ជាតិ
២៥ខេត្ត/រាជធានី
​ចៅហ្វាយខេត្ត​មណ្ឌលគិរី និង​រតនគិរី បង្ហាញ​ពី​សក្តានុពល​ដំណាំ​កសិឧស្សាហកម្ម​នៅ​ទឹកដី​ខ្លួន​
16, Jul 2020 , 5:19 pm        
រូបភាព
លោក ស្វាយ សំអ៊ាង (ឆ្វេង) នាសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី​១៦ ខែកក្កដា និង​លោក ថង សាវុន អភិបាល​ខេត្តរតនគិរី នាថ្ងៃទី១៣ ខែក្កដា។ រូបថត ផាត់ ដាណ និងប៉ាន់ បូនី
លោក ស្វាយ សំអ៊ាង (ឆ្វេង) នាសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី​១៦ ខែកក្កដា និង​លោក ថង សាវុន អភិបាល​ខេត្តរតនគិរី នាថ្ងៃទី១៣ ខែក្កដា។ រូបថត ផាត់ ដាណ និងប៉ាន់ បូនី
ដោយ:
នា​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្ត​នៅ​ថ្ងៃទី​១៦ ខែកក្កដា លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បានលើកឡើង​ពី​អំណោយផល​នៃ​ការដាំដុះ​ដំណាំ​កសិឧស្សាហកម្ម​នៅ​មូលដ្ឋាន​ខ្លួន​។ អំណះអំណាង​នេះ ក៏​មិន​ខុសពី លោក ថង សាវុន  អភិបាលខេត្ត​រតនគិរី នា​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ដូចគ្នា កាលពី​ថ្ងៃទី​១៣ ខែកក្កដា​។​



អភិបាលខេត្ត​មណ្ឌលគិរី និង​រតនគិរី បាន​អះអាងថា ខេត្ត​របស់​ពួកលោក មាន​ពលរដ្ឋ​៨២​ភាគរយ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ហើយ​ខេត្ត​ភាគ​ឦសាន​ទាំងពីរ​នេះ មាន​សក្កា​នុព​ល​ខ្ពស់​លើ​ការដាំដុះ​ដំណាំ​កសិឧស្សាហកម្ម ការចិញ្ចឹម​សត្ត​ជា​លក្ខណៈ​គ្រួសារ និង​បែប​ប្រពៃណី ជាដើម​។​

លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​អះអាងថា មណ្ឌលគិរី​មាន​លក្ខណៈពិសេស​មួយ​ប្លែក​ពី​ខេត្ត​ជាច្រើន​ដែល​ពឹង​ផ្អែកលើ​វិស័យ​កម្ម​ដែល​អាច​ដាំ​ដុះ​ដំណាំ កសិឧស្សាហកម្ម​ដូចជា ប័​រ កាហ្វេ កៅស៊ូ ក្រូច​វ​ល្លិ៍ ជាដើម ក្រៅពីនោះ​ក៏មាន​ដំណាំ​ស្រូវ បន្លែ​រួមផ្សំ ។​

តាម​របាយការណ៍ មណ្ឌលគិរី មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​អនុវត្តបាន​សរុប ២២.៩៨៨​ហិកតា ទិន្នផល​ជា​មធ្យម ២,៩៨​តោន​/​ហិកតា បរិមាណ​ផល​សរុប ៦៨.៥៦៥​តោន ដែល​ក្នុង​មួយឆ្នាំ​សល់​ស្រូវ​ចំនួន ៤០.០០០​តោន​សម្រាប់​នាំចេញ​។ ដោយឡែក​ដំណាំ​កៅស៊ូ​ក្រុមហ៊ុន​អនុវត្តបាន​ចំនួន ៣១.២៣១,៩៨​ហិកតា ផ្ទៃដី​ធ្វើ​អាជីវកម្ម​សរុប​ចំនួន ៥.២៨៦,៨២​ហិកតា បរិមាណ​ផល​សរុប ៤.៨៦២.២៨​តោន (​ជ័រ​ស្ងួត​) ។

​ដំណាំ​កៅស៊ូ​គ្រួសារ​អនុវត្តបាន​ចំនួន ១១.៣០៥,៤៣​ហិកតា ស្មើនឹង​១.៥៨៩​គ្រួសារ និង​ផ្ទៃដី​ធ្វើ​អាជីវកម្ម​សរុប​ចំនួន ៣.៣៩២,១៣​ហិកតា បរិមាណ​ផល​សរុប ៣.៧៦៤.៦​តោន​(​ជ័រ​ស្ងួត​) ស្មើនឹង ២០៧​គ្រួសារ​។​

​ក្រៅពីនោះ​មាន​ដំណាំ​រួមផ្សំ​ចំនួន ៥៦០​ហិកតា លើ​ដំណាំ ពោត និង​បន្លែ​គ្រប់មុខ​។ សម្រាប់​ដំណាំ​ឧស្សាហកម្ម​ដូចជា សណ្តែកបាយ សណ្តែកដី  សណ្តែកអង្គុយ ដំឡូង​មី អនុវត្តបាន​សរុប ២០.៤៦៥​ហិកតា និង​ដំណាំ​អចិន្ត្រៃយ៍​អនុវត្តបាន​សរុប ៩.៦៤៦​ហិកតា មាន ស្វាយចន្ទី កាហ្វេ ដូង ចេក ស្វាយ ប័​រ ទុរេន សាវម៉ាវ ក្រូច ទៀប ជាដើម​។​

ខេត្តមណ្ឌលគិរី​ស្ថិតនៅ​ភាគ​ឦសាន មាន​ចម្ងាយ​ប្រមាណ ៣៨៣​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ មាន​ផ្ទៃដី​សរុប ១៤.២៨៨​គីឡូម៉ែត្រ​ក្រឡា គ្របដណ្តប់​ដោយ​ព្រៃឈើ ប្រជុំភ្នំ និង​ខ្ពង់រាប សំបូរ​ដោយ​ជ្រលង​ដងអូរ​។ មាន​ពលរដ្ឋ​ជា​ជនជាតិដើម​ភាគតិច​ចំនួន​៨ ជនជាតិ​ដូចជា ជនជាតិ ព្នង ក្រោល គ្រឹ​ង ស្ទៀង ថ្មូ​ន ទំពួន ចា​រាយ និង រដែរ ក្នុងនោះ​ក្រៅពី​៨២​ភាគរយ​ប្រកប​របរ​កសិកម្ម មាន ១៨​ភាគរយ​ប្រក​បរបរ​សេវាកម្ម និង​សិប្បកម្ម​។​



រីឯ​ខេត្តរតនគិរី​ឯណោះ​វិញ លោក​អភិបាលខេត្ត ថង សាវុន បាន​លើកឡើងថា ទោះបី​ក្នុងអំឡុង​កូ​វីដ​-១៩ ក៏ដោយ ប៉ុន្តែ​ខេត្ត បាន​សម្រប​សម្រួលការ​ដឹកជញ្ជូន​នូវ​កសិផល​របស់​កសិក​រ​ដូច​ធម្មតា​។ ក្នុង​ឆ្នាំ​២០១៩ កសិកម្ម បានសម្រេច​លើ​ការដាំ​ដំណាំ​លើ​ផ្ទៃដី​សរុប ១៦៨ ៥៤៣​ហិកតា មាន​ដំណាំ​ស្រូវ ២៦ ៧២៧​ហិកតា ទទួលបាន​ទិន្នផល ២ ៣១៩​តោន​ក្នុង​១​ហិកតា​។

​ដំណាំ​កៅស៊ូ​លក្ខណៈ​គ្រួសារ និង​កៅស៊ូ​ឧស្សាហកម្ម​មាន ៦៥ ៩៣៧​ហិកតា ដំណាំ​ស្វាយចន្ទី ៣៩ ៧៨៤​ហិកតា ដំណាំ​ម្រេច ៩១២​ហិកតា និង​ក្រៅពីនេះ​មាន​ដំណាំ​រួមផ្សំ​និង​ដំណាំ​ឧស្សាហកម្ម​ប្រចាំ​រដូវ ២២ ៩៤៧​ហិកតា រួមមាន​ដំណាំ​ដំឡូង​មី សណ្ដែកសៀង សណ្ដែកបាយ​និង​សណ្ដែកដី​។
 


អភិបាលខេត្ត​រតនគិរី បានបញ្ជាក់​នា​សន្និសីទ​សារព័ត៌មាន​បន្ថែមថា​មិនមែន​តែ​តំបន់​ទេសចរណ៍​ប៉ុណ្ណោះ​ទេ​ដែល​អាច​ទាក់ទាញ​អ្នកទេសចរ​អោយធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ខេត្ត ក្នុងនោះ​តំបន់​ដែល​កសិឧស្សាហកម្ម​ក៏​ជា​ឱកាស​ទាញយក​ភ្ញៀវទេសចរ​ផងដែរ តាមរយៈ​ការ​ទៅ​ទស្សនា​ចំការកៅស៊ូ កសិដ្ឋាន​ចិញ្ចឹមសត្វ​អូទ្រីស ក៏ដូចជា​កសិដ្ឋាន​នានា​។

​ទាំងនេះ​ជាការ​ផ្សាភ្ជាប់​រវាង​វិស័យ​កសិកម្ម និង​ទេសចរណ៍​អោយ​ដើរ​ទន្ទឹមគ្នា ហើយក៏​ជាហេតុ​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ខេត្តរតនគិរី​មាន​ចំនួន​ប្រមាណ ២៣​ម៉ឺន​នាក់​ក្នុង​ឆ្នាំ ២០១៩៕

© រក្សាសិទ្ធិដោយ thmeythmey.com