Leicester City ភ្លាត់ស្នៀតចាញ់ AFC Bournemouth ដល់ទៅ ៤-១ ក្នុងការប្រកួតក្របខណ្ឌ Premier League នៅយប់ថ្ងៃទី១២ ខែកក្កដា។ បរាជ័យក្នុងជំនួបសំខាន់នេះ ធ្វើឲ្យក្រុមរហស្សនាមកញ្ជ្រោងប្រឈមខ្លាំងនឹងការខ្ទាតចេញពីតំបន់ Top 4 សម្រាប់កៅអី Champions League រដូវកាលក្រោយ ប៉ុន្តែជាការបើកផ្លូវសម្រាប់ក្រុមគូប្រជែង Manchester United វិញ។
នាការប្រកួតលីគកំពូលអង់គេ្លសសប្តាហ៍ទី៣៥ ក្រុមភ្ញៀវ Leicester បានបើកការនាំមុខមុនទៅហើយដោយខ្សែប្រយុទ្ធឆ្នើម Jamie Vardy នៅនាទី២៣នៃវគ្គទី១។ យ៉ាងណាក៏ដោយ ចូលមកដល់វគ្គទី២ ក្រុមម្ចាស់ផ្ទះ Bournemouth ដែលត្រូវការឈ្នះជាចាំបាច់ដើម្បីគេចផុតពីតំបន់ត្រូវកាត់ចោល អាចវាយបកបានដល់ទៅ៤គ្រាប់វិញ ដោយសម្រេចបានពីសំណាក់កីឡាករ Junior Stanislas (៦៦), Dominic Solanke (៦៧, ៨៧), Jonny Evans (ចូលទីខ្លួនឯងនៅនាទី៨៣)។
បរាជ័យនេះ បានធ្វើឲ្យក្រុមដែលមាន លោក Brendan Rodgers ជាអ្នកចាត់ការទូទៅមានភាគរយខ្ពស់ត្រូវធ្លាក់ទៅចំណាត់ថ្នាក់ទី៥វិញ ប្រសិនបើក្រុមគូប្រជែង Manchester Untied ឈ្នះក្នុងការប្រកួតលើកទី៣៥របស់ពួកគេ នៅរាត្រីថ្ងៃទី១៣ ខែកក្កដានេះ។ បើ Man Utd ពិតជាអាចទទួលបាន ៣ពិន្ទុពី Southampton មែន មិនត្រឹមតែ Leicester ឡើយ សូម្បីតែ Chelsea ដែលរងភាពអាម៉ាសក្រោយចាញ់ Sheffield United ៣-០ ក៏កាន់តែបារម្ភខ្លាំងសម្រាប់ការប្រជែងកៅអីលេងនៅក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយផងដែរ។
ឆ្លងកាត់ការប្រកួត៣៥លើក ក្រុមតោខៀវក្រោមការដឹកនាំរបស់លោក Frank Lampard រកបាន៦០ពិន្ទុ ឈរនៅលេខរៀងទី៣បណ្តោះអាសន្នក្នុងតារាងលីគកំពូលអង់គ្លេស តាមពីក្រោយដោយ Leicester ដែលមាន ៥៩ពិន្ទុ ខណៈ Man Utd ដែលនៅចំណាត់ថ្នាក់ទី៥ មាន៥៨ពិន្ទុ នៅសល់មួយប្រកួតក្នុងដៃ។
ដោយឡែក Wolverhampton Wanderers និង Sheffield United ដែលទទួលបានជ័យជម្នះរៀងខ្លួនក្នុងជំនួបសប្តាហ៍ទី៣៥ ក៏កំពុងចូលរួមប្រជែងយកកៅអី Champions League នេះដែរ។ Wolves ដែលឈ្នះ Everton ៣-០ កើនដល់៥៨ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី៦ រីឯ Sheffield United ដែលឈ្នះ Chelsea ៣-០ ឈលេខរៀងទី៧ មាន៥៤ពិន្ទុ។
សម្រាប់ Bournemouth វិញ ទោះរកបាន៣ពិន្ទុបន្ថែម តែពួកគេនៅមិនទាន់គេចផុតពីតំបន់ត្រូវកាត់ចោលនៅឡើយទេ ដ្បិតនៅចាញ់ពិន្ទុក្រុមនៅតំបន់សុវត្ថិភាព Watford និង West Ham ចំនួន៣ពិន្ទុទៀត។ យ៉ាងណាក៏ដោយ ជ័យជម្នះនេះ បានធ្វើឲ្យពួកគេនៅមានឱកាសច្រើនដើម្បីប្រជែងកៅអីដើម្បីលេងក្នុងក្របខណ្ឌកំពូលអង់គ្លេសរដូវកាលក្រោយទៀត។
មិនខុសពី Bournemouth ដែរ ក្រុម Aston Villa ដែលរកបាន៣ពិន្ទុបន្ថែមពីការឈ្នះ Crystal Palace ២-០ ក៏នៅតែអាចប្រជែងយកតំបន់សុវត្ថិភាពផងដែរ ខណៈ Norwich City បានធ្លាក់ទៅលីគទីពីរដោយស្វ័យប្រវត្តិទៅហើយបើទោះនៅសល់៣ប្រកួតទៀត។
Bournemouth ឈរនៅលេខរៀងទី១៨ មាន៣១ពិន្ទុ លើស Aston Villa ដែលនៅចំណាត់ថ្នាក់ទី១៩ ចំនួន១ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៣៥លើករួចមក។ ៣ប្រកួតចុងក្រោយមានក្រុមចំនួន៥ប៉ុណ្ណោះដែលត្រូវប្រជែងគ្នាដើម្បីបន្តលេងនៅ Premier League រដូវកាលក្រោយដែលរួមមាន Brighton, West Ham, Watford, Bournemouth និង Aston Villa៕