កីឡាអន្តរជាតិ
អន្តរជាតិ
Man City បានលេង Champions League រដូវកាលក្រោយវិញ ក្រោយឈ្នះឧទ្ធរណ៍
× ក្រុម Manchester City បានរួចផុតពីការហាមឃាត់លេងក្នុងក្របខណ្ឌ UEFA Champions League រយៈពេល២ឆ្នាំហើយ ក្រោយឈ្នះក្តីនៅឯតុលាការអាជ្ញាកណ្តាលកីឡា (CAS) ក្នុងប្រទេសស្វ៊ីស នៅថ្ងៃទី១៣ ខែកក្កដានេះ។ CAS បានប្រកាសថា ក្លិបយក្សអង់គ្លេសមួយនេះ បានបង្ហាញទិន្នន័យច្បាស់លាស់អស់ហើយ បន្ទាប់ពីមានការចោទប្រកាន់ពី UEFA កន្លងមក។
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ធ្លាប់បានចោទប្រកាន់ និងដាក់ពិន័យ Man City មិនឲ្យលេង Champions League ២រដូវកាល ក្រោយពួកគេរកឃើញថាក្លិបអង់គ្លេសមួយនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ហិរញ្ញវត្ថុ «Financial Fair Play» ដោយចោទថាបានចំណាយប្រាក់ច្រើនលើសចំណូលដើម្បីទិញដូរកីឡាកររយៈពេលប៉ុន្មានរដូវកាលចុងក្រោយ។ UEFA ថែមទាំងបានពិន័យក្លិបមេឃខៀវជាប្រាក់៣១,៦០ លានដុល្លារទៀតផង។
យ៉ាងណាក៏ដោយ ក្លិបដែលមានម្ចាស់ជាសេដ្ឋីលោក Sheikh Mansour មិនទទួលយកការពិន័យនេះឡើយ ហើយបានប្តឹងឧទ្ធប្រឆាំងនឹងការសម្រេចរបស់ UEFA នេះ។
ជាលទ្ធផល បណ្ដឹងឧទ្ធរណ៍របស់ Man City ទទួលបានជោគជ័យ។ លើសពីនោះ តុលាការអាជ្ញាកណ្តាលកីឡា ត្រូវបន្ថយការពិន័យជាប្រាក់ Man City នៅត្រឹម ១១,៣១លានដុល្លារវិញ។
ក្រោយឈ្នះក្តី ក្លិប Man City រៀបរាប់ថាការសម្រេចចិត្តនេះ គឺដោយសារខ្លួនមានភស្តុតាងច្បាស់លាស់សម្រាប់បង្ហាញទៅកាន់ CAS ។ «ក្លិបសូមថ្លែងអំណរគុណដល់សមាជិកគណៈកម្មាធិការចំពោះការប្រឹងប្រែង និងដំណើរការដ៏ត្រឹមត្រូវរបស់ CAS»។ Man City បន្ថែមដូច្នេះ។
ក្នុងករណីនេះដែរ UEFA ក៏បានគោរពតាមសេចក្តីសម្រេចរបស់ CAS ដោយបញ្ជាក់ថា ស្ថាប័នខ្លួនដើរតួយ៉ាងសំខាន់ក្នុងការការពារក្លិបកីឡាបាល់ទាត់ក្នុងតំបន់អឺរ៉ុបលើការចំណាយហួសកំណត់លើសប្រាក់ចំណូល ដែលនាំឲ្យក្លិបទាំងនោះប្រឈមនឹងជំពាក់បំណុលគេ៕
Tag:
Champions League
Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com