ជាតិ
សង្គមជាតិ
​ថៃ ដាក់​បន្លា​លួស​តាម​ព្រំដែន ទប់ស្កាត់​ពលករ​ខ្មែរ ចូល​ទៅដោយ​ខុសច្បាប់​
16, Jul 2020 , 3:05 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក ទឹកចិត្ត ពលករ ឆ្លងដែន
រូបពីទំព័រហ្វេសប៊ុក ទឹកចិត្ត ពលករ ឆ្លងដែន
​តាំងពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ គេ ឃើញ​មាន​បន្លា​លួស នៅតាម​តំបន់​មួយចំនួន ក្នុង​ទឹក​ថៃ ដែល​អាជ្ញាធរ​ថៃ បានដាក់​ពង្រាយ ដើម្បី​រារាំង​ពលករ​ខ្មែរ ចូល​ទៅដោយ​ខុសច្បាប់ ហើយក៏​ដើម្បី​ទប់ស្កាត់​ការ​រាល​ជំងឺ​កូ​វីដ​-១៩​ដែរ​។ 



​ឧ​ត្ត​ម​សេនីយ៍​ឯក  ឆាយ គឹម​ខឿន អង្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លើកឡើងថា អាជ្ញាធរ​កម្ពុជា ក៏មាន​វិធានការ​ដែរ ក្នុងការ​ទប់ស្កាត់​ពល​ករ​ខ្មែរ កុំ​ឲ្យ​ឆ្លងដែន​ទៅ​ថៃ​ដោយ​ខុសច្បាប់​។ លោក បន្តថា គ្មាន​នរណា ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ ឆ្លងដែន​ខុសច្បាប់ ហើយ​ត្រូវគេ​ធ្វើបាប​នោះទេ តែ​ពួកគាត់​មួយចំនួន នៅតែ​ឆ្លៀត​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ដដែល​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១៥ ខែកក្កដា អ្នកនាំពាក្យ​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​យើង មាន​វិធានការ ហើយ​អនុវត្ត​យ៉ាង​តឹងរឹង​បំផុត ប៉ុន្តែ​ប្រវែង​ព្រំដែន​វែង​យ៉ាងនេះ ហើយ​ឃើញ​មាន​ភ្នំ​ច្រើន ដូច្នេះ កម្លាំង​យើង មិនអាច​រៀប​ដូច​បង្គោល​របង ឈរ​យាម​ដូច​យើង​យាម​រៀបចំ​សណ្តាប់​នៅ​ទីក្រុង​បានទេ​»​។ 
 
​លោក អាត់ ខែម ស្នងការ​ខេត្តបន្ទាយមានជ័យ ថ្លែងថា អាជ្ញាធរ​ថៃ ពិតជា​បានដាក់​បន្លា​លួស ក្នុង​តំបន់​មួយចំនួន តាម​ព្រំដែន​មែន ប៉ុន្តែ មិន​ស្ថិតក្នុង​ទឹកដី​ខ្មែរ​ទេ គឺ​ស្ថិត​ចូលទៅ​ជ្រៅ​ក្នុង​ទឹកដី​ថៃ​។ លោក មានប្រសាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖«​គេ ដាក់ [​បន្លា​លួស​នៅ​] កន្លែង​ណា ដែល​កងកម្លាំង​គេ ពិបាក​ទៅដល់​»​។ 
 
​យ៉ាងណា លោក អះអាងថា មាន​ពលរដ្ឋ​ខ្មែរ​តិចតួច​ប៉ុណ្ណោះ ដែល​ធ្វើដំណើរ​តាម​ព្រំដែន​ខេត្តបន្ទាយមានជ័យ លួច​ចូលទៅ​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ ហើយ​ត្រូវ​សមត្ថកិច្ច ហាមឃាត់​។​

ទាំង​លោក ឆាយ គឹម​ខឿន ទាំង​លោក អាត់ ខែម មិនអាច​សន្និដ្ឋានបាន​ឡើយ​ថា ថៃ ដាក់​បន្លា​លួស​ប៉ុន្មាន​កន្លែង នៅតាម​ព្រំដែន​។ 
 
​ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ ប្រទេស​ថៃ បាន​ផ្អាក​អាជីវកម្ម​និង​កន្លែងធ្វើការ​នានា ដែល​បណ្តាល​ឲ្យ​ពលករ​ខ្មែរ គ្មាន​ការងារ​ធ្វើ ហើយក៏​សម្រុក​មក​កម្ពុជា​វិញ​។ របាយការណ៍​ពី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា  គិត​ត្រឹម​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ មាន​ពលរដ្ឋ​ខ្មែរ​ជាង​១​សែន​នាក់​ហើយ  បាន​ត្រឡប់​មកពី​បរទេស ជាពិសេស​ពី​ប្រទេស​ថៃ​។ 
 
​ទន្ទឹមនឹងនេះ ក៏មាន​ពលរដ្ឋ​ខ្មែរ វិលត្រឡប់​ចូលទៅ​ទឹកដី​ថៃ​វិញ​ដែរ តាម​ខេត្ត ដែល​នៅជាប់​ប្រទេស​ថៃ ដូចជា បន្ទាយមានជ័យ​និង​បាត់ដំបង ជាដើម​។ ដោយសា​តែ​កម្ពុជា​និង​ថៃ នៅតែ​បន្ត​បិទ​ព្រំដែន ដូច្នេះ ពលរដ្ឋ​ខ្មែរ​ទាំងនោះ ត្រូវ​បង្ខំ​លបលួច​ចូល​ប្រទេស​ថៃ តាម​ច្រក​ផ្សេងៗ ដែល​គ្មាន​សមត្ថកិច្ច​ឈរជើង ដើម្បី​ទៅ​ស្វែងរក​ការងារ​ធ្វើ​វិញ​។ 
 
​ពេលខ្លះ​ពលរដ្ឋ​ខ្មែរ ដែល​លួច​ឆ្លងដែន​ទាំងនោះ ត្រូវ​សមត្ថកិច្ច​កម្ពុជា ប្រទះឃើញ ហើយក៏​រារាំង ហើយ​ពេលខ្លះ បាន​ចូល​ទៅដល់​ទឹកដី​ថៃ ក៏ត្រូវ​សមត្ថកិច្ច​ថៃ ចាប់បញ្ជូន​មកវិញ​៕

Tag:
 ថៃ​ដាក់​បន្លា​លួស​
  ព្រំដែន​
  ពលករ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com