ជាតិ
មនុស្ស​ជិត​៩០​នាក់ ពាក់ព័ន្ធ​បទល្មើស​ធនធានធម្មជាតិ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ត្រូវបាន​ប​ញ្ជូ​ន​ទៅ​តុលាការ​
14, Jul 2020 , 8:59 am        
រូបភាព
សកម្មភាព​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន​និង​មន្ត្រី​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ចុះ​ល្បាត​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ នៅ​តំបន់ការពារធម្មជាតិ​ជួរ​ភ្នំក្រវាញ​។​
សកម្មភាព​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន​និង​មន្ត្រី​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ចុះ​ល្បាត​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ នៅ​តំបន់ការពារធម្មជាតិ​ជួរ​ភ្នំក្រវាញ​។​
​ភ្នំពេញ​៖ អាជ្ញាធរ​បាន​បញ្ជូន​មនុស្ស​ចំនួន​៨៧​នាក់​ទៅ​តុលាការ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​តំបន់ការពារធម្មជាតិ​ជួរ​ភ្នំក្រវាញ ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​មក​។ ជនល្មើស​ដែល​បាន​បញ្ជូនទៅ​តុលាការ​នេះ គឺ​ជាប់​បទ​ចោទ​ពី​ការ​លួច​ចូល​កាប់​ឈើ បរបាញ់​សត្វ និង​ទន្ទ្រាន​ដីព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​។​នេះ​បើ​របាយការណ៍​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ដែល​ផ្តល់ឱ្យ​ក្រុម​អ្នកសារព័ត៌មាន ។​


​ក្នុង​របាយការណ៍​ដដែល បាន​អះអាងថា ក្រៅពី​មាន​ជនល្មើស​ជាង​៨០​បាន​បញ្ជូនទៅ​តុលាការ​នោះ អាជ្ញាធរ​នៃ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​មន្ត្រី​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចុះ​ល្បាត​ទប់ស្កាត់​ការ​កាត់​បំផ្លាញ​ព្រៃឈើ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​សរុប​៦៥៣​ករណី​ទៀតផង​ដែរ​។ ក្នុងនោះ​មានការ​បញ្ឈប់​សកម្មភាព​ទន្ទ្រាន​ដី​ខុសច្បាប់​ចំនួន​១៧១​ករណី​, ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ចំនួន ២០៥​ករណី និង​ពិន័យ​អន្តរកាល​ចំនួន ២៧៧​ករណី​។​
 
​លើសពីនេះទៅទៀត អាជ្ញាធរ បាន​រុះរើ​ខ្ទម​ខុសច្បាប់​ជិត​១​ពាន់​កន្លែង ដកហូត​ឈើ​បាន​ជាង​២​ពាន់​ម៉ែត្រគូប ព្រមទាំង​រឹបអូស​រណា​យន្ត​បាន ១,៩៥៤​គ្រឿង​, រថយន្ត​ដឹកឈើ​បាន​១៦៩​គ្រឿង​, ត្រាក់ទ័រ​និង​រថយន្ត​ប៊ុល​ដូ​ហ្សែ​រ​៤៣​គ្រឿង​, ម៉ូតូ​១៧៣​គ្រឿង គោយន្ត​២៧១​គ្រឿង និង​ដោះ​អន្ទាក់​ចាប់​សត្វព្រៃ​បាន​ជាង ៣,២ ម៉ឺន​អន្ទាក់​។​
 
​ការបង្ក្រាប​បទល្មើស និង​រឹបអូស បាន​វត្ថុតាង​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​នៅ​កន្លែងកើតហេតុ​ជាក់ស្តែង​នេះ ដោយសារ​កិច្ចសហប្រតិបត្តិការ និង​ការអនុវត្ត​ច្បាប់​យ៉ាង​ល្អ​របស់​អាជ្ញាធរ​ដែនដី និង​ភាគី ដែល​ពាក់ព័ន្ធ​ក្នុង​តំបន់ការពារធម្មជាតិ​ជួរ​ភ្នំក្រវាញ​នេះ​។ ពិសេស​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែល​បាន​ផ្តោត​ការងារ​លើ​ការពារ​សក្តានុពល​បរិ​ស្ថាន និង​ធនធានធម្មជាតិ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ នៅក្នុង​ទឹកដី​ខេត្តកោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ ក្នុង​ទំហំ​ផ្ទៃដី​ទំហំ ១,៤ លាន​ហិកតា​។ ក្រសួងបរិស្ថាន និង​អង្គការ​សម​ព័ន្ធ​មិត្ត​សត្វព្រៃ បាន​ចុះ​អនុស្សរណៈ​យោគយល់​((MOU)​លើ​កិច្ចសហប្រតិបត្តិការ​ការពា​រ​និង​អភិរក្ស​តំបន់​ជួរ​ភ្នំក្រវាញ តាំង​ឆ្នាំ​២០០១​មក​។​
 
​កម្ពុ​ជាមាន​តំបន់ការពារធម្មជាតិ​ចំនួន​៦៩​កន្លែង គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ទំហំ​៧,៣​លាន​ហិកតា​។ ទំហំ​ផ្ទៃដី​ដ៏​ធំ​នេះ គឺមាន​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​នានា ក្នុងការ​ធានាបាន​នូវ​និរន្ត​ភាព​ការពារ​សក្តានុពល​បរិ​ស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ សម្រាប់​តម្កល់​ជូន​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ជំនាន់​ក្រោយ​៕ 

Tag:
 ព្រៃឈើ​
  តំបន់​ជួញ​ភ្នំពេញ​ក្រវាញ​
  កោះកុង​
  ពោធិ៍សាត់​
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com