COVID-19
ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ព្រមានម្ចាស់ KTV ដែលជ្រកក្រោមផ្លាកភោជនីយដ្ឋាន ឱ្យប្រយ័ត្នខ្លួន
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ព្រមានម្ចាស់ខារ៉ាអូខេ (KTV) ដែលជ្រកក្រោមផ្លាកភោជនីយដ្ឋាន ឱ្យមានការប្រយ័ត្នខ្លួន ដោយសារធ្វើផ្ទុយពីសេចក្តីប្រកាសរបស់រដ្ឋាភិបាល។ សម្ដេចព្រមានបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ កក្កដា។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាល បានអនុញ្ញាតឱ្យបើកដំណើរការខារ៉ាអូខេឡើងវិញ ដោយត្រូវកែប្រែទៅជាភោជនីយដ្ឋាន សម្រាប់ឱ្យភ្ញៀវចូលពិសារអាហារ កម្សាន្តអារម្មណ៍ ប៉ុន្តែមិនមែនឱ្យបើកជាលក្ខណខារ៉ាអូខេដូចមុនឡើយ។ «ខារ៉ាអូខេឱ្យក្លាយទៅជាភោជនីយដ្ឋាន ប៉ុន្តែអ្នកខ្លះ វាមិនទៅជាភោជនីយដ្ឋាន វានៅតែជាខារ៉ាអូខេលួចលាក់ទៅទៀត ជ្រកក្រោមផ្លាក(ភោជនីយដ្ឋាន) អាហ្នឹងប្រយ័ត្ន»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។
កាលពីយប់ថ្ងៃទី១៣ កក្កដា អាជ្ញាធរក៏បានចុះបង្ក្រាបកន្លែងកម្សាន្ត KTV ពីរកន្លែង នៅម្ដុំខណ្ឌចំការមន រាជធានីភ្នំពេញ ដែលលួចបើក KTV ជ្រកក្រោមផ្លាកភោជនីយដ្ឋានផងដែរ។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលព្រមានទៅម្ចាស់ KTV ផ្សេងទៀត ឱ្យអនុវត្តតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល។
ក្រៅកន្លែងកម្សាន្ត KTV រដ្ឋាភិបាល ក៏បានសម្រេចឱ្យបើកកាស៊ីណូ ដែលមានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនប៉ុណ្ណោះ។ ចំណែកសាលារៀនវិញ សម្ដេច ក៏អនុញ្ញាតឱ្យដំណើរការឡើងវិញ ប៉ុន្តែត្រូវអនុវត្តជាដំណាក់កាល៕
© រក្សាសិទ្ធិដោយ thmeythmey.com