ការឯកភាពផ្ទៃក្នុង ជាផ្នែកមួយស្ថិតក្នុងការវាយតម្លៃរបស់អង្គការយូណេស្កូ(UNESCO) ដើម្បីឈានទៅសម្រេចក្នុងការចុះបញ្ជីគុនល្បុក្កតោជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោជំរុញឲ្យក្លិប សមាគម និងសមាជិកប្រតិបត្តិ ត្រូវមានការឯកភាពគ្នាជាធ្លុងមួយ ដ្បិតអ្នកជំនាញរបស់អង្គការនេះ នឹងចុះមកវាយតម្លៃក្នុងពេលឆាប់ៗខាងមុខនេះ។
ទាំងលោក ច័ន្ទ សារុន និងលោក វ៉ាត់ ចំរើន ប្រធាននិងអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបន្តក្រើនរំលឹក និងជំរុញឲ្យមានការឯកផ្ទៃក្នុងរវាងសមាជិកប្រតិបត្តិសហព័ន្ធ និងក្លិបសមាគមជាសមាជិក។ ដ្បិត លោក ទាំងពីរអះអាងថា ការឯកភាពផ្ទៃក្នុងក្នុងមហាគ្រួសារគុនល្បុក្កតោ ជាផ្នែកមួយដ៏សំខាន់ក្នុងការវាយតម្លៃរបស់អង្គការ UNESCO ដើម្បីចុះគុនល្បុក្កតោក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការនេះ។
សម្រាប់លោក វ៉ាត់ ចំរើន ល្បុក្កតោអាចសម្រេចបំណងក្នុងការបញ្ជីជាសម្បត្តិបេតិកភណ្ឌទៅបាន ទាល់តែមហាគ្រួសារល្បុក្កតោបង្ហាញការឯកភាពជាធ្លុងមួយ គ្មានការទាស់ទែង ឬឈ្លោះប្រកែកគ្នា។ ការលើកឡើងនេះ មិនមែនមានន័យថា សហព័ន្ធកីឡាគុនល្បុក្កតោកំពុងមានទំនាស់ផ្ទៃក្នុងនោះទេ។
នៅចំពោះមុខថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យ គ្រូបង្វឹក និងកីឡាករកីឡាការិនីមកពីក្លិប-សមាគមនានាទូទាំងប្រទេសលោក វ៉ាត់ ចំរើន បានលើកឡើងដូច្នេះថា៖«អង្គការ UNESCO ក៏ដូចជាខាងក្រសួងវប្បធម៌ អ្នកកាន់ការផ្ទាល់គេថា ដើម្បីឲ្យយើងជាប់ក្នុងការចុះបញ្ជី ទាល់តែយើងធ្វើឲ្យបរិយាកាសនៃគ្រួសារល្បុក្កតោយើង បង្ហាញគេថា យើងអត់ឈ្លោះគ្នា យើងកំពុងខិតខំធ្វើសកម្មភាពក្នុងការផ្តល់តម្លៃជាសកលរបស់ក្បាច់គុនក្នុងប្រទេសរបស់យើង ឲ្យក្លាយជាធ្លុង និងសំឡេងតែមួយ»។
ជាមួយគ្នានេះលោក ច័ន្ទ សារុន ប្រធានសហព័ន្ធបានដាក់ចេញគោលការណ៍ចំនួន៦ចំណុច ដើម្បីអភិវឌ្ឍន៍វិស័យកីឡាគុនល្បុក្កតោក្នុងដំណើរឆ្ពោះទៅសម្រេចគោលដៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ក្នុងគោលការណ៍ទាំង៦ចំណុច មាន១ចំណុចមានចំណុចមួយ លោក ជំរុញឲ្យមានការឯកភាពផ្ទៃក្នុង និងការបង្រួបង្រួម។
លោកបានបញ្ជាក់ថា៖«យើងនៅទីនេះទាំងអស់គ្នាចាំបាច់ ត្រូវតាំងចិត្តបង្រួបបង្រួម ព្រឹទ្ធាចារ្យ គ្រូបង្វឹក កីឡាករ កីឡាការិនី សិស្សគុនល្បុក្កតោនៅទូទាំងប្រទេស ដោយបើកចំហវិសាលភាពការងារ ដើម្បីជំរុញឲ្យមានការគាំទ្រ បើកសាលាគុន ការចូលរួមហ្វឹកហាត់ឲ្យបានច្រើនជាអតិបរិមា ដើម្បីស្វែងរកគុណភាពកីឡាករ កីឡាការិនីឆ្នើមប្រកបដោយទេពកោសល្យ»។
ការជំរុញបែបនេះរបស់ថ្នាក់ដឹកនាំទាំងពីរ ធ្វើឡើងក្រោយទទួលដំណឹងមកថា អ្នកជំនាញការរបស់អង្គការ UNESCO នឹងមកស៊ើបអង្កេតក្នុងពេលឆាប់ខាងមុខនេះ ដើម្បីពិនិត្យពីភាពត្រឹមត្រូវតាមឯកសារ ដែលកម្ពុជាបានដាក់ឲ្យអង្គការនេះ។ ក្នុងការចុះមកត្រួតពិនិត្យ និងអង្កេតនេះដែរ អង្គការនេះនឹងវាយតម្លៃលើការឯកភាពផ្ទៃក្នុងរបស់សហព័ន្ធ និងតាមក្លិបសមាគម។
បើតាមលោក វ៉ាត់ ចំរើន អង្គការ UNESCO នឹងផ្តល់ដំណឹងឲ្យកម្ពុជានៅអំឡុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ពាក់ព័ន្ធនឹងលទ្ធភាពត្រូវបន្តទៅមុខ ឬត្រូវកែប្រែបន្ថែមទៀត។ អង្គការនេះ នឹងប្រកាសលទ្ធផលជាប់ ឬធ្លាក់ក្នុងការចុះបញ្ជីគុនល្បុក្កតោជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងថ្ងៃប្រកាសលទ្ធផលនោះដែរ កម្ពុជាមានការងារពីរ ដែលត្រូវធ្វើ គឺត្រៀមទូងស្គរនៅតាមវត្តអារាមទូទាំងប្រទេសនៅពេលជាប់ និងត្រៀមបកស្រាយការរិះគន់របស់មហាជននៅពេលធ្លាក់។
ក្រៅពីការងារចុះបញ្ជីគុនល្បុក្កតោជាសម្បត្តិបេតិកភណ្ឌអរូបីរបស់អង្គការ UNESCO លោក វ៉ាត់ ចំរើន បានបង្ហាញការងារជាច្រើន ដែលសហព័ន្ធត្រូវធ្វើនៅឆ្នាំនេះ ដើម្បីត្រៀមទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ការងារទាំងនោះរួមមានការបញ្ជូនគ្រូបង្វឹក និងមន្ត្រីអាជ្ញាកណ្តាលបញ្ចុះបញ្ចូលប្រទេសផ្សេងៗក្នុងតំបន់អាស៊ានឲ្យចូលរួមប្រកួតកីឡាគុនល្បុក្កតោ និងបង្ហាត់បង្រៀនពីបច្ចេកទេសដល់កីឡាកររបស់ពួកគេ។
ការងារសំខាន់មួយទៀតនោះ គឺការបណ្តុះបណ្តាលធនធានកីឡាករ គ្រូបង្វឹក និងមន្ត្រីអាជ្ញាកណ្តាលចៅក្រម និងការត្រៀមសម្តែងក្នុងពិធីបើកបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាត្រូវការអ្នកហាត់គុនល្បុក្កតោចន្លោះពី៥ពាន់ទៅ១ម៉ឹននាក់។ នៅឆ្នាំនេះកម្ពុជានឹងរៀបចំកម្មវិធីជំនួបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីផ្សព្វផ្សាយពីគុនល្បុក្កតោដល់បណ្តាប្រទេសទាំងនោះ និងការត្រៀមរៀបចំការប្រកួត Pre-SEA Games ជាដើម។
ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នេះដែរ លោក ច័ន្ទ សារុន បានដាក់ចេញនូវគោលការណ៍៦ចំណុច ដើម្បីអភិវឌ្ឍន័កីឡាគុនល្បុក្កតោ។ គោលការណ៍ទាំងនោះរួមមានទី១, ពង្រឹងយន្តការច្បាប់ ពង្រឹងការគោរពលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង និងសេចក្តីណែនាំរបស់សហព័ន្ធ ហើយពិនិត្យកែសម្រួលឡើងវិញក្នុងករណីចាំបាច់ ឲ្យអនុលោមភាពតាមបទបញ្ញតិ្ត ក្រមសីលធម៌កីឡា និងគោលការណ៍ Fair Play ឲ្យបានត្រឹមត្រូវ។
ទី២,យើងនៅទីនេះទាំងអស់គ្នាចាំបាច់ ត្រូវតាំងចិត្តបង្រួបបង្រួម ព្រឹទ្ធាចារ្យ គ្រូបង្វឹក កីឡាករ កីឡាការិនី សិស្សគុនល្បុក្កតោនៅទូទាំងប្រទេស ដោយបើកចំហវិសាលភាពការងារ ដើម្បីជំរុញឲ្យមានការគាំទ្រ បើកសាលាគុន ការចូលរួមហ្វឹកហាត់ឲ្យបានច្រើនជាអតិបរិមា ដើម្បីស្វែងរកគុណភាពកីឡាករ កីឡាការិនីឆ្នើមប្រកបដោយទេពកោសល្យ។
ទី៣, លើកតម្កើងកិត្តិយសសេចក្តីថ្លៃថ្នូរ និងការគោរពដឹងគុណព្រឹទ្ធាចារ្យគុនល្បុក្កតោទាំងអស់ ឲ្យមានគុណតម្លៃជាការអប់រំសិស្សគុនល្បុក្កតោគ្រប់ជំនាន់តទៅអនាគត។ ទី៤, ពង្រឹងឥទ្ធិពល ដោយពង្រឹងការផ្សព្វផ្សាយគុនល្បុក្កតោទូទាំងប្រទេស និងពិភពលោកតាមរយៈគ្រូបង្វឹកគុនល្បុក្កតោខ្មែរទាំងក្នុងនិងនៅក្រៅប្រទេស។
ទី៥, ពង្រឹងការងារបណ្ឌិតសភាគុនល្បុក្កតោ ឲ្យក្លាយជាមជ្ឈមណ្ឌលអប់រំគុនល្បុក្កតោ និងកីឡាល្បុក្កតោសម្រាប់ទាំងអស់គ្នា និងទី៦ពង្រឹងគុណភាព គុណផលកីឡាគុនល្បុក្កតោកម្រិតខ្ពស់ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំបូកសរុបការងារនិងលើកទិសដៅអនុវត្តបន្តនោះដែរ លោក កែវ រ៉េមី ទីប្រឹក្សាជាន់ខ្ពស់នៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ជំរុញឲ្យកីឡាករកីឡាការិនីខិតខំហ្វឹកហាត់ និងគោរពពេលវេលាហ្វឹកហាត់ឲ្យបានត្រឹមត្រូវ។ ជាពិសេស លោកសង្កត់ធ្ងន់ថា កីឡាករជំនាន់ក្រោយត្រូវគោរព ឲ្យតម្លៃរៀមច្បង ទោះខ្លួនមានសមត្ថភាពខ្លាំងជាងយ៉ាងណាក៏ដោយ។ ព្រោះការធ្វើបែបនេះជាការបង្ហាញទង្វើមួយដ៏ត្រឹមត្រូវ ហើយវាជាផ្នែកមួយនៃវប្បធម៌ ប្រពៃណីរបស់ខ្មែរ។