កីឡាអន្តរជាតិ
អន្តរជាតិ
UEFA អាច​នឹង​ប្តូរ​នីតិវិធី​ច្បាប់ FFP វិញ ក្រោយ CAS ដក​បម្រាម​របស់ Man City
15, Jul 2020 , 8:59 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) អាច​នឹង​ស្ថិតក្រោម​សម្ពាធ​ជា​សាធារណៈ​ក្នុងការ​ពិនិត្យឡើងវិញ​អំពី​បទបញ្ជា និង​នីតិវិធី​ច្បាប់​ហិរញ្ញវត្ថុ «Financial Fair Play» បន្ទាប់ពី​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) ដក​បម្រាម Manchester City មិន​ឲ្យ​លេង Champions League ២​រដូវ​កាលនោះ​ចេញ​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មេធាវី​កីឡា​លោក Rob Jones​។​


អត្ថបទទាក់ទង


UEFA បានដាក់​ពិន័យ Man City ជា​ប្រាក់ ៣១,៦០ លាន​ដុល្លារ និង​មិន​ឲ្យ​លេង​ក្របខណ្ឌ​កំពូល​អឺរ៉ុប ២​រដូវ​កាល​ផង ក្រោយ​រកឃើញថា​ក្លិប​អង់គ្លេស​មួយ​នេះ បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់ FFP ដោយ​ពួកគេ​បាន​ចំណាយ​ប្រាក់​ច្រើន​លើស​ចំណូល​ក្នុង​ទិញដូរ​កីឡាករ​ចូល​ចន្លោះ​ឆ្នាំ ២០១២ និង ២០១៦​។​
 
​ការដាក់ទណ្ឌកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប បាន​បើក​ការស៊ើបអង្កេត​ក្រោយ​មាន​អត្ថបទ​ជាច្រើន​ដែល​បាន​ចុះផ្សាយ​ដោយ​កាសែត​អាល្លឺម៉ង់ Der Spiegel កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយ​ចោទថា​ក្លិប​ក្នុង​លី​គ Premier League មួយ​នេះ​បាន​បង្កើន​ប្រាក់ឧបត្ថម្ភ​ជា​ទឹកប្រាក់​សិប្បនិម្មិត​។​
 
​យ៉ាងណា​ក៏​ការពិន័យ​នេះ​មិនត្រូវ​បានទទួល​យក​ពី​សំណាក់​ក្លិប Man City ឡើយ ហើយ​ក្លិប​រហស្សនាម​មេឃ​ខៀវ​បាន​យក​រឿងក្តី​នេះ​ទៅកាន់ CAS ដើម្បី​ប្តឹង​ឧទ្ធរណ៍​ជំទាស់​។ ក្រោយ​ការពិនិត្យ CAS បានសម្រេច​ឲ្យ Man City ឈ្នះក្តី​នេះ ដោយ​អាច​រួច​ផុតពី​បម្រាម​លេង Champions League ពីរ​រដូវ​កាល និង​បន្ថយ​ការពិន័យ​ជា​ប្រាក់​ត្រឹម ១១,៣១​លាន​ដុល្លារ​វិញ​។​
 
​មកទល់ពេលនេះ CAS មិនទាន់​បានបង្ហាញ​មូលហេតុ​ពេញលេញ​សម្រាប់​ការសម្រេចចិត្ត​របស់ខ្លួន​នៅឡើយ​ទេ ប៉ុន្តែ​ស្ថាប័ន​នេះ​គ្រាន់តែ​អះអាងថា បទល្មើស​ភាគច្រើន​រប​ស់ Man City មិន​ធ្ងន់ធ្ងរ ឬ​ប៉ះពាល់​អ្វី​ច្រើន​នោះទេ​នៅក្នុង​បទបញ្ជា​របស់ UEFA​។​
 
​បន្ទាប់ពី​ការលើកឡើង​របស់ CAS បែបនេះ លោក Jones បាន​និយាយ​ដោយ​បង្ហាញ​ការ​រិះគន់ថា​ឥទ្ធិពល​នៃ​ច្បាប់ និង​នីតិវិធី​របស់ FFP ដែល​បង្កើត​ដោយ UEFA ។​
«​នេះ​ប្រាកដ​ណាស់​ថា UEFA នឹងមាន​សម្ពាធ​ជាច្រើន​ក្នុងការ​ត្រួតពិនិត្យ​លើ​ក្លិប​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់ FFP ប្រសិនបើ UEFA មិន​ធ្វើកំណែទម្រង់​លើ​គោលការណ៍ និង​នីតិវិធី​របស់​ពួកគេ​ទេនោះ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​មេធាវី Jones​។​
 
 UEFA បង្កើត​ច្បាប់ FFP នេះ​ឡើង​ដើម្បី​បង្ការ និង​ទប់ស្កាត់​រាល់​ក្លិប​កីឡាបាល់ទាត់​ក្នុង​តំបន់​អឺរ៉ុប​លើ​ការចំណាយ​ហួសកំណត់​លើស​ប្រាក់ចំណូល​។ ច្បាប់​នេះដែរ ក៏បាន​ជួយ​ដោះស្រាយ​បញ្ហា​របស់​ក្លិប​ដើម្បី​គេច​ផុតពី​ការ​ជំពាក់​បំណុល​ទៀតផង​៕

Tag:
 Manchester City
  FFP
  CAS
© រក្សាសិទ្ធិដោយ thmeythmey.com