ជាតិ
សង្គមជាតិ
UNDP ផ្ដល់Tablet ១៧០០ គ្រឿង ដល់ក្រសួងផែនការ ដើម្បីសម្រួលដល់ការធ្វើបណ្ណសមធម៌ ក្រុមការងាររបស់ក្រសួងសង្គមកិច្ច ចុះចែកអំណោយដល់គ្រួសារក្រីក្រ (រូបតំណាង
× ភ្នំពេញ៖ កម្មកវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានផ្ដល់ Tablet ១៧០០ គ្រឿងបន្ថែមទៀត ដល់ក្រសួងផែនការ ដើម្បីជួយសម្រួលការងារដល់ឃុំសង្កាត់ លើការពន្លឿនធ្វើបណ្ណសមធម៌ដល់ពលរដ្ឋក្រីក្រ។
ក្រសួងផែនការបានស្នើសុំ Tablet នេះ ពីអង្គការ UNDP ដោយសារមើលឃើញពីភាពយឺតយ៉ាវនិងលំបាកក្នុងការបំពេញការងាររបស់មន្រី្តឃុំសង្កាត់។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងផែនការ លោក ស្រី ដា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី១៤ កក្កដា។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា កន្លងមកនៅតាមឃុំសង្កាតទាំងអស់មាន Tablet តែមួយគ្រឿងប៉ុណ្ណោះ សម្រាប់ស្រង់ទិន្ន័យសម្រាប់ធ្វើបណ្ណសមធម៌ ដែលធ្វើឱ្យរាំងស្ទះដល់ការងារ។ លោក ស្រី ដា ថ្លែងថា៖ «តាមឃុំសង្កាត់មាន Tabletនេះ តែមួយគ្រឿងប៉ុណ្ណោះ ដោយពិនិត្យឃើញភាពលំបាកក្នុងការធ្វើការរបស់មន្រី្តនិងធ្វើការយឺតពីការធ្វើបណ្ណសមធម៌ ក្រសួងក៏សម្រេចស្នើសុំ Tablet បន្ថែមពី UNDP»។
លោក ស្រី ដា អះអាងថា អំឡុងពេលបំពេញការងារធ្វើបណ្ណសមធម៌ក្រសួងផែនការបានរកឃើញភាពមិនប្រក្រតី៦៦៧៥ករណី ហើយក៏បានដោះស្រាយរួចរាល់អស់ដែរ។ លោកបញ្ជាក់ថា ភាពមិនប្រក្រតីដែលរកឃើញភាគច្រើន គឺបណ្ណហួសសុពលភាព អ្នកមានជីវភាពប្រសើរឡើង អ្នកមិនទទួលបានបណ្ណ និងបាត់បណ្ណ ឬរហែកជាដើម។
គិតត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានផ្ដល់ប្រាក់ដល់ពលរដ្ឋក្រីក្រប្រមាណ៥២ម៉ឺនគ្រួសារ គិតជាទឹកប្រាក់ប្រមាណ៣២លានដុល្លារ។ នេះបើតាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន ក្នុងកម្មវិធីចុះទស្សនកិច្ចមជ្ឈមណ្ឌលបង្កាត់ត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែងថ្ងៃទី១៤ កក្កដា៕
Tag:
បណ្ណសមធម៌
ក្រសួងផែនការ
UNDP
© រក្សាសិទ្ធិដោយ thmeythmey.com