COVID-19
ជាតិ
មេ​សហជីព​២១​ស្ថាប័ន ស្នើ​សម្ដេច ហ៊ុន សែន អន្តរាគមន៍​ទៅ​និយោជក ឲ្យ​បើកប្រាក់​អតីតភាព​ការងារ​ដល់ក​ម្មករ​
13, Jul 2020 , 4:04 pm        
រូបភាព
តំណាងសហជីព យកញត្តិទៅដាក់នៅខុទ្ទការិយាល័យសម្ដេច ហ៊ុន សែន កាលពីព្រឹក១៣ កក្កដា។ (រូបពីលោក ឃុន ថារ៉ូ)
តំណាងសហជីព យកញត្តិទៅដាក់នៅខុទ្ទការិយាល័យសម្ដេច ហ៊ុន សែន កាលពីព្រឹក១៣ កក្កដា។ (រូបពីលោក ឃុន ថារ៉ូ)
​ភ្នំពេញ​៖ មេ​សហជីព​២១​ស្ថាប័ន បានដាក់​លិខិតស្នើ​ឲ្យ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ឲ្យ​និយោជក​បើកប្រាក់​អតីតភាព​ការងារ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ដល់​កម្មករនិយោជិត​នៅក្នុងពេល​ជំងឺ​កូ​វីដ​-១៩​នេះ​។ មេ​សហជីព​អះអាងថា បើ​គ្មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​នោះទេ ក្រុម​សហជីព​នឹងធ្វើ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​សារ​ពាក់ព័ន្ធ​លើ​បញ្ហា​នេះ តាម​បណ្ដាញ​សង្គម ដើម្បី​បង្ហាញ​ជា​សាធារណៈ​ថែមទៀត​។​

 
​ការដាក់​ញត្តិ​ស្នើ​ដល់​សម្ដេច​នេះ ដោយសារ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គ្មាន​ការឆ្លើយតប​លើ​ញត្តិ ដែល​ក្រុម​សហជីព​ដាក់​សុំ​កិច្ច​អន្តរាគមន៍ កាលពី​ថ្ងៃទី​២២ មិថុនា កន្លងទៅ​។ តំណាង​សហជីព​២១​ស្ថាន​ប័ន នៅ​ព្រឹក​ថ្ងៃទី​១៣ មិថុនា​នេះ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុ​ទ្ទ​ការិយាល័យ សម្ដេច ហ៊ុន សែន ដើម្បី​ស្នើសុំ​អន្តរាគមន៍​ជំរុញ​និយោជក​បើកប្រាក់​ដល់ក​ម្មករ​។ 
​លោកស្រី យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ប្រាក់​អតីតភាព​ការងារ​សំខាន់​ណាស់ សម្រាប់​កម្មករ​នៅ​អំឡុងពេល​ជួប​វិបត្តិ​សេដ្ឋកិច្ច​នេះ ដើម្បី​យកទៅ​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​។ លោកស្រី​ថ្លែងថា​៖ «​ការដាក់សំណើរ​ទៅ​សម្ដេច​នេះ ដោយសារ​គ្មាន​ដំណោះស្រាយ​ពី​ក្រសួង​ការងារ​។ ហើយ​ការដាក់​ញត្តិ​ដល់​សម្ដេច​នេះ ក្រុម​សហជីព​យើង​សង្ឃឹមថា​សំណើ​នឹង​ទទួលបាន​ការឆ្លើយតប ដោយមាន​ដំណោះស្រាយ​សមស្រប​ដល់ក​ម្មករ​»​។ 
 
​បច្ចុប្បន្ន​កម្មករ​រាប់ម៉ឺន​នាក់​ត្រូវ​បាត់បង់​ការងារ និង​បាត់​ចំណូល​ជា​បន្តបន្ទាប់​។ លើសពីនេះ កម្មករ​ខ្លះ​ជាប់ជំពាក់​បំណុល រួមទាំង​មាន​តម្រូវការ​ចំណាយ​ច្រើន លើ​សមាជិកគ្រួសារ​ដែល​មាន​ជំងឺ និង​ចំណាយ​ប្រចាំថ្ងៃ​ទៀតផង​។ ការសម្រេច​របស់​ក្រសួង​ការងារ លើ​ការពន្យារពេល​បើកប្រាក់​អតីតភាព​ការងារ​នេះ គឺជា​ការបន្ត​ផ្ដល់​សិទ្ធ​ស្របច្បាប់​ឲ្យ​និយោជក ដែល​ធ្វើ​ឲ្យ​កម្មករ​ដែល​ជូន​ទុក្ខលំបាក​ផ្នែក​សេដ្ឋកិច្ច រង​ការប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ពី​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ នេះ​បើតាម​ការរៀបរាប់​ពី​ស្ថានភាព​លំបាក​របស់​កម្ម​ករ ដែល​សរសេរ​ក្នុង​ញត្តិ​ជូនទៅ​សម្ដេច ហ៊ុន សែន​។ 
 
​លោកស្រី សុ​ភ័​ណ្ឌ បញ្ជាក់​ប្រាប់ថា តំណាង​ខុ​ទ្ទ​ការិយាល័យ​សម្ដេច​លោក គង់ ចំរើន ជា​អ្នកទទួល​ញត្តិ ហើយ​បាន​អះអាងថា​នឹងធ្វើ​ការឆ្លើយតប​ញត្តិ​វិញ តាម​នីតិវិធី​។ 
 
​បើ​គ្មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​ពី​ការដាក់​ញត្តិ​នេះ ក្រុម​សហជីព​នឹងធ្វើ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ដល់​ប្រព័ន្ធ​បណ្ដាញ​សង្គម ដើម្បី​បង្ហាញ​ដល់​ថ្នាក់ដឹកនាំ​ឲ្យ​ដឹង​កាន់តែច្បាស់​ពី​ស្ថានភាព​លំបាក​កម្មករ ។ លោកស្រី សុ​ភ័​ណ្ឌ ថ្លែង​ដូច្នេះ​ថា​៖ «​ការដាក់​នេះ បើ​នៅតែ​គ្មាន​ដំណោះស្រាយ ឬ​ឆ្លើយតប​ឲ្យ​បាន​សមស្រប​ទេ ក្រុម​សហជីព​នឹង​បន្តធ្វើ​យុទ្ធសាស្ត្រ​តាម​ប្រព័ន្ធ​អន​ឡាញ ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ ពិសេស​កម្មករ អ្នកពាក់ព័ន្ធ ចូល​បញ្ចេញមតិ​និង​តម្រូវការ​។ ការធ្វើ​បែបនេះ ជា​ជម្រើស​ចុងក្រោយ ដែល​បាន​ក្រុម​យើង​បាន​ខិតខំ​ទាមទារ ហើយ​ការផ្សាយ​សារ​តាម​ប្រព័ន្ធ​របស់​ក្រុម​សហជីព និង​អ្នកពាក់ព័ន្ធ នឹង​អាច​ជ្រាប​ដល់​រដ្ឋាភិបាល​ពី​ទុក​លំបាក​»​។ 
 
​រីឯ​លោក លោក ឃុន ថា​រ៉ូ មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ និង​សិទ្ធិមនុស្ស​នៃ​អង្គ​ការសង់​ត្រា​ល់ យល់ឃើញថា បើ​គ្មាន​ដំណោះស្រាយ​លើ​បញ្ហា​នេះ នឹង​អាច​កើតមាន​វិបត្តិ​សង្គម និង​ការតវ៉ា​ទាមទារ​ទ្រង់ទ្រាយ​ធំ​។ «​បើ​គ្មាន​ដំណោះស្រាយ​ឲ្យ​ទាន់ពេល​ឬ​សមស្រប នឹង​អាច​កើតចេញ​ជា​វិបត្តិ​សង្គម​ក្នុងករណី​ដែល​ភាពក្រីក្រ​របស់​កម្មករ​ត្រូវបាន​ធ្លាក់ចុះ​។ ការតវ៉ា​ទាមទារ​នឹង​កើតមានទ្បើង​ក្នុងករណី​ដែល​រដ្ឋ​មិនមាន​វិធានការ​ឆ្លើយតប​ដើម្បី​គាំពារ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ​ជាពិសេស​កម្ម​ករ​និយោជក​»​។ នេះ​បើតាម លោក ឃុន ថា​រ៉ូ សរសេរ​ប្រាប់​សារព័ត៌មាន​តាម whatsApp ៕ 
 

Tag:
 កម្មករ​
  សហជីព​
  ប្រាក់​អតីតភាព​ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com