ្នាំ​រូបនេះ ក្រោយ​របប​ខ្មែរក្រហម​បាន​ដួល​រំលំ​ក្នុង​ឆ្នាំ​១៩៧៩​មក នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក​នេះ មាន​កើតឡើង​នូវ​សង្គ្រាម​ជា​បន្តបន្ទាប់​ទៀត រវាង​ភាគី​ខ្មែរក្រហម​ដែល​រត់គេចខ្លួន ភាគី​កងទ័ព​វៀតណាម ភាគី​រដ្ឋ​កម្ពុជា ភាគី​កងទ័ព​ប៉ា​រ៉ា​ជាដើម ដែល​ធ្វើឱ្យ​សម្បត្តិ​វប្បធម៌ ប្រពៃណី និង​ប្រវត្តិសាស្ត្រ ដែល​បន្សល់​ពី​បុព្វបុរស​ខ្មែរ រង​ការបំផ្លិចបំផ្លាញ​ជាច្រើន​។ ទន្ទឹមនឹង​គ្នា​នេះ សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ ការទន្ទ្រាន​ដី​សម្រាប់​តាំងទី​លំនៅ ធ្វើ​ចម្ការ ចិញ្ចឹម ពី​សំណាក់​ប្រជាពលរដ្ឋ​បានកើត​ឡើងជា​ហូរហែរ​ផងដែរ​។ 
 
​ដោយ​មើលឃើញ​ពី​ការបំផ្លិចបំផ្លាញ​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ ដោយសារតែ​សង្គ្រាម​នា​សម័យ​នោះ  ធ្វើឱ្យ​លោក មឿ​ន មាន​ទឹកចិត្ត​សោកស្តាយ និង​មាន​ឆន្ទៈ​ក្នុងការ​ថែរក្សា​និង​លើកស្ទួយ​នូវ​វប្បធម៌ អរិយធម៌ ប្រពៃណី​និង​ទំ​នៀម​ទម្លាប់ របស់​បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុក​នោះ ឱ្យ​កូនចៅ​គ្រប់​ជំនាន់​បាន​ស្គាល់ បានដឹង និង​បាន​យល់​។ 
 
«​ទិដ្ឋភាព​បំផ្លាញ​ទីសក្ការៈ​គោរពបូជា និង​ទីកន្លែង​ផ្សេងៗ​នៅតាម​ប្រាសាទ​នីមួយៗ​នៅ​ចំពោះមុខ បានធ្វើឱ្យ​ខ្ញុំ​នឹង​ស្រមៃ និង​មាន​ឆន្ទៈ​ក្នុង​ចិត្ត ចង់​រួមចំណែក​ក្នុងការ​ថែរក្សា និង​ស្តារ​មុខមាត់​នូវ​អ្វី​ជា​កេរ្តិ៍ដំណែល​ដែល​បុព្វបុរស​ខ្មែរ​យើង បាន​បន្សល់ទុក​ឱ្យបាន​ល្អ​ឡើងវិញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សេង មឿ​ន ក្នុង​ទឹកមុខ​ពោរពេញ​ទៅដោយ​ក្តីសង្ឃឹម និង​ក្តី​ស្រលាញ់ ។​
​លោក​បាន​បន្ត​រៀបរាប់​ដោយ​សំឡេង​មួយៗ និង​សង្កត់​ពាក្យពេជន៍​ធ្ងន់ៗ​យ៉ាង​ដូច្នេះ​៖«  អ្វី​ដែលជា​កេរ្តិ៍ដំណែល​ពី​ដូនតា​របស់​យើង​, យើង​ត្រូវ​ជួយ​គាស់​រំលើង និង​ស្តារឡើងវិញ ទោះបី​វា​រង​ការខូចខាត ឬ​ទ្រុឌ​ទ្រាម​យ៉ាងម៉េច​ក៏ដោយ ក៏​យើង​ខំ​កែលំអរ​ឱ្យ​ស្អាត​ឡើងវិញ ដើម្បី​ភ្ញៀវទេសចរ​អន្តរជាតិ​ចូល​ទស្សនា​ឱ្យបាន​ច្រើន​នូវ​អ្វី​ដែលជា​របស់​ខ្មែរ​»​។ 
 
​ទន្ទឹមនឹង​ការការពារ ការអភិរក្ស អភិវឌ្ឍ​នូវ​អ្វីដែល​មាននៅ​ក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក​នេះ លោក មឿ​ន  ក៏បាន​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​ប្រវត្តិសាស្ត្រ និង​វប្បធម៌​នេះ​ផ្ទាល់ ឱ្យ​ចូលរួម​កែលម្អ​បរិស្ថាន និង​ចូលរួម​ថែរក្សា​ជីវៈចម្រុះ ដូចជា​សត្វព្រៃ និង​ព្រៃឈើ​ជាដើម​។ បើតាម​លោក សេង មឿ​ន ការចុះ​ណែនាំ​ដល់​ពលរដ្ឋ​នេះ មិន​ថា​ចុះទៅ​ទីកន្លែង​ពលរដ្ឋ​កំពុង​កាប់​ព្រៃឈើ​ផ្ទាល់​ក្តី ចុះ​ណែនាំ​ពលរដ្ឋ​នៅតាម​ផ្ទះ​នីមួយៗ​ក្តី​នោះទេ វា​សុទ្ធតែ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ បុរស​រូបនេះ​តែងតែ​ប្រឈម​នឹង​ការរង​គ្រោះ​ដល់​ជីវិត​ជាច្រើនលើក​ជាច្រើន​សារ ដោយសារតែ​ប្រជាពលរដ្ឋ​ខ្លះ មិន​យល់​ពី​បំណង​ណែនាំ​របស់លោក ហើយ​ថែមទាំង​យក​កាំភ្លើង​ដេញ​បាញ់ និង​កាំបិត​ដេញ​កាប់​ជាដើម​។ 
 
​ថ្វី​ដ្បិត​មានការ​គំរាមកំហែង​ពី​សំណាក់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក៏ពិតមែន ប៉ុន្តែ​លោក មឿ​ន មិនដែល​មានចិត្ត​គំនិត​បង់​បោះ​ការងារ​នៅ​តំបន់​ឦសាន​បុ​រៈ​នេះ ចោល​ម្តងណា​ឡើយ​។ ផ្ទុយទៅវិញ​គឺមាន​តែ​ជំរុញ​ឆន្ទៈ​លោក មឿ​ន ឱ្យ​ស្រលាញ់​នូវ​សម្បត្តិ​ធន​ធម្មជាតិ និង​សម្បត្តិ​វប្បធម៌​នៅ​តំបន់​នេះ ស្មើនឹង​ជីវិត ដោយ​សុខចិត្ត​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន ដើម្បី​រក្សា​កេរ្តិ៍ដំណែល​បុព្វបុរស​ខ្មែរ ។ លើសពីនេះទៅទៀត លោក​បានចាត់ទុក​ការងារ​នៅ​តំបន់​បេតិកភណ្ឌ​ពិភពលោក​នេះ ជា​បេសកកម្ម​នៃ​ជីវិត​ការងារ​របស់ខ្លួន ក្នុង​ការបម្រើ​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ​។ 


លោក សេង មឿន មន្ត្រី​នាយផ្នែក​នគរបាល​ទេសចរណ៍ កំពុង​ដឹកនាំ​ភ្ញៀវទេសចរ​ណ៌​មេីល​ប្រាសាទ​នានា ក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក​។​​
 
​តំបន់​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៨ កក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ក្រា​ខូវ សាធារណរដ្ឋ​ប៉ូឡូញ​។ តំបន់​ប្រាសាទ​នេះ ផ្ទៃដី​៣,០០០​ហិកតា ដែលមាន​ប្រាសាទ​រហូតដល់​២៩៣​។​
 
​សម្រាប់​លោក មឿ​ន ការងារ​ជាម​ន្ត្រី​នាយផ្នែក​នគរបាល​ទេសចរណ៍ មិន​ត្រឹម​មាន​តួនាទី​ការពារ​សម្បត្តិ​វប្បធម៌ សម្បត្តិ​ធនធានធម្មជាតិ និង​រក្សា​សណ្តាប់​ធ្លាប់​នោះទេ ប៉ុន្តែ​ក៏ត្រូវ​ចង្អុលបង្ហាញ​នូវ​តំបន់ ឬ​ទីតាំង​ប្រវត្តិសាស្ត្រ ទីតាំង​បុរាណ និង​ទីតាំង​ផ្សេងៗ​ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច ទៅកាន់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើម្បីឱ្យ​ពួកគេ​បាន​យល់ បានដឹង​ទៀតផង​។​
 
​លោក មឿ​ន និយាយថា​៖« ការងារ​ជាម​ន្ត្រី​នាយផ្នែក​នគរបាល​ទេសចរណ៍​នេះ គឺ​មិន​ត្រឹម​ធ្វើ​ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ប្រចាំខែ​នោះទេ តែ​ខ្ញុំ​ធ្វើឡើង​ដោយ​ឆន្ទៈ​មាននៅ​ក្នុង​ខ្លួន​សម្រាប់​បម្រើ​ផលប្រយោជន៍​ជាតិ​។ ភ្ញៀវ​ដែល​មកដល់​កន្លែង​[​តំបន់​សំបូរ​ព្រៃ​គុក​]​យើង គឺ​យើង​ព្យាយាម​ធ្វើយ៉ាងណា​កុំឱ្យ​ពួកគាត់​អន់ចិត្ត​នឹង​យើង ដោយ​យើង​មាន​ឆន្ទៈ​ចង្អុលបង្ហាញ​ឬ​រៀបរាប់​ពីមួយ​អ្វី​ទៅកាន់​ពួក​ដោយ​ស្មោះត្រង់  គ្មាន​ពាក្យ​គំហុក និង​លាក់លៀម​អ្វី​ឡើយ​។ បើ​ពួកគាត់​ចង់ទៅ​ទីណា ឬ​ស្គាល់​ទីណា យើង​នឹង​ជូន​គាត់​ឱ្យដល់​គោលដៅ​ទៅតាម​ដែន​សមត្ថកិច្ច​របស់​យើង​»​។ 


លោក សេង មឿន ថតរូបជាមួយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រោមដើមឈើដ៏ធំ ក្នុងបរិវេណនៃប្រាសាទសំបូរព្រៃគុក។
 
​ភាពស្មោះត្រង់ និង​ឆន្ទៈ​ក្នុងការ​ចូលរួម​ការពា​រ​តំបន់​ប្រាសាទព្រៃគុក​នេះ បានធ្វើឱ្យ​បុរស​ដែលមាន​កម្រិតសិក្សា​ត្រឹម​ថ្នាក់​ទី​៧​រូបនេះ មានឱកាស​ចែករំលែក​ពិសោធន៍​ការងារ​ជា​មន្ត្រីនគរបាល​ទេសចរណ៍ នៅតាម​តំបន់​ទេសចរណ៍​បែប​ប្រវត្តិ​ស​សាស្ត្រ និង​វប្បធម៌​នានា  និង​ទទួលបាន​ឱកាស​សិក្សា​រៀនសូត្រ​បន្ថែម​នៃ​ការបណ្តុះបណ្តាល​នូវ​ជំនាញ​ជីវៈ​ជា​បន្ត​បន្ទាប់ពី​ក្រសួង​វប្បធម៌ និង​ភាគី​ពាក់ព័ន្ធ​ន​ជា​បន្តបន្ទាប់ ដើម្បី​ពង្រីក​សមត្ថភាព​ក្នុងការ​បំពេញការងារ ជា​មន្ត្រីនគរបាល​ទេសចរណ៍​ដ៏​ល្អ​មួយរូប​នាបច្ចុប្បន្ន​នេះ ៕

Tag:
 ប្រាសាទសំបូរព្រៃគុក​
  លោក សេង មឿ​ន​
  កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com