សង្គមអន្តរជាតិ
អន្តរជាតិ
តៃវ៉ាន់ ធ្វើសមយុទ្ធយោធាដើម្បីបញ្ជាក់ការប្ដេជ្ញាចិត្តការពារទឹកដី រូបភាព៖ Reuters
× តៃវ៉ាន់ នៅថ្ងៃទី១៦ ខែកក្កដា បានធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ស្របពេលដែលទំនាក់ទំនងជាមួយចិនកាន់តែមិនល្អ។ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងថា សមយុទ្ធនេះ គឺដើម្បីពង្រឹងសមត្ថភាពទប់ទល់ការឈ្លានពានពីសំណាក់បរទេស និងវាយតម្លៃពីការអភិវឌ្ឍនៃសមត្ថភាពយោធារបស់ខ្លួន។
«Han Kuang» គឺជាឈ្មោះសមយុទ្ធយោធាប្រចាំឆ្នាំរបស់តៃវ៉ាន់ ដែលមានវត្តមានយន្តហោះចម្បាំងប្រភេទ F-16 យន្តហោះចម្បាំងផលិតក្នុងស្រុក Ching-kuo រថពាសដែក និងទាហានប្រមាណ ៨ពាន់នាក់។ សមយុទ្ធយោធានេះ ធ្វើឡើងនៅតាមតំបន់ឆ្នេរសមុទ្រ ក្បែរទីក្រុង Taichung ដែលស្ថិតនៅភាគកណ្តាលរបស់តៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
សមយុទ្ធយោធានេះ ធ្វើឡើងដើម្បីវាយតម្លៃពីការអភិវឌ្ឍនៃសកម្មភាពប្រយុទ្ធរបស់តៃវ៉ាន់។ លោកស្រីប្រធានាធិបតី Tsai Ing-wen បានបញ្ជាក់បែបនេះទៅកាន់កងទ័ពរបស់ខ្លួន ដោយបន្ថែមថា វាក៏បង្ហាញពីការប្តេជ្ញារបស់តៃវ៉ាន់ក្នុងការការពារទឹកដីរបស់ខ្លួនដែរ។
សមយុទ្ធយោធាប្រចាំឆ្នាំមួយនេះ ធ្វើឡើងស្របពេលដែលចិន បានបង្កើនសកម្មភាពយោធារបស់ខ្លួនយ៉ាងខ្លាំង នៅជុំវិញកោះតៃវ៉ាន់។ កន្លងមក ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ទីក្រុងប៉េកាំង បានហោះចូលមកក្នុងដែនអាកាសរបស់ខ្លួន ដែលជាហេតុធ្វើឲ្យតៃវ៉ាន់ បញ្ជាយន្តហោះចម្បាំងរបស់ខ្លួនឲ្យណ្តេញផងដែរ។
ទន្ទឹមនេះ លោកស្រី Tsai ក៏បានសន្យាថា លោកស្រីនឹងឈរតទល់ជាមួយចិន តាមរយៈការធ្វើទំនើបកម្មយោធា។ បើតាមលោកស្រីប្រធានាធិបតី សន្តិសុខជាតិតៃវ៉ាន់ មិនមែនបានមកដោយសារការឱនលំទោននោះទេ ប៉ុន្តែវាកើតចេញកម្លាំងការពារជាតិដ៏រឹងមាំ និងមានយោធាជាស្នូល។
សូមបញ្ជាក់ថា ក្រោមក្រសែភ្នែករបស់ចិន តៃវ៉ាន់ គឺជាផ្នែកមួយរបស់ខ្លួន ដោយផ្អែកទៅតាម «គោលនយោបាយចិនតែមួយ» ប៉ុន្តែតៃវ៉ាន់ មិនគិតដូច្នេះឡើយ។ ក្រោមការដឹកនាំរបស់លោកស្រី Tsai តៃវ៉ាន់តែងតែបង្ហាញពីសញ្ញាចង់ប្រកាសឯករាជ្យ។ ដោយសារបញ្ហានេះ ចិនបានព្រមានម្តងហើយម្តងទៀតថា លទ្ធភាពចុងក្រោយ គឺការប្រើប្រាស់កម្លាំងយោធា ដើម្បីវាយសង្គ្រប់យកកោះតៃវ៉ាន់ ប្រសិនបើហ៊ានប្រកាសឯករាជ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com