ភ្នំពេញ៖ លោកអ្នកប្រហែលជាធ្លាប់ឃើញហើយ កង់មួយដ៏ចម្លែកដែលមានកម្ពស់ជិត ២ម៉ែត្រ ពេលលោក-អ្នកធ្វើដំណើរតាមដងផ្លូវនៅរាជធានីភ្នំពេញ។ កង់មួយនេះត្រូវបានច្នៃឡើងដោយបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់គឺលោក Roland Uly ។ បុរសរូបនេះអះអាងថា មូលហេតុដែលលោកច្នៃកង់នេះឡើង គឺដើម្បីគយគន់ទេសភាពតាមផ្លូវបានងាយស្រួលពេលធ្វើដំណើរ និង បម្រើជាចំណីចក្ខុដ៏ប្លែកសម្រាប់ពលរដ្ឋកម្ពុជា។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូMOJO ដែលផលិតដោយកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖
រស់នៅកម្ពុជាអស់ ១១ឆ្នាំ បុរសជនជាតិឥណ្ឌូណេស៊ីវ័យ ៣៩ឆ្នាំ Roland បានរៀបរាប់ថា លោកបានចំណាយរយៈពេលមួយសប្ដាហ៍ ដើម្បីច្នៃកង់ពណ៌ទឹកក្រូចមួយគ្រឿងដែលមានកម្ពស់ជិត២ម៉ែត្រនេះឡើង។ លោកបានរៀបរាប់ដូច្នេះ៖ «ដំបូងឡើយ ខ្ញុំមានកង់ខូចពីរ ខ្ញុំគិតថា បើសិនជា ជួសជុលជាកង់ធម្មតា វានឹងមានរូបភាពធម្មតាប៉ុណ្ណោះ។ ប៉ុន្តែបើខ្ញុំយកវាភ្ជាប់គ្នាជាកង់ខ្ពស់មួយ ហើយសាកល្បងជិះវា វាក៏ជាបទពិសោធថ្មីសម្រាប់ខ្ញុំដែរ។ ម្យ៉ាងបើសិនជា គេ[ចូលចិត្ត]មើលកង់នេះ វាក៏ល្អម្យ៉ាងដែរ»។
ជាគ្រូបង្រៀនភាសាឥណ្ឌូណេស៊ីផង លោក Roland តែងតែចំណាយពេលជិះកង់ខ្ពស់របស់ខ្លួនដើម្បីកម្សាន្តនៅតាមផ្លូវនានាក្នុងទីក្រុងភ្នំពេញ ហើយម្ដងម្កាលលោកក៏ជិះកង់នេះទៅកាន់ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺដែរ។
Roland បានអះអាងថា លោកទស្សនាទេសភាពច្បាស់ៗពីទីខ្ពស់ពេលកំពុងជិះកង់ ហើយពេលអ្នកដំណើរឃើញលោកជិះកង់ដ៏ចម្លែកនេះ គេតែងនាំគ្នាសើចសប្បាយ។ លោកអះអាថា លោកសប្បាយចិត្តដូចគ្នា ដែលអាចធ្វើឱ្យប្រជាជនខ្មែររីករាយតាមរយៈការច្នៃប្រឌិតនេះ។
រាល់ពេលទៅណាមកណាម្តងៗ បុរសឥណ្ឌូនេស៊ីរូបនេះបញ្ជាក់ថា លោកបានដោតទង់ជាតិខ្មែរលើកង់ដ៏ចម្លែក ហើយវាទំនងជាធ្វើឱ្យគេច្រឡំថា លោកជាជនជាតិខ្មែរដែរ។ លោក Roland បានពន្យល់ពីមូលហេតុដែលលោកដោតទង់ជាតិខ្មែរលើកង់ខ្លួនដូច្នេះថា៖« រយៈពេល១១ឆ្នាំហើយដែលខ្ញុំរស់នៅខ្មែរ។ ខ្ញុំជាជនជាតិឥណ្ឌូណេស៊ី តែខ្ញុំស្រលាញ់ប្រទេសខ្មែរ ខ្ញុំរស់នៅប្រទេសនេះយ៉ាងសុខសប្បាយ។ ខ្ញុំដាក់ទង់ជាតិខ្មែរនេះ ដើម្បីឱ្យបងប្អូនខ្មែរមើល ហើយលើកទឹកចិត្តពួកគាត់ ដើម្បីឱ្យពួកគាត់ស្រលាញ់ប្រទេសខ្មែរថែមទៀត»។
មានពិសោធន៍ជិះកង់ខ្ពស់ រយៈពេលពេលជាង១ឆ្នាំ លោក Roland បានអះអាងថា នៅពេលជិះកង់នេះម្តងៗ លោកត្រូវប្រុងប្រយ័ត្នជាងពេលជិះកង់ធម្មតា ដ្បិតថា វាខ្ពស់ជាងកងដទៃរហូតដល់ពីរដង ដែលជាហេតុធ្វើឲ្យអ្នកជិះពិបាកឡើងជិះ និងពិបាកឈប់ផង។
«ពេលឡើងជិះលំបាក ដោយសារយើងត្រូវរុញ និងទប់លំនឹងឱ្យស្មើ បើសិនទប់លំនឹងមិនស្មើទេ យើងនឹងដួល ហើយពេលឈប់ក៏ពិបាក ព្រោះត្រូវលោតចុះពីលើកង់»។ នេះជាការបញ្ជាក់របស់លោក Roland ដោយលោកបានបន្ថែមថា ពេលស្ទះចរាចរណ៍ លោកត្រូវចុះបណ្ដើរ ឬ ផ្អែកក្បែរឡានខ្ពស់ៗ ដើម្បីសុវត្ថិភាព និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
ដោយសារឃើញប្រជាជនខ្មែរចាប់អារម្មណ៍ច្រើន បុរសឥណ្ឌូណេស៊ីដែលមានចំណូលចិត្តច្នៃរបស់ប្លែកៗ Roland បានបង្ហើបថា ក្នុងករណីមានអ្នកចង់ជិះកង់ប្រភេទខ្ពស់នេះដែរ លោកអាចជួយច្នៃឱ្យបាន។ យ៉ាងណាមិញលោករៀបរាប់ពីបញ្ហាបច្ចេកទេសខ្លះថា ដើម្បីធានាសុវត្ថិភាពដល់អ្នកជិះ វាជារឿងចាំបាច់ដែលលោកត្រូវមើលឲ្យបានជាក់ច្បាស់ពីដងខ្លួនរបស់អ្នកជិះ ដើម្បីអាចដឹងថា គេសាកសមនឹងកង់កម្ពស់ប៉ុន្មាន៕