កីឡាជាតិ
ជាតិ
លោក តែម ម៉ឺន ព្រមានចាត់វិធានការកីឡាករ ដែលវាយមិនអស់ពីសមត្ថភាព
13, Jul 2020 , 8:36 pm        
រូបភាព
ដោយ:
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោក តែម ម៉ឺន ព្រមានចាត់វិធានការកីឡាករដែលវាយមិនអស់ពីសមត្ថភាព។ ការព្រមាននេះធ្វើឡើងក្នុងពិធីបើកការប្រកួតប្រដាល់អធិរាជគុនខ្មែរ ISI Palm-ISI PIPE រជ្ជកាលទី៣នៅស្ថានីយទូរទស្សន៍ភីអិនអិន។ ជាមួយគ្នានេះលោក ស្រ៊ឺ ស្រេង ហៅ សំណព្វ ប្រធានផ្នែកកីឡារបស់ PNN អះអាងថា លោកក៏មិនអនុញ្ញាតឲ្យកីឡាករវាយមិនអស់ពីសមត្ថភាពមានវត្តមាននៅលើសង្វៀនរបស់ខ្លួនដែរ។



កីឡាករគុនខ្មែរ ដែលវាយមិនអស់ពីសមត្ថភាពនឹងរងការព្រមាន ឬចំណាត់ការក្តៅណាមួយពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ការទទួលការព្រមាន ឬចំណាត់ការទាំងនេះ គឺបន្ទាប់ពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមានចាត់វិធានការក្តៅពាក់ព័ន្ធបញ្ហានេះ។ បើតាមប្រធានសហព័ន្ធរូបនេះ សហព័ន្ធនឹងប្រើចំណាត់ការណែនាំ មុនឈានដល់ចាត់វិធានការលើកីឡាករ ដែលបានប្រព្រឹត្តទង្វើបែបនេះ។

ការព្រមានបែបនេះ ដោយសារលោកយល់ថា ការវាយមិនអស់ពីសមត្ថភាពមិនត្រឹមតែធ្វើឲ្យមានការរិះគន់ពីមហាជនប៉ុណ្ណោះទេ ថែមទាំងឲ្យធ្វើប៉ះពាល់ដល់វិស័យកីឡាប្រដាល់គុនខ្មែរទៀត។ ជាពិសេស វានឹងក្លាយទម្លាប់មិនល្អ និងជាដើមចមរារាំងក្នុងការអភិវឌ្ឍន៍វិស័យកីឡាគុនខ្មែរ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។

នាពិធីបើកការប្រកួតប្រដាល់អធិរាជគុនខ្មែរ ISI Palm-ISI PIPE រជ្ជកាលទី៣នៅស្ថានីយទូរទស្សន៍ភីអិនអិននៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ លោក តែម ម៉ឺន បានព្រមានយ៉ាងដូច្នេះថា៖«បើសិននៅតែមានបញ្ហានេះទៀត(វាយមិនអស់ពីសមត្ថភាព)គឺសហព័ន្ធមិននៅស្ងៀមនោះទេ គឺសហព័ន្ធនឹងណែនាំ ហើយក៏ត្រូវមានវិធានការផងដែរ ដោយសារថា កិច្ចការនេះយើងមិនអាចធ្វើធម្មតាបានទេ វិធានការយើងមានច្រើន។ បើទទួលកម្មវិធីហើយ គឺត្រូវវាយឲ្យអស់ពីសមត្ថភាព»។ ជាមួយគ្នានេះ លោក សំណព្វ ប្រធានផ្នែកកីឡារបស់ស្ថានីយទូរទស្សន៍ PNN ក៏ព្រមានចាត់វិធានការលើកីឡាករ ដែលវាយមិនអស់ពីសមត្ថភាពផងដែរ។ លោកអះអាងថា លោកនឹងមិនឲ្យមានកីឡាករវាយបែបសម្តែងមានវត្តមានលើសង្វៀនអធិរាជគុនខ្មែរអាយអេសអាយផាមរបស់ភីអិនអិននោះទេ។

លោក សំណព្វ បានបញ្ជាក់យ៉ាងដូច្នេះថា៖«វាមិនមែនជាទម្លាប់របស់ភីអិនអិន ដែលអនុញ្ញាតឲ្យកីឡាករវ៉ៃលេងៗ វ៉ៃយកតែលុយ ឬហៅម្យ៉ាងថា មកអង្អែលគ្នានោះទេ។ ភិអិនអិនតែងតែគាំទ្រសហព័ន្ធប្រដាល់គុនខ្មែរ ហើយលើកទឹកចិត្តឲ្យគណៈកម្មការរៀបចំការប្រកួត ជាពិសេសអាជ្ញាកណ្តាលមានឆន្ទានុសិទ្ធក្នុងការបណ្តេញកីឡាករណាដែលវាយមិនអស់ពីសមត្ថភាពចេញពីសង្វៀន ព្រោះអ្នកមើលគេចង់ឲ្យយើងវ៉ៃ ហើយមុខរបរយើងជាអ្នកវ៉ៃ ចុះបើមកអង្អែលទៅធ្វើជាអ្នកម៉ាស្សាវិញទៅ»។

លោក តែម ម៉ឺន សង្កេតឃើញថា ករណីវាយមិនអស់ពីសមត្ថភាពបានកើតឡើងក្រោយកម្ពុជាមិនអនុញ្ញាតឲ្យមានការប្រកួតជាលក្ខណៈអន្តរជាតិ ដោយសារបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ប្រធានសហព័ន្ធរូបនេះអះអាងថា មូលហេតុ ដែលកីឡាករវាយមិនអស់ពីសមត្ថភាព ដោយសារពួកគេមានការប្រុងប្រយ័ត្នខ្លាំងពេកជាមួយជំងឺកូវីដ-១៩។

លោកបានបន្ថែមថា កន្លងមកលោកធ្លាប់ណែនាំ និងព្រមានកីឡាករជាច្រើនរូបមកហើយ ពាក់ព័ន្ធការវាយមិនអស់ពីសមត្ថភាពនេះ។ ក្រោយចាត់វិធានការ លោក អះអាងថា ករណីនេះបានថមថយគួរឲ្យកត់សម្គាល់ ពោលគឺនៅមានចំនួនតិចតួចប៉ុណ្ណោះ នាពេលបច្ចុប្បន្ន។

សម្រាប់រជ្ជកាលថ្មីនេះ កម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI Palm បានផ្លាស់ប្តូរការប្រកួតទាំងស្រុង ដោយផ្លាស់ប្តូរពីការប្រកួតដណ្តើមខ្សែក្រវាត់ មកជាការប្រកួតដណ្តើមប្រាក់លាន។ ហើយក្នុងការប្រកួតនេះទៀតសោត ភីអិនអិន ផ្តោតសំខាន់លើតែកីឡាករកម្រិត B និង C តែប៉ុណ្ណោះ។ លោក សំណព្វ អះអាងថា មូលហេតុដែលភីអិនអិនសម្រេចធ្វើបែបនេះ ដោយសារចង់ផ្តល់ឱកាសឲ្យកីឡាករវ័យក្មេងបានបង្ហាញសមត្ថភាព និងបណ្តុះធនធានគុនខ្មែរ ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តម្ចាស់ជើងឯកទទួលបាន២លាន៦សែនរៀល ខណៈជើងឯករងទទួលបាន១លាន២សែនរៀល។ នាការប្រកួតរជ្ជកាលទីពីរ ជើងឯកបានទៅលើកីឡាករ អេលីត ចំរើន ក្រោយផ្តួលកីឡាករ វ៉ាន់ វឿន ឲ្យបោះបង់ការប្រកួតនៅទឹកទី៤។ អេលីត ចំរើន ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន១ម៉ឺនដុល្លារ អមជាមួយខ្សែក្រវាត់មាស ខណៈ វ៉ាន់ វឿន ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន២ពាន់ដុល្លារ៕

Tag:
 ប្រដាល់គុនខ្មែរ
  តែម ម៉ឺន
  អធិរាជគុនខ្មែរ
  PNN
© រក្សាសិទ្ធិដោយ thmeythmey.com