ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? ចេះតែ​ឆាប់​ខឹង​មួរ​ម៉ៅ អាចមកពី​មូលហេតុ​ទាំងនេះ​
13, Jul 2020 , 6:59 pm        
រូបភាព
​ការ​ឆាប់​ខឹង​មួរ​ម៉ៅ​អាច​បណ្ដាលមកពី​កត្តា​ស្មាន​មិន​ដល់​មួយចំនួន​។ អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ទូទៅ​បំផុត​នៃ​បញ្ហា​ឆាប់​ខឹង​មួរ​ម៉ៅ ៖

 
១. គេង​មិន​គ្រប់​
 
​ការ​គេង​មិន​ឆ្អែត ឬ​គ្រប់គ្រាន់​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​អស់កម្លាំង​និង​ងងុយគេង​ពេញ​មួយថ្ងៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កត្តា​ចម្បង​ដែល​បង្កបញ្ហា​អារម្មណ៍​មួរ​ម៉ៅ​ឆាប់​ខឹង​ខុសធម្មតា​ផងដែរ​។ ធ្លាប់​ដឹង​ទេ​ថា​អារម្មណ៍​របស់​អ្នកមាន​ទំនាក់ទំនង​ផ្សារភ្ជាប់​យ៉ាង​ជិតស្និត​នឹង​ទម្លាប់​នៃ​ការ​គេង​? ប្រសិនបើ​អ្នក​គេង​មិនបាន​ស្កប់​គ្រប់គ្រាន់​ទេនោះ អ្នក​ប្រាកដជា​ងាយ​នឹង​ឆាប់​ខឹង​ឬ​មាន​អារម្មណ៍មិនល្អ​។​
 
២. ទម្លាប់​ទទួលទាន​អាហារ​មិនល្អ​
 
​ការទទួល​ទាន​របប​អាហារ​ដែលមាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​និង​ស្ករ​ច្រើនពេក​ក៏​ជះ​ផលប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​គួរឱ្យកត់សម្គាល់​។ នៅពេល​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ស្រាប់តែ​ធ្លាក់ចុះ​ភ្លាម​ក្រោយពេល​ទើបនឹង​ឡើង​ខ្ពស់​ខ្លាំង​នោះ​អ្នក​អារម្មណ៍​របស់​អ្នក​ប្រាកដជា​ប្រែ​ពី​ល្អ​ទៅជា​ឆាប់​ខឹង​មួរ​ម៉ៅ​មិនខានឡើយ​។​
 
៣. ទទួលទាន​កាហ្វេ​ច្រើនពេក​
 
​ភាគច្រើន​នៃ​ពួកយើង​មាន​ទម្លាប់​ទទួលទាន​កាហ្វេ​ដើម្បី​បង្កើន​ថាមពល​និង​ស្វាង​ងងុយ​។ ទោះជា​យ៉ាងណាក៏ដោយ​កាហ្វេ​អ៊ី​ន​ច្រើនពេក​ក្នុង​ឈាម​មិន​ត្រឹមតែ​បណ្ដាលឱ្យ​បេះដូង​លោត​ញាប់ ឈឺក្បាល ញ័រ​ដៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជះឥទ្ធិពល​ដល់​អារម្មណ៍​ផងដែរ​។ ជា​លទ្ធផល​អ្នកនឹង​ឆាប់​ខឹង​មួរ​ម៉ៅ​។​
 
៤. ការជក់បារី​
 
​ទម្លាប់​នៃ​ការជក់បារី​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​សុខភាព​រាងកាយ រួមទាំង​អារម្មណ៍​ទៀតផង​។​
 
៥. ស្ត្រេ​ស​ពេក​
 
​គ្មាន​នរណាម្នាក់​ដែល​កំពុង​ស្ត្រេ​ស​ខ្លាំង​ហើយ​អាចមាន​អារម្មណ៍​ល្អប្រសើរ​ឡើយ​។ ក្រៅពី​ជះឥទ្ធិពល​ដល់​អារម្មណ៍ ស្ត្រេ​ស​ក៏​មិនល្អ​ចំពោះ​សុខភាព​រាងកាយ​ដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ស្វែងរក​វិធី​គ្រប់គ្រង​ភាព​តានតឹង​ក្នុង​អារម្មណ៍​។​
 
៦. ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ពេក​
 
​មួយ​ក្នុងចំណោម​រោគសញ្ញា​ផ្សេងទៀត​នៃ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ពេក គឺ​ការប្រែប្រួល​នៃ​អារម្មណ៍​ដែល​ឆាប់​ខឹង​មួរ​ម៉ៅ​។ ទោះជា​យ៉ាងណា​វា​អម​មកជា​មួយ​អាកា​រៈ​ផ្សេងទៀត​រួមមាន​បែកញើស​ខ្លាំង ខ្សោយ ឃ្លាន ចង្អោរ​ចង់​ក្អួត និង​មើល​លែង​សូវ​ច្បាស់​ជាដើម​។​
 
៧. ថប់​បារម្ភ​
 
​គ្រប់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា​អ្នក​ដែលមាន​បញ្ហា​ថប់​បារម្ភ​ងាយ​នឹង​ភ័យព្រួយ​អំពី​រឿង​ផ្សេងៗ​ជាច្រើន​។ ទោះជា​យ៉ាងណា​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹងថា​ការ​មាន​អារម្មណ៍​ឆាប់​ខឹង​មួរ​ម៉ៅ​ក៏​ជា​អាកា​រៈ​នៃ​បញ្ហា​ថប់​បារម្ភ​ផងដែរ​។​
 
៨. រោគសញ្ញា​មុនពេល​មក​រដូវ​
 
​នរណា​ទៅ​ដែល​នៅតែមាន​អារម្មណ៍ល្អ​ពេល​កំពុង​ឈឺ​ចុក​ក្នុង​ពោះ ឈឺក្បាល ហើម​ព​ឡ ឡើង​មុន​និង​ឃ្លាន​អាហារ​ខុសប្លែក​នោះ​? ម្យ៉ាងវិញទៀត​ការ​មក​រដូវ​ក៏​បណ្ដាលឱ្យ​អ័រម៉ូន​ប្រែប្រួល​ជះឥទ្ធិពល​ដល់​អារម្មណ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com