កីឡាជាតិ
ជាតិ
កីឡាករ វង្ស ណយ លាឈប់ពីអាជីពប្រដាល់ ដោយសារមិនចង់ទ្រាំទ្រការជេរប្រមាថ
14, Jul 2020 , 1:44 pm        
រូបភាព
ដោយ:
អ្នកលេងគុនខ្មែរ វង្ស ណយ បានសម្រេចលាឈប់ពីអាជីពជាអ្នកប្រដាល់ ក្រោមហេតុផលសុខភាពមិនអំណោយផល និងអន់ចិត្តចំពោះការជេរប្រមាថរបស់មហាជន។ ទោះបីលាឈប់ពីអាជីពនេះក៏ដោយ ម្ចាស់ខ្សែក្រវាត់៤ស្ថាប័នរូបនេះ មិនទាន់ប្រាកដថា ឈប់ពាក់ព័ន្ធនឹងវិស័យកីឡាប្រដាល់គុនខ្មែរនោះទេទៅថ្ងៃអនាគត។



ក្រោយប្រឡូកក្នុងអាជីពជាអ្នកប្រដាល់អស់រយៈពេលជាង១០ឆ្នាំ ការដើរលើវិថីមួយនេះរបស់កីឡាករ វង្ស ណយ ក៏បានឈានដល់ទីបញ្ចប់ បន្ទាប់ពីរូបគេប្រកាសបញ្ចប់អាជីពជាកីឡាករប្រដាល់។ ការលាឈប់ពីអាជីពប្រដាល់របស់គេ បានធ្វើឲ្យមហាជនជាច្រើនងឿងឆ្ងល់ថា ហេតុអ្វីរូបគេសម្រេចចិត្តធ្វើបែបនេះ?

ពាក់ព័ន្ធមូលហេតុនៃការលាឈប់នេះកីឡាករ វង្ស ណយ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមានអារម្មណ៍អន់ចិត្ត ណាមួយសុខភាពយើងមិនអំណោយផល។ អន់ចិត្តត្រង់ថា បើវ៉ៃឈ្នះមិនសូវបានលុយប៉ុន្មាន ប៉ុន្តែបើចាញ់រងការប្រមាថ ជេរម៉ែយើងទៀត»។

សម្រាប់ វង្ស ណយ វាល្មមដល់ពេល ដែលរូបគេត្រូវលាឈប់ពីអាជីពនេះហើយ ដ្បិតរូបគេបានប្រឡូកក្នុងវិស័យនេះអស់រយៈជាច្រើនឆ្នាំមកហើយ។ កីឡាកររូបនេះ អះអាងថា ក្រោយប្រឡូកក្នុងវិស័យនេះអស់រយៈពេលជាង១០ឆ្នាំ រូបគេពុំសល់អ្វីជាដុំកំភួននោះទេ។

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ អ្នកលេងគុនខ្មែររូបនេះបានសរសេររៀបរាប់លើហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖«ខ្ញុំវ៉ៃយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវ៉ៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វ៉ៃនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន។ បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ»។

កីឡាករ វង្ស ណយ បានចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់នៅឆ្នាំ២០០៣។ រូបគេធ្លាប់ឈ្នះខ្សែក្រវាត់ចំនួន៤ ដោយខ្សែក្រវាត់ពីរដណ្តើមបាននៅប្រទេសបារាំង និងពីរទៀតដណ្តើមបាននៅកម្ពុជា។ ទោះបីលាឈប់ពីអាជីពជាកីឡាករប្រដាល់ រូបគេហាក់ស្រពេចស្រពិលនៅឡើយជាមួយវិស័យកីឡាប្រដាល់គុនខ្មែរទៅថ្ងៃអនាគត។ នេះមិនមែនជាលើកទី១ទេ ដែលកីឡាកររូបនេះ ប្រកាសលាឈប់ពីអាជីពជាកីឡាករប្រដាល់ ពោលគឺរូបគេធ្លាប់ប្រកាសបែបនេះម្តងជាពីរដងរួចមកហើយ។

ក្រោយប្រកាសចូលនិវត្តពីអាជីពប្រដាល់ កីឡាករពូកែប្រើកែងរូបនេះ នឹងយកពេលវេលានេះទៅពង្រីកអាជីវកម្មលក់សាច់ក្របីងៀត និងកន្ទាយចំហុយរបស់ខ្លួន ដែលកំពុងទទួលបានការគាំទ្រច្រើនពីអតិថិជន៕

Tag:
 ប្រដាល់គុនខ្មែរ
  វង្ស ណយ
© រក្សាសិទ្ធិដោយ thmeythmey.com