មិនមែនតែក្រុមប្រឆាំង ឬអង្គការជាតិ-អន្តរជាតិនោះទេ ដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជា រកយុត្តិធម៌ ជូនអ្នកស្លាប់ដោយសារការបំផ្ទុះអាវុធប៉ុន្មានលើកប៉ុន្មានសា នៅភ្នំពេញ សូម្បីតែប្រមុខរដ្ឋាភិបាល ក៏ចង់បានយុត្តិធម៌ ឲ្យខ្លួនឯងដែរ ដ្បិតមានសាច់ញាតិ បានបង់ជីវិត ដោយសារការបំផ្ទុះអាវុធនោះ រួមទាំងខ្លួនឯងផ្ទាល់ ក៏ធ្លាប់ត្រូវគេលួចបាញ់ប្រហារ ហើយប៊ិះនឹងបាត់បង់ជីវិត។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបង្កាត់ពូជត្រី ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង និងបានជួបសំណេះសំណាលជាមួយប្រជាកសិករ ហើយក៏បាននិយាយដល់ព្រឹត្តិការណ៍ខ្លះៗនៃការបំផ្ទុះអាវុធក្នុងអតីតកាល នៅភ្នំពេញ។ សម្តេចនាយករដ្ឋមន្ត្រី រម្លឹកថា នៅឆ្នាំ១៩៩៦ ប្អូនថ្លៃរបស់សម្តេច ត្រូវគេបាញ់ឲ្យស្លាប់ នៅកណ្តាលភ្នំពេញ។
សម្តេច ដាក់ជាសំណួរថា៖«អ្នកណា បានស្វែងរកយុត្តិធម៌សម្រាប់ខ្ញុំ ពេលគេបាញ់ប្អូនថ្លៃខ្ញុំម្នាក់ឲ្យស្លាប់?»។
សម្តេច មិនបានបញ្ចេញឈ្មោះប្អូនថ្លៃនោះទេ តែកន្លងមក មានការសរសេរលើសារព័ត៌មាននិងគេហទំព័រមួយចំនួនថា លោក កូវ សាមុត ជាប្អូនថ្លៃរបស់សម្តេច ត្រូវគេបាញ់សម្លាប់ នៅភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩៦។ គេ មិនសូវមានព័ត៌មានច្រើនពីលោក កូវ សាមុត ឡើយ។
ប្រមុខរដ្ឋាភិបាល បន្តថា រហូតដល់ឆ្នាំ១៩៩៨ ខ្លួន ក៏ត្រូវគេប៉ងធ្វើឃាត ដោយការបាញ់អាបេប្រភេទ៤០ (B40) ដល់ទៅ៤គ្រាប់ តែសំណាង មិនផ្ទុះត្រូវរថយន្តដែលខ្លួនជិះ។ ប្រមុខរដ្ឋាភិបាល និយាយថា៖«កុំអីរកឆ្អឹងមិនឃើញទេ»។
ប្រមុខរដ្ឋាភិបាល ដាក់សំណួរទីពីរថា៖«អ្នកណា ខ្វល់ខ្វាយរកយុត្តិធម៌ឲ្យខ្ញុំ ឬថា ជីវិតនាយករដ្ឋមន្ត្រី មិនមានតម្លៃ បានជាមិនរកយុត្តិធម៌?»។
យ៉ាងណា មេដឹកនាំរូបនេះ ប្រកាសថា នឹងមិនចងកម្មពៀរជាមួយអ្នក ដែលប៉ងធ្វើឃាតនោះឡើយ។
ក្រោយរបបខ្មែរក្រហម ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ក្តី តែកម្ពុជា មិនទាន់មានសន្តិភាពពេញលេញឡើយ។ ពេលខ្មែរក្រហមដួលរលំភ្លាមៗ រដ្ឋាភិបាលកម្ពុជា នៅមានការប្រយុទ្ធគ្នាជាមួយទ័ពខ្មែរក្រហមនៅឡើយទេ ដោយកាលនោះ ពួកគេ បន្តលាក់ខ្លួន នៅតាមតំបន់ផ្សេងៗ ដូចជា នៅអន្លង់វែងជាដើម។
តមកទៀត ទោះជាមេដឹកនាំខ្មែរក្រហម មាន នួន ជា និង ខៀវ សំផន ជាដើម បានផ្តាច់ខ្លួនចេញពីទ័ពខ្មែរក្រហម មកចុះចូលជារដ្ឋាភិបាល ហើយរដ្ឋាភិបាល បានយកជ័យជម្នះទាំងស្រុង លើទ័ពខ្មែរក្រហម ដែលបន្តលាក់ខ្លួនទាំងនោះក្តី ក៏ កម្ពុជា មិនទាន់អស់ការបំផ្ទុះអាវុធដែរ។
សូម្បីតែមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយក៏ដោយ ក៏កម្ពុជា នៅតែមានការបំផ្ទុះអាវុធ។ តែការបំផ្ទុះទាំងនោះ មិនមែនជាមួយទ័ពខ្មែរក្រហមដូចលើកមុនទេ គឺជាការបំផ្ទុះអាវុធ ដាក់ក្រុមបាតុករ និងការបំផ្ទុះអាវុធក្នុងជួរកងកម្លាំងរដ្ឋាភិបាលខ្លួនឯង។
ជាក់ស្តែង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មានការបំផ្ទុះគ្រាប់បែក នៅមុខរដ្ឋសភាចាស់ (បច្ចុប្បន្នជាតុលាការកំពូល) ដែលបណ្តាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួសជាង១០០នាក់ ខណៈជនរងគ្រោះទាំងនោះ ប្រមូលផ្តុំគ្នាទាមទារឲ្យធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលដឹកនាំដោយលោក សម រង្ស៊ី។
រហូតដល់ថ្ងៃទី៥-ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ដដែល ក៏មានការបំផ្ទុះអាវុធម្តងទៀត ដែលគេ អះអាងថា បង្កឡើងដោយកងទ័ពខាងគណបក្សហ៊្វុនស៊ិនប៉ិច និងកងទ័ពខាងគណបក្សប្រជាជនកម្ពុជា។ របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) សរសេរថា មានយុទ្ធជនប្រមាណ២០០នាក់ បានស្លាប់ក្នុងព្រឹត្តិការណ៍នោះ រួមទាំងមន្ត្រីយ៉ាងតិច៦០នាក់របស់សម្តេចក្រុមព្រះ ក៏ត្រូវបានសម្លាប់ដែរ។
សម្រាប់ព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ និង ព្រឹត្តិការណ៍ថ្ងៃទី៥-ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ក្រុមអ្នកប្រឆាំង តែងតែទាមទាមឲ្យរដ្ឋាភិបាល រកយុត្តិធម៌ជូនអ្នកស្លាប់និងអ្នករបួស រួមទាំងស្វែងរកជនល្មើសមកផ្តន្ទាទោស។ មកដល់ពេលនេះ គេ មិនទាន់ឃើញជនណាម្នាក់ ត្រូវបាននាំទៅកាត់ទោស ដោយសារបំផ្ទុះអាវុធក្នុងព្រឹត្តិការណ៍ទាំងពីរនេះទេ។
រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំណត់ថា កម្ពុជា មានសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុង ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨មក ក្រោមនយោបាយឈ្នឈ្នះរបស់សម្តេច ហ៊ុន សែន។ គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល តែងចាត់ទុក ២៩ធ្នូ ថាជាថ្ងៃទីដ៏សំខាន់មួយ សម្រាប់ប្រវត្តិសាស្ត្រ ហើយតែងប្រារព្ធពិធីរម្លឹកខួបក្នុងថ្ងៃនេះ ជារៀងរាល់ឆ្នាំ៕