កីឡាជាតិ
ជាតិ
លោក ហែម លំផាត់ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កីឡាហែលទឹក​ទទួលមរណភាព​នៅ​អាយុ​៤៤​ឆ្នាំ
15, Jul 2020 , 9:42 am        
រូបភាព
ដោយ:
លោក ហែម លំផាត់ គ្រូបង្វឹក​ក្រុម​កីឡាករ​ជម្រើសជាតិ​កីឡាហែលទឹក​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បានទទួល​មរណភាព​នៅ​អាយុ​៤៤​ឆ្នាំ ម៉ោង​១​រំលងអធ្រាត្រ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ដោយសារ​ជំងឺ​ប្រចាំកាយ​។ សព​គ្រូបង្វឹក​រូបនេះ កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​របស់លោក នៅ​ម្តុំ​ពោធិ៍ចិនតុង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

 
​លោក ហែម លំផាត់ សមាជិក​ប្រតិបត្តិ និង​ប្រធាន​ក្រុមបច្ចេកទេស​គ្រូបង្វឹក​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ក្រោយ​លោក​មាន​អាការ​ចុកពោះ ហើយ​ក្អួត​ឈាម​។ តាមរយៈ​លទ្ធផល​ពិនិត្យ​របស់​ក្រុមគ្រូពេទ្យ លោក ហែម ផាត់ មាន​បញ្ហា​ធ្លាយ​ក្រពះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។ 
 
​លោក​បាន​បន្ថែមទៀតថា ក្រោយ​ពិនិត្យ​ឃើញបែបនេះ​ក្រុមគ្រូពេទ្យ ក៏បាន​ចង​ត្រង់​មុខរបួស​ដែល​ធ្លាយ ដើម្បី​កុំ​ឲ្យ​ហូរឈាម​។ តែ​យ៉ាងណា​ឈាម​នៅតែ​បន្ត​ដដែល រហូតដល់​យប់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​របស់លោក ហែម លំផាត់ បានធ្វើ​ទុក្ខ​ខ្លាំង រហូត​ធ្វើ​ឲ្យ​លោក​មិនអាច​ទ្រាំទ្រ​បាន ក៏បាន​ទទួលមរណភាព​នៅ​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៥ ខែកក្កដា នេះ​តែម្តង​។ 


 
​សម្រាប់​លោក យី វាសនា មរណភាព​របស់លោក ហែម លំផាត់ ជាការ​បាត់បង់​ធនធាន​គ្រូបង្វឹក ដ៏​មាន​ស្នាដៃ និង​គុណភាព​ខ្ពស់ ដ្បិត​លោក​ធ្លាប់​បង្វឹក​ក្រុម​កីឡាករ​កីឡាការិនី​ជនពិការ ឲ្យ​ទទួលបាន​មេដាយ​ជាច្រើន​នៅលើ​ឆាក​អន្តរជាតិ​។  
 
​លោក​បានបង្ហាញ​ការសោកស្តាយ​យ៉ាង​ដូច្នេះ​ថា​៖«​យើងទាំងអស់គ្នា​មានការ​សោកស្តាយ និង​រន្ធត់ចិត្ត​ជាខ្លាំង​ដោយ​លោកគ្រូ ហែម លំផាត់ ដែលជា​គ្រូ​ដ៏​មាន​ស្នាដៃ ពិសេស​បាន​បង្ហាត់​សិស្ស​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​យើង និង​ធ្លាប់​ដឹកនាំ​កីឡាករ​ចូលរួម​ប្រកួត​ជាច្រើនលើក​ច្រើនសារ​និង​ទទួលបាន​មេដាយ​ជាច្រើន​សម្រាប់​កីឡាករ កីឡាការិនី​ជនពិការ​យើង បានទទួល​មរណភាព​ហើយ​»៕ 

Tag:
 ហែល​ទឹក​
  ហែម លំផាត់​
  ហែម គី​រី
© រក្សាសិទ្ធិដោយ thmeythmey.com