ជាតិ
សង្គមជាតិ
ខ្មែរម្នាក់ សម្លាប់ខ្មែរគ្នាឯង លើទូកនេសាទប្រទេសថៃ រូបពីសារព័ត៌មាន The Thaiger របស់ថៃ
× បុរសខ្មែរម្នាក់ ជាកម្មករនេសាទ ក្នុងប្រទេសថៃ បានសម្លាប់បុរសខ្មែរគ្នាឯងម្នាក់ ជាកម្មករនេសាទដែរ នៅលើទូកនេសាទ ដែលស្ថិតលើសមុទ្រនៃភាគខាងត្បូងខេត្ត ណាខុន ស៊ីថាម៉ារ៉ាត់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់
កាសែតបាងកកប៉ុស្តិ៍របស់ថៃ។
ជនល្មើសឈ្មោះ ឡុង ណៃ អាយុ៤១ ឆ្នាំ ត្រូវបានប្រគល់ឲ្យប៉ូលីសហើយ ចំណែក ជនរងគ្រោះឈ្មោះ វ៉ាន់ វិឆៃ អាយុ៤៨ឆ្នាំ។ បាងកកប៉ុស្តិ៍ បានស្រង់សម្តីរបស់លោក Methi Pachuenjai អធិការរងស្រុក ថា សាឡា ក្នុងខេត្តណាខុន ស៊ីថាម៉ារ៉ាត់ យ៉ាងដូច្នេះថា៖«អ្នកទាំងពីរ មានជម្លោះផ្ទាល់ខ្លួនយ៉ាងខ្លាំង។ ពេលកំពុងស្ថិតលើទូកនេសាទ អ្នកទាំងពីរ ក៏បានវាយតប់គ្នាដែរ»។
ពេលឃាតកម្មកើតឡើងភ្លាម អ្នកបើកទូកនេសាទ បានដាក់ជនល្មើស ឲ្យនៅក្នុងបន្ទប់ ជាមួយនឹងសាកសព (ជនល្មើស) ហើយចាក់សោ បន្ទាប់មក ក៏បានរាយការណ៍ទៅប៉ូលិស តាមវិទ្យុទាក់ទង។ បើតាមបាងកកប៉ុស្តិ៍ ជនល្មើស សារភាពថា បានប្រព្រឹត្តឧក្រិដ្ឋកម្មនេះមែន។
បាងកកប៉ុស្តិ៍ សរសេរថា សាកសពរបស់ជនរងគ្រោះ ត្រូវបានយកទៅទុកនៅកន្លែងស្នាក់នៅរបស់កម្មករនេសាទដូចគ្នា ពេលទូកនេសាទនោះ ដល់ច្រាំងវិញ។ យ៉ាងណា គេ មិនទាន់ដឹងថា មកដល់ពេលនេះ សាកសពរបស់ជនរងគ្រោះ ត្រូវបានបញ្ជូនមកកម្ពុជាវិញហើយ ឬក៏នៅនោះទេ។
សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសពីរឿងនេះបានឡើយ ដោយសារតែលោក មិនលើកទូរស័ព្ទ៕
Tag:
កម្មករនេសាទខ្មែរ
ឃាតកម្ម
ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com