ជាតិ
ដាំដើមឈើជួយបន្ថយកម្តៅលើថ្មប្រាសាទ រូបភាព៖ លោក ហង់ ពៅ (ពាក់វែនតា) ព្រះសង្ឃ និងសហការីដាំកូនឈើនៅព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០២០។
× សៀមរាប៖ ក្រៅពីការងារអភិរក្សប្រាសាទ ការបង្កើនគម្របព្រៃឈើឡើងវិញ ក្នុងតំបន់រមណីយដ្ឋានអង្គរ ជាកាតព្វកិច្ចសំខាន់របស់អាជ្ញាធរ ។ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានលើកឡើងក្នុងពិធីដាំកូនឈើ ថា ការរួមគ្នាដាំដើមឈើឡើងវិញ គឺស្មើនឹងការចូលរួមអភិរក្សប្រាសាទយ៉ាងដូច្នោះដែរ។
«ព្រៃឈើ បានផ្តល់ជាម្លប់ ទាក់ទាញទឹកភ្លៀង ផ្តល់សំណើម កាត់បន្ថយការបំពុលបរិស្ថាន ក៏ដូចជាការប្រើប្រាស់របស់ពលរដ្ឋ...ប្រាសាទរបស់យើងដែលនៅទីនេះ មិនមែនតែអង្គរវត្តមួយទេ គឺប្រាសាទទាំងអស់ក៏ត្រូវការការពារ និងថែរក្សាដោយដើមឈើនេះដែរ»។ នេះជាការលើកឡើងរបស់អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ ក្នុងពិធីដាំកូនឈើនៅបរិវេណខាងត្បូងប្រាសាទអង្គរវត្ត នាថ្ងៃទី១៥ កក្កដា។
លោក ហង់ ពៅ បានលើកពីគុណតម្លៃមួយចំនួនទៀតរបស់ព្រៃឈើ លើប្រាង្គប្រាសាទ ដូចជារួមចំណែកកាត់បន្ថយកម្តៅលើថ្ម ដែលតាមការសិក្សាកន្លងមក ព្រោះនៅពេលថ្ងៃ ថ្មប្រាសាទឡើងកម្ដៅជិត ៨០ដឺក្រេ និងនៅពេលយប់កម្ដៅធ្លាក់នៅត្រឹម២០ដឺក្រេ។ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាយល់ថា ដើមឈើរួមចំណែកកាត់បន្ថយសម្ពាធកម្តៅលើថ្ម ហើយការដាំដើមឡើងវិញនេះ ជាការរួមចំណែកអភិរក្សប្រាសាទ បង្ការពីភាពពុកផុយថ្មយ៉ាងដូច្នោះដែរ។
លោក ហង់ ពៅ បានបន្ថែមថា៖« តួនាទីដើមឈើពេលវាធំ ជួយផ្តល់សំណើម ជួយកាត់បន្ថយសម្ពាធលើថ្មដែលជាការអភិរក្សរបស់យើង ទប់លំនឹងទឹកក្រោមដី ទប់ខ្យល់មិនឱ្យប៉ះពាល់ដោយផ្ទាល់ជាមួយថ្មប្រាសាទ ព្រោះប្រាសាទយើងមិនមានចាក់បេតុងអីទេ...នេះជាសារអំពាវនាវដល់បងប្អូនដែលកាប់ដើមឈើ គួរតែពិចារណាពីតួនាទីរបស់ដើមឈើ»។
បន្ថែមពីនេះ ក្នុងឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាមានគម្រោងដាំ និងចែកចាយកូនឈើចម្រុះដល់គ្រប់ស្ថាប័ន និងសាធារណជន រហូតដល់ជាង១០ម៉ឺនដើម ក្នុងន័យបរិស្ថាន និងបង្កើនគម្របព្រៃឈើឡើងវិញក្នុងប្រទេសកម្ពុជា។
ក្រុមមេធាវីរាជរដ្ឋាភិបាលដែលសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំដើមឈើ៤០០ដើមនៅបរិវេណប្រាសាទអង្គរវត្ត លោក គី តិច ដែលជាប្រធាន ថ្លែងថាការដាំកូនឈើនៅតំបន់បេតិកភណ្ឌនៅពេលនេះ គឺមានសារសំខាន់ និងបង្ហាញថា អ្នកច្បាប់ក៏ចូលរួមក្នុងការងារសង្គម ជួយបំផុសចលនាដាំដើមឈើឡើងវិញ និងក្លាយជាគំរូដល់យុវជនក្រោយៗ។
គួរបញ្ជាក់ថា ដើមឈើដែលត្រូវដាំក្នុងពិធីខាងលើក្រោមប្រធានបទ «សន្ដិភាព យុត្ដិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន» សរុប ៤០០ដើម មានឈើគ្រញូង បេង ធ្នង់ នាងនួន សុក្រំ រំដួល និងថ្កុលមាស៕
Tag:
បរិស្ថាន
ឧទ្យានអង្គរ
ហង់ ពៅ
អាជ្ញាធរអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com