រថយន្ត
អន្តរជាតិ
ដើម្បី​ងាយស្រួល​សម្រាប់​អ្នកបើកបរ Google Maps នឹងដាក់​ទីតាំង​ភ្លើង​ចរាចរណ៍​លើ GPS
13, Jul 2020 , 8:39 pm        
រូបភាព
ដោយ: ធីតា
​សម្រាប់​អ្នកបើកបរ​រាប់លាន​នាក់​នៅលើ​ពិភពលោក ប្រព័ន្ធ GPS ក្លាយជា​មគ្គទេសក៍​ដែល​មិនអាច​ខ្វះ​បាន​នា​សម័យកាល​បច្ចុប្បន្ន ជាពិសេស​សម្រាប់​អ្នក​ដែល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​នឹង​ឆ្លងកាត់​ទីតាំង​នានា​ជា​លើកដំបូង​។ យោងតាម​ការផ្សាយ​រប​ស់ Tech Xplore ក្រុមហ៊ុន Google កំពុង​សាកល្បង​កម្មវិធី​ថ្មី​មួយ​បន្ថែមទៀត ដើម្បី​ផ្តល់​ភាពងាយស្រួល​សម្រាប់​អ្នកបើកបរ ដែល​នោះ​គឺ ទីតាំង​ភ្លើង​សញ្ញា​ចរាចរណ៍​។​

 
GPS បាន​គូសវាស​សញ្ញា​ប្រាប់ផ្លូវ​សម្រាប់​អ្នកបញ្ជា​យានយន្ត ទាំង​ផ្លូវ​វាង​ដែល​លឿន និង​តាម​ផ្លូវធំៗ ដែល​ត្រូវ​ការបត់បែន​ច្រើន​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ Google មិនបាន​ត្រួសត្រាយ​ជា​សកល​ទាក់ទង​នឹង​ទីតាំង​ដែលមាន​ភ្លើង​សញ្ញា​ចរាចរណ៍ ឬ​សញ្ញា​ឈប់ (Stop) នោះឡើយ​។​
 
​នៅ​សហរដ្ឋអាមេរិក ការបញ្ជាក់​ពី​ទីតាំង​ដែលមាន​ភ្លើង​សញ្ញា​ចរាចរណ៍ ឬ​ទីតាំង​ឈប់ ពិតជា​ផ្តល់​សារសំខាន់​ខ្លាំងណាស់​សម្រាប់​អ្នកបើកបរ​ចំពោះ​ជម្រើស​ដែល​ពួកគេ​ត្រូវ​ធ្វើដំណើរ ព្រោះថា ពេលខ្លះ ការបើកបរ​កាត់​ទីតាំង​ដែលមាន​ភ្លើង​សញ្ញា​ចរាចរណ៍ ញឹកញាប់ ក៏បាន​ធ្វើ​ឲ្យ​ពួកគេ​ខាតបង់​ពេលវេលា​ផងដែរ​។ 


 
​តាមពិតទៅ​អ្នកប្រើប្រាស់ Google Maps ក៏​អាច​មើលឃើញ​រូបភាព​នៃ​ទីតាំង​ផ្សេងៗ រួមទាំង​ភ្លើង​សញ្ញា​ចរាចរណ៍​នៅលើ​ស្មា​ត​ហ្វូ​ន​ផងដែរ ជាពិសេស​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​នៅលើ iOS 13 របស់ Apple រីឯ​ជប៉ុន បានដាក់​ដំណើរការ​មុនគេ​លើ Google ប៉ុន្តែ​វា​មិនទាន់មាន​លក្ខណៈ​ទូលំទូលាយ​នៅឡើយ​។​
 
​បច្ចុប្បន្ន GPS មិនមែន​ដើរ​ប្រើប្រាស់​សម្រាប់​ការធ្វើដំណើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មិន​មុខងារ​ជាច្រើន​ទៀត ដូចជា​ប្រតិបត្តិការ​យោធា ប្រតិបត្តិ​ការសង្គ្រោះ ទីតាំង​ទប់ស្កាត់​គ្រោះមហន្តរាយ ក៏ដូចជា ការតាមដាន​ស្ថានភាព​ជំងឺឆ្លង​ផ្សេងៗ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com