COVID-19
ជាតិ
សុខភាព
កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៩នាក់ទៀត ដែលកើនឡើង ១៦៥ករណីហើយ
× ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តរកឃើញករណីថ្មីនៃជំងឺកូវីដ-១៩ (COVID-19) លើបុរសជនជាតិខ្មែរ៩នាក់ទៀត ដែលបានវិលត្រឡប់ពីប្រទេសអារ៉ាប៊ីសាអូឌីត ដោយបន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៤ កក្កដា។
ក្រសួងបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ថ្មីទាំងនោះ ត្រូវបានរកឃើញក្រោយពីក្រសួងបានយកសំណាករបស់ពួកគេទៅវិភាគរកមេរោគកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រជាលើកទីពីរ ដោយបង្ហាញលទ្ធវិជ្ជមាន កាលពីយប់ថ្ងៃទី១៣ កក្កដា ឆ្នាំ២០២០។ អ្នកជំងឺកូវីដ-១៩ទាំង៩នាក់ខាងលើនោះ មាន៦នាក់ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ, ១នាក់ នៅរាជធានីភ្នំពេញ, ១នាក់ នៅខេត្តកណ្តាល និង១នាក់ទៀត នៅខេត្តកំពង់ធំ។
បច្ចុប្បន្ន្ន អ្នកជំងឺថ្មីទាំង៩នាក់នោះ ត្រូវបានក្រសួង ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ដោយឡែក អ្នកធ្វើដំណើរជាមួយអ្នកទាំង៩នាក់នោះ ដែលនៅសល់៧០នាក់ទៀត ក្រោយធ្វើតេស្តចេញលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានក្រសួង ដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន។
គិតត្រឹមថ្ងៃទី១៤ កក្កដានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១៦៥នាក់ ដោយក្នុងនោះជាសះស្បើយ១៣៣នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com