ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សាលារៀន​មួយចំនួន​រៀបចំ​អនាម័យ​និង​ប្រព័ន្ធ​ស្តង់ដារ​សុវត្ថិភាព​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ដំណើរការ​សាកល្បង​បើក​ឡើងវិញ​
15, Jul 2020 , 7:59 pm        
រូបភាព
សកម្មភាព​រៀបចំ​ដាក់​ឲ្យ​មាន​គម្លាត​នៅតាម​ទីធ្លា និង​ក្នុងថ្នាក់​របស់​សាលារៀន​វ៉េស្ទឡាញន៍ នៅទីក្រុងភ្នំពេញ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០។ (ធីតា វីន/វីអូអេ)
សកម្មភាព​រៀបចំ​ដាក់​ឲ្យ​មាន​គម្លាត​នៅតាម​ទីធ្លា និង​ក្នុងថ្នាក់​របស់​សាលារៀន​វ៉េស្ទឡាញន៍ នៅទីក្រុងភ្នំពេញ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០។ (ធីតា វីន/វីអូអេ)
ដោយ: VOA
​ភ្នំពេញ ៖ សាលារៀន​ឯកជន​មួយចំនួន​កំពុង​រៀបចំ​អនាម័យ​និង​ប្រព័ន្ធ​សុវត្ថិភាព នៅក្នុង​សាលា​។ ចំណែក​សាលា​រដ្ឋ​វិញ​ក៏​រង់ចាំ​ការណែនាំ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ផងដែរ ចំពោះ​វិធានការ​ផ្សេងៗ ជុំវិញ​ការបើក​សាលារៀន​ឡើងវិញ បន្ទាប់ពី​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ប្រមាណ ៥ ខែ​កន្លងមកនេះ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

 
​កាលពី​ខែមីនា​កន្លងមកនេះ ក្រសួង​អប់រំ​បានប្រកាស​ឲ្យ​សាលា​ទាំងអស់​នៅ​ទូទាំងប្រទេស​ផ្អាក​ការសិក្សា​មួយរយៈ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​មានការ​រកឃើញ​គណៈ​គ្រប់គ្រង​ជនជាតិ​បរទេស ១​រូប របស់​សាលា​ឯកជន​មួយ នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្រោយពេល​គាត់​ត្រឡប់​មកពី​ក្រៅប្រទេស ហើយក៏​មានការ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ចេះ​កើន​ឡើងជា​បន្តបន្ទាប់​។​
 
​ក្រសួង​អប់រំ​ឲ្យ​ដឹងថា ក្រសួង​កំពុង​រៀបចំ​ឲ្យ​មាន​ការបើក​សាលារៀន​ឡើងវិញ​ជា​ដំណាក់កាលៗ អាស្រ័យទៅលើ​សាលា ដែល​អាចឆ្លើយតប​ទៅនឹង​ស្តង់ដារ​សុវត្ថិភាព​សុខភាព​សិក្សា​។ ដំណាក់កាល​ដំបូង​អាច​ចាប់ផ្តើម ក្នុង​ខែសីហា​ខាងមុខនេះ​។​
 
​វិធានការ​មានដូចជា​ការកាត់បន្ថយ​សិស្ស​អង្គុយ​រៀន នៅក្នុង​ថ្នាក់​ប្រមាណ ៥០ ភាគរយ កន្លែង​អង្គុយ​សម្រាក ឬ​កន្លង​ញុំ​អាហារ​បានដាក់​ឲ្យ​មាន​គម្លាត ការបាញ់​អាល់កុល​សម្លាប់​មេរោគ ជណ្តើរយន្ត​លែង​ឲ្យ​ដំណើរការ តាមដាន​ប្រវត្តិ​ធ្វើដំណើរ​របស់​សិស្ស​និង​បុគ្គលិក កាត់បន្ថយ​ការទូទាត់​សាច់ប្រាក់​ដោយផ្ទាល់ ស្លាក​សញ្ញា​និង​សារ​ជា​អក្សរ ដែល​ក្រើនរំឭក​ពី​ការ​លាងដៃ និង​ការ​នៅ​ឆ្ងាយ​ពីគ្នា បាន​បិទ​តាម​ជញ្ជាំង​នៅ​កន្លែង​មួយចំនួន ក្នុង​សាលា​វ៉េ​ស្ទ​ឡា​ញន៍ និង​សាលា​វេ​ស្ទើ​ន​អន្តរជាតិ​។​
 
​លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន Westline Education Group មានប្រសាសន៍ថា សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ ត្រៀម​កញ្ចប់​ថវិកា​យ៉ាងហោចណាស់ ១០ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​បំពាក់​ឧបករណ៍​សុវត្ថិភាព​ដល់​សិស្ស​គ្រូ និង​បុគ្គលិក​ក្នុង​សាលា ដើម្បី​ទប់ស្កាត់​និង​បង្ការ​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​សាលា​ត្រូវ​បើក​ដំណើរ​ឡើងវិញ​។​


សកម្មភាព​សម្អាត​របស់​សាលារៀនវេស្ទើននៅ​តាមទីធ្លា​សាលា នៅ​សាលាវេស្ទើនអន្តរជាតិ ទីក្រុងភ្នំពេញ ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០។ (ធីតា វីន/វីអូអេ)


ម៉ាស៊ីន​វាស់​កំដៅទំនើប​ដែល​មាន​ទ្វារ ត្រូវបាន​ដាក់​ប្រើប្រាស់នៅ​សាលាវេស្ទើនអន្តរជាតិ។ ​បើសិន​ជា​អ្នក​ឆ្លង​កាត់ មាន​កំដៅ​លើស​ពី 37.5 អង្សារសេ ទ្វារ​មិន​បើក​ឲ្យ​ចូល​ទេ។
 
​លោក​បន្ថែមថា សាលា​នឹង​បំពាក់​ឧបករណ៍​វាស់​កំដៅ​ដោយ​ស្វ័យ​ប្រ​វិត្ត ហើយ​សិស្ស​គ្រូបង្រៀន​បុគ្គលិក​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់ និង​ពាក់​បន្ទះ​ជ័រ​ថ្លា​ការពារ​មុខ​ពេល នៅក្នុង​សាលា​។​
 
​លោក​ថ្លែងប្រាប់ VOA ថា​៖ «​អាហា​រដ្ឋា​ន​ក៏ដោយ​ក៏​យើង​រៀបចំ​មាន​របាំង​ផ្សេងៗ ជាមួយនឹង​គ្រូ​ក៏ដោយ​គាត់​ត្រូវ​ពាក់​ម៉ាស់ ពាក់​កំបាំងមុខ​ហ្នឹង ហើយ​ក្នុង​ថ្នាក់​ត្រូវមាន​គម្លាត​សុវត្ថិភាព សិស្ស​ត្រូវ​ពាក់​ម៉ាស់ ពាក់​កំបាំងមុខ​។ ពាក់ព័ន្ធ​បុគ្គលិក​គ្រូបង្រៀន​ទាំងអស់ ត្រូវតែ​វាស់​កំដៅ​របស់គាត់​ទាំង​អស់ពី​ផ្ទះ​មក​សិន ហើយ​ផ្ញើមក​ប្រធាន​ផ្នែក​គាត់​សិន មុន​គាត់​មក​។ សិស្ស​ក៏ដោយ​ក៏​ដូចគ្នា​ដែរ​។ អ៊ីចឹង​ត្រូវការ​ការចូលរួម​ពី​ឪពុកម្តាយ​ខ្លាំង​មែនទែន​។ អ៊ីចឹង​បូក​បញ្ចូល​ជាមួយ​ប្រព័ន្ធ​ស្តង់ដារ​សុវត្ថិភាព​របស់​យើង​ទៀត​អ៊ីចឹង ខ្ញុំ​ជឿថា យើង​មាន​ទំនុកចិត្ត​។ បើ​ក្នុងករណី​នៅពេល​ក្រសួង​អនុញ្ញាត​ឲ្យ​យើង​បើក គឺ​យើង​អាចធ្វើ​បាន​ដោយ​សុវត្ថិភាព និង​គុណភាព​ខ្ពស់​នេះ​»​។​
 
​សាលា​វ៉េ​ស្ទ​ឡា​ញន៍ ដែលមាន ១១ ទីតាំង បាន​បើក​បង្រៀន​អស់​រយៈពេល ១២ ឆ្នាំ​មកហើយ​។ សាលា​មាន​សិស្ស​ប្រមាណ ១៣០០០ នាក់ ដែល​សិក្សា​ចាប់ពី​ថ្នាក់​ម​តេ្ត​យ្យ​ដល់​វិទ្យាល័យ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក ប៉ិច បូ​ឡែ​ន​។​
 
​ស្រដៀង​គ្នា​ដែរ សាលា​វេ​ស្ទើ​ន​អន្តរជាតិ​ក៏​ត្រៀម​អនុវត្ត​វិធានការ​សុខភាព​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដើម្បី​អាច​បើក​សាលា​វិញ​បាន​។ សាលារៀន​នេះ​បាន​បើក​ដំណើរការ​អស់​រយៈពេល​ជិត ២០ ឆ្នាំ ពី​ថ្នាក់​ម​តេ្ត​យ្យ​ដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដែលមាន​សាខា​ទាំងអស់ ១៦ ទីតាំង​មាន​សិស្ស​ប្រមាណ ១៤០០០​នាក់​។​
 
​លោក តែ ឡូ​រិ​ន នាយក​នៃ​សាលា​វេ​ស្ទើ​ន​អន្តរជាតិ មានប្រសាសន៍ថា មុន​ចូល​សាលា​សិស្ស​គ្រូ​និង​បុគ្គលិក​ទាំងអស់​ត្រូវ​ឆ្លងកាត់​ទ្វារ​សុវត្ថិភាព​បាញ់​អាល់កុល សម្លាប់​មេរោគ បន្ទាប់មក​ត្រូវ​ឆ្លងកាត់​ច្រកទ្វារ​មួយទៀត ដែលមាន​ម៉ាស៊ីន​វាស់​កំដៅ​ដោយ​ស្វ័យប្រវត្តិ ច្រកទ្វារ​នោះ​មិន​បើកទ្វារ​ឲ្យ​អ្នក​ដែលមាន​កំដៅ​លើសពី ៣៧.៥ អង្សារ​សេ នោះទេ ហើយ​សំឡេង​រោទិ៍​នឹង​បន្លឺឡើង​។​
 
​លោក​មានប្រសាសន៍ថា​៖ «​យើង​បានរៀបចំ​ឲ្យ​មាន​ការបាញ់​សម្អាត​តាម​បន្ទប់រៀន​នីមួយៗ បាញ់​អាល់កុល​គ្រប់សព្វ​បែបយ៉ាង ហើយ​រៀប​ថ្នាក់រៀន​ឡើងវិញ ហើយ​បន្តិចទៀត យើង​រៀប​ខ្លោងទ្វារ​សុវត្ថិភាព ដែល​សិស្ស​ចូលមក វា​មានការ​បាញ់សម្លាប់​មេរោគ​ហ្នឹង អូ​តូ​ម៉ា​ទិច​ដោយ​ស្វ័យប្រវត្តិ​»​។​
 
​លោក​បាន​បញ្ជាក់ថា ពេលនេះ​គឺជា​ពេលដែល​សមស្រប​គួរតែ​បើក​សាលា​ឡើងវិញ ពីព្រោះ​កន្លែង​សាធារណៈ​ផ្សេងៗ បាន​បើក​ដំណើរការ​អស់ហើយ​។​
 
​លោក​បន្ថែមថា​៖ «​ហើយ​ដូចជា​មិនគួរ​ឃាត់ឃាំង​សាលា​បន្តទៅទៀត​ទេ ពីព្រោះ​សាលា​ហ្នឹង​គឺជា​ទី​សុវត្ថិភាព​ជាងគេ ហើយ​ក្នុង​រឿង​អនាម័យ​ហ្នឹង ដែល​យើង​អាច​តម្រូវ​ឲ្យ​ធ្វើ​ម៉េច​ក៏បាន​។ យើង​អាចដាក់​កំហិត​យ៉ាងម៉េច ក៏​គាត់​ព្រមធ្វើ​តាម​ដែរ ជាពិសេស​សាលា​ឯកជន​ទាំងឡាយ​។ គ្រប់​សាលា​ទាំងអស់​បញ្ហា​នេះ ជា​បញ្ហា​ចម្បង ហើយ​អំពី​ស្តង់ដារ​អនាម័យ​នេះ ពីព្រោះ​វា​ជា​សេដ្ឋកិច្ច​របស់គាត់​»​។​


បុគ្គលិក​សាលាវេស្ទើនអន្តរជាតិ កំពុង​ធ្វើក្លោងទ្វារ​សុវត្ថិភាព សម្រាប់​ដាក់​ប្រើប្រាស់​នៅក្នុង​សាលា នៅសាលាវេស្ទើនអន្តរជាតិ ទីក្រុងភ្នំពេញ ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០។ (ធីតា វីន/វីអូអេ)


សកម្មភាព​រៀបចំ​ដាក់​ឲ្យ​មាន​គម្លាត​នៅតាម​ទីធ្លា និង​ក្នុងថ្នាក់​របស់​សាលារៀន​វ៉េស្ទឡាញន៍ នៅទីក្រុងភ្នំពេញ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០។ (ធីតា វីន/វីអូអេ)
 
​វិធានការ​របស់​រដ្ឋា​ភិ​បាល​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្រៅពី​សាលារៀន​នៅមាន​កន្លែង​ប្រមូលផ្តុំ​មួយចំនួនទៀត ក៏បាន​ផ្អាក​បណ្តោះអាសន្ន​ផងដែរ រួមមាន​ការប្រគំ​តន្ត្រី កន្លែង​ច្រៀង​កម្សាន្ត​ខារ៉ាអូខេ ក្លឹប​កម្សាន្ត បៀរហ្គាឌិន ក្លឹប​ហាត់ប្រាណ កាស៊ីណូ កន្លែង​ប្រារព្ធ​ពិធី​សាសនា​ជាដើម​។ ក៏ប៉ុន្តែ នៅក្នុង​អំឡុង​ពេលនេះ កន្លែង​មួយចំនួន​បាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ បើទោះជា​រដ្ឋាភិបាល​មិនទាន់​បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ​ឲ្យ​បើក​ឡើងវិញ​ក៏ដោយ​។​
 
​ចំណែក​នៅឯ​ខេត្តសៀមរាប​វិញ ដែលជា​តំបន់​ទេសចរណ៍ លោក ឯក សុ​ថាវ​ន្ត័ ជា​នាយក​សាលា​អន្តរជាតិ​ឃី​ង​គ្ល​រី ឲ្យ​ដឹង​ដែរ​ថា សាលារៀន​របស់លោក បាននិងកំពុង​រៀបចំ​អនាម័យ​ជា​បណ្តើរៗ ដើម្បី​ការពារ​សុវត្ថិភាព​ដល់​សិស្ស​ទាំងអស់ ឲ្យ​ស្របទៅតាម​ស្តង់ដារ​សុវត្ថិភាព បើទោះបីជា​ពេលនេះ​នៅ​មិនទាន់​ដឹង​ពី​កាលបរិច្ឆេទ​ចូលរៀន​ច្បាស់លាស់​ក៏ដោយ​។​
 
«​យើង​មាន​ចំណាត់ការ​ច្បាស់លាស់​ក្នុងការ​ដាក់ចេញ​ឲ្យ​សិស្សានុសិស្ស គោរព​តាម​គោលការណ៍​របស់​យើង​។ ជារួម នៅ​សាលារៀន​គឺអាច​មានលទ្ធភាព​គ្រប់គ្រង​បាន​អ៊ីចឹង ខ្ញុំ​មិន​គិតថា​រលក​ទី​២ អាច​នឹង​កើតមាន នៅពេលដែល​បើក​ដំណើរការ​សាលា​នោះទេ​។ ខ្ញុំ​គិតថា សាលា​ជាទី​តាំង​មួយ ដែល​អាច​គ្រប់គ្រង​នូវ​ការ​រាតត្បាត មិនមែនជា​កន្លែង​ដែល​ប្រឈម​ខ្ពស់​»​។​
 
​ខណៈពេលដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ ស្ថាប័ន​អប់រំ​ក្នុងប្រទេស​កម្ពុជា រាប់​តាំងពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ជាង ១៥.០០០ ស្ថាប័ន ត្រូវបាន​ក្រសួង​អប់រំ​ឲ្យ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​។ ការណ៍​នេះ​ធ្វើ​ឲ្យ​សិស្ស​និស្សិត​ប្រមាណ​ជា ៣ លាន ៥ សែន​នាក់ ផ្អាក​ការសិក្សា​ដោយផ្ទាល់​នៅនឹងកន្លែង​ដោយ​ប្តូរ​មក​រៀន​តាម​អន​ឡាញ ឬ​ពី​ចម្ងាយ​វិញ​។​
 
​ជាមួយគ្នានេះដែរ លោក សេង សុខ​ហ៊ាន នាយក​សាលា​ពន្លឺ​វិជ្ជា​អន្តរជាតិ​នៅ​ខេត្តកំពង់ចាម មានប្រសាសន៍ថា ទោះបីជា​សាលារៀន​ជា​កន្លែង​ប្រមូលផ្តុំ​កុមារ មែន​តែមាន​ភាពងាយស្រួល​ការពារ​សុវត្ថិភាព​ជាង​នៅតាម​ទីសាធារណៈ​ផ្សេង​។​
 
«​សាលា​ក៏​បង្កើន ហើយនឹង​ក៏​រឹតតែ​ជំរុញ​ក្នុងការ​ណែនាំ​ហ្នឹង​ឲ្យ​កាន់តែខ្លាំង​ទៀត​។ អនុវត្ត​នូវ​វិធានការ​ការពារ​ហ្នឹង ហើយ​ជាពិសេស នៅពេលដែល​ចេញលេង ឬ​ពេល​រៀន​ក្នុង​ថ្នាក់​ហ្នឹង​គ្រូ ឬក៏​ថ្នាក់ដឹកនាំ​ហ្នឹង​ប្រាកដជា នឹង​ខិតខំ​ប្រឹងប្រែង​ហើយ​ជួយ​គ្នា​ក្នុង​ការណែនាំ ដើម្បី​ឲ្យ​គាត់​មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ក្នុង​រឿងនេះ​។ អ៊ីចឹង​ខ្ញុំ​គិតថា នៅក្នុង​សាលា​ការប្រុងប្រយ័ត្ន ងាយស្រួល​ជាង​នៅតាម​ទីផ្សារ​»​។​
 
​សាលារៀន​ឯកជន​ភាគច្រើន​នៅក្នុង​អំឡុង​នេះ​កំពុងតែ​ត្រៀម និង​រៀបចំ​ពី​ប្រព័ន្ធ​ស្តង់ដារ​សុវត្ថិភាព​ស្រដៀងៗ​គ្នា ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​


សកម្មភាព​រៀបចំ​ដាក់​ឲ្យ​មាន​គម្លាត​នៅតាម​ទីធ្លា និង​ក្នុងថ្នាក់​របស់​សាលារៀន​វ៉េស្ទឡាញន៍ នៅទីក្រុងភ្នំពេញ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០។ (ធីតា វីន/វីអូអេ)


​បុគ្គលិក​របស់​សាលាវ៉េស្ទឡាញន៍ កំពុង​ធ្វើរបាំងមុខ​សម្រាប់គ្រូ និង​សិស្ស​ ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លងរាលដាល​នៃ​វីរុស​កូរ៉ូណា នៅសាលាវ៉េស្ទឡាញន៍ ទីក្រុងភ្នំពេញ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០។ (ធីតា វីន/វីអូអេ)
 
​លោក ច័ន្ទ វាសនា នាយករង​សាលា​អន្តរជាតិ​បញ្ញា​សាស្ត្រ នៅ​ខេត្តបាត់ដំបង ឲ្យ​ដឹង​ពី​ការត្រៀម​លក្ខណៈ​ការពារ​សុវត្ថិភាព ស្រដៀង​ទៅនឹង​សាលា​ឯកជន​ផ្សេងៗ​ទៀត​ដែរ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ឥឡូវ​យើង​ចាប់ផ្តើម​ធ្វើការ​រៀបចំ​សម្អាត​នៅក្នុង​ថ្នាក់ ដូចជា​ការបាញ់សម្លាប់​មេរោគ និង​ប្រព័ន្ធ​នៃ​ការការពារ​មេរោគ មានទឹក​អាល់កុល​លាងដៃ និង​ត្រៀម​ម៉ាស់​សម្រាប់​ក្នុងការ​ដំណើរការ​នៃ​ការបើក​សាលារៀន​ឡើងវិញ​»​។​
 
​ក្រៅពី​សាលា​ឯកជន នៅមាន​សាលា​រដ្ឋ​មួយចំនួន​ក៏បាន​កំពុង​គិតគូរ​រៀបចំ​គម្រោង​ការពារ​សុវត្ថិភាព​ដល់​សិស្ស នៅពេល​ឲ្យ​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ផងដែរ បើទោះបីជា​មិនទាន់មាន​ការជូនដំណឹង​ជា​ផ្លូវការ​របស់​ក្រសួង​អប់រំ​នៅឡើយ​។​
 
​លោក ហួត សុធី នាយក​អនុវិទ្យាល័យ​អូរ​បែកក្អម មានប្រសាសន៍ថា លោក​កំពុង​រង់ចាំ​មើល​ការណែនាំ​របស់​ក្រសួង​ថា តើ​មួយ​បន្ទប់​អាច​ឲ្យ​ដាក់​សិស្ស​បាន​ប៉ុន្មាន​នាក់ ខណៈ​លោក​ក៏បាន​ត្រៀម​ជា​ឧបករណ៍​វាស់​កំដៅ និង​សាប៊ូ​សម្រាប់​លាងដៃ​ផងដែរ​។​
 
​លោក​បញ្ជាក់ថា​៖ «​គម្រោង​របស់ខ្ញុំ​ទី​១ ខ្ញុំ​ឲ្យ​ច្រកចេញចូល​តែមួយ​ទេ ទី​២ យើង​ត្រូវមាន​ប្រដាប់​វាស់​កំដៅ ទី​៣ សំខាន់​គឺ​សាប៊ូ​ហើយ​ហ្នឹង ទឹកស្អាត​អាហ្នឹង ក៏​ខ្ញុំ​ត្រូវ​ត្រៀម​ដែរ​ចាំមើល​ការណែនាំ ពី​ក្រសួង​ទៀតថា ក្នុង​១​បន្ទប់ យើង​អាចដាក់​ប៉ុន្មាន​នាក់ អី​ប៉ុន្មាន​នាក់​»​។​
 
​ចំណែក​លោក នុត ងួន​លី នាយក​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង បាន​មានប្រសាសន៍ថា ពេលនេះ​សាលា​កំពុង​រង់ចាំ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង ដើម្បី​ការពារ​សុវត្ថិភាព​នៅពេល​សាលា​បើក​ឡើងវិញ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​បើសិនជា​ក្រសួង​តម្រូវការ​ឲ្យ​មាន​ដាក់​គម្លាត​សុវត្ថិភាព​ប៉ុន្មាន មានការ​លាងដៃ​យ៉ាងម៉េច រៀបចំ​លាងដៃ ឬក៏​លាង​អាល់កុល​យ៉ាងម៉េច ឬក៏​មុននឹង​ចូល​ឲ្យ​យើង​បាញ់​កំដៅ​យ៉ាងម៉េច យើង​នឹង​ធ្វើតាម​ការណែនាំ​របស់​ក្រសួង​»​។​
 
​ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹង​ស្នើសុំ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​អនុញ្ញាត​ឲ្យ​ដំណើរការ​សាកល្បង​ដំណាក់កាល​ទី​១ សាលារៀន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​មួយចំនួន​តូច ក្នុងអំឡុង​ខែសីហា ឆ្នាំ​២០២០​។ ចំណែក​ដំណាក់កាល​ទី​២ និង​ទី​៣ រង់​ចាំមើល​បទពិសោធ​ន៍​ដំណាក់កាល​ទី​១ ជាមុនសិន​។​នេះ​បើតាម​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​។​
 
​លោក រស់ សុ​វាចា បាន​មានប្រសាសន៍ថា គ្រឹះស្ថានសិក្សា​ត្រូវ​ចុះកិច្ចសន្យា​ទទួលខុសត្រូវ​លើ​ការអនុវត្ត​វិធានការ​នៃ​ការលើកកម្ពស់​សុខភាព​សិក្សា ក្នុង​បរិបទ​កូ​វីដ​១៩ ដូចជា​ការរៀបចំ​បរិ​ស្ថាន​សាលារៀន និង​ថ្នាក់រៀន​ឲ្យ​ស្របតាម​ស្តង់ដារ​សុវត្ថិភាព​សុខភាព សិក្សា​ការរក្សា​គម្លាត​សុវត្ថិភាព ការ​វាស់​កំដៅ​បុគ្គល និង​ការ​លាងដៃ​ជាប្រចាំ ការពាក់​ម៉ាស​រៀន​ក្នុង​ថ្នាក់​ខ្លះ និង​រៀន​តាម​អន​ឡាញ​ខ្លះ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​គ្រឹះស្ថានសិក្សា​ត្រូវ​រៀបចំ​ក្រុមការងារ​ទទួលបន្ទុក​សុវត្ថិភាព​សុខភាព​សិក្សា ដើម្បី​ត្រួតពិនិត្យ​ជាប្រចាំ​គ្រឹះស្ថានសិក្សា ត្រូវតម្រូវ​ឲ្យ​មានការ​ធ្វើតេស្ត ពិនិត្យ​សុខភាព និង​រក​មេរោគ​កូ​វីដ​១៩ សម្រាប់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​។ ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​ម៉ឺងម៉ាត់ លើ​ការអនុវត្ត​របស់​គ្រឹះស្ថានសិក្សា​»​។​
 
​លោក រស់ សុ​វាចា បាន​បដិសេធ​មិន​ព្រម​អត្ថាធិប្បាយ​លម្អិត​បន្ថែម​លើសពីនេះ​នោះទេ ជុំវិញ​ការត្រៀម​ឲ្យ​មាន​ការបើក​សាលារៀន​ឡើងវិញ​នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com