កីឡាអន្តរជាតិ
អន្តរជាតិ
ក្តីសង្ឃឹម​របស់ Drogba ដើម្បី​ក្លាយជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​កូត​ឌី​វ័រ ហាក់​រលាយ​ព្រោះ​គ្មាន​អ្នកគាំទ្រ​
15, Jul 2020 , 11:29 pm        
រូបភាព
​ក្តីសង្ឃឹម​របស់ Didier Drogba វីរបុរស​តោ​ខៀវ Chelsea ក្នុងការ​ក្លាយជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កូត​ឌី​វ័រ (IFF) បាន​ជួប​ការលំបាក​ខ្លាំង និង​ប្រឈម​នឹង​បរាជ័យ​ផង បន្ទាប់ពី​កីឡាករ​ដទៃទៀត​មិន​បង្ហាញ​ការគាំទ្រ​បេក្ខភាព​របស់ខ្លួន​។


​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Chelsea និង​ជម្រើសជាតិ​កូត​ឌី​វ័រ ជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​បេក្ខជន ៣ រូប​ផ្សេងទៀត​ដែល​ឈរឈ្មោះ​បោះឆ្នោត​ជ្រើស​ដើម្បី​រើស​ជា​ប្រធាន IFF នៅក្នុង​ខែកញ្ញា​ខាងមុខ​។ ប៉ុន្តែ​រូបគេ​មិនទាន់​ទទួលបាន​ការយល់ព្រម​គាំទ្រ​ពី​ក្រុម​ណាមួយ​ក្នុងចំណោម​ក្រុម​ពិសេស​ទាំង ៥ ដែល​ត្រូវការ​ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅឡើយ​ទេ​។​
 
Drogba ដែល​សព្វថ្ងៃ​វ័យ ៤២ ឆ្នាំ ត្រូវបាន​គេ​រំពឹងថា នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​សហព័ន្ធ​កីឡាករ​បាល់ទាត់​អាជីព​ក្នុងស្រុក​ដែល​ដឹកនាំ​ដោយ​អតីត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​កូត​ឌី​វ័រ លោក Cyrille Domoraud ប៉ុន្តែ​ពួកគេ​បែ​ជា​ទៅ​គាំទ្រ​លោក Idriss Diallo ដែលជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​បេក្ខជន​ពីរ​នាក់​ផ្សេងទៀត​ទៅវិញ​។​
 
​តាមរយៈ​សេចក្តីប្រកាស​មួយ​របស់​សមាគម​កីឡាករ​បាល់ទាត់​កូត​ឌី​វ័រ (AIF) សមាជិក​ភាគច្រើន​របស់​ពួកគេ​បានសម្រេច​ចិត្ត​យល់ព្រម​គាំទ្រ​លើ​ការដឹកនាំ​របស់លោក Idriss Diallo​។ AIF បន្ថែម​យ៉ាងច្បាស់​ទៀតថា ពួកគេ​នៅមាន​ភាពស្មោះត្រង់​ចំពោះ​សមាគម​ដែលមាន​លោក Diallo ធ្លាប់ជា​សមាជិក​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក Diallo ថែមទាំង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​សមាគម​គ្រូបង្វឹក​ក្នុងស្រុក​ទៀតផង​។​
 
​ដោយឡែក Drogba ឯណោះ​វិញ ក្រៅពី​មិន​ទទួលបាន​ការគាំទ្រ​ពី​សមាជិក AIF រូបគេ​ក៏​បរាជ័យ​ក្នុង​ការទទួល​បានការ​គាំទ្រ​ពី​ក្រុម​អាជ្ញាកណ្តាល និង​សមាគម​អតីត​អ្នកកីឡា​បាល់ទាត់​អាជីព​ដែល​កំពុង​គាំទ្រ​គូប្រជែង​របស់គេ គឺ​លោក Sory Diabate ផងដែរ​។​
 
​ដោយសារ​បញ្ហា​ទាំងអស់​នេះហើយ ទើប​ធ្វើ​ឲ្យ Drogba ដែល​ធ្លាប់​នាំ​ក្រុម​ជម្រើសជាតិ​កូត​ឌី​វ័រ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ចំនួន​៣​លើក និង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ក្របខណ្ឌ​អាហ្វ្រិក Africa Cup of Nations ពីរលើក​ជាប់​គ្នា​នោះ ពិបាក​ក្នុងការ​ឈ្នះ​ការបោះឆ្នោត ដើម្បី​ក្លាយជា​ប្រធាន IFF នៅ​អាណត្តិ​នេះ​ណាស់​៕

Tag:
 Didier Drogba
  IFF
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com