COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ក្លាយជា​ម្ចាស់​ពាន La Liga លើក​ទី​៣៤
17, Jul 2020 , 10:45 am        
រូបភាព
Real Madrid បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga រដូវ​កាល ២០១៩-២០ នេះ និង​ជាការ​ឈ្នះ​លើក​ទី​៣៤​របស់ខ្លួន ក្រោយ​គូប្រជែង Barcelona ភ្លាត់ស្នៀត​ចាញ់ Osasuna ក្នុង​លទ្ធផល ២-១​។ Real មាន​៧​ពិន្ទុ​នាំមុខ​ដាច់ Barca ខណៈ​ការប្រកួត​សល់​១​លើក​ទៀត​ប៉ុណ្ណោះ​។​


Real Madrid អបអរ​ពិធី​លើក​ពាន​នេះ​នៅលើ​ទឹកដី​ខ្លួន Alfredo Di Stefano តែម្តង នៅក្រោយពេល​ពួកគេ​យកឈ្នះ Villarreal ២-១ នា​ការប្រកួត​សប្តាហ៍​ទី ៣៧ នៅ​យប់​ថ្ងៃទី​១៦ ខែកក្កដា​។​
 
​អ្វីដែល​ពិសេស​ដែល​នាំ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Zinedine Zidane អាច​លើក​ពាន​រដូវ​កាល​នេះ គឺ​តាមរយៈ​ជ័យជម្នះ​១០​លើក​ជាប់​គ្នា ចាប់តាំងពី​លី​គ​ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ត​ការប្រកួត​ឡើងវិញ ក្រោយ​ពន្យារពេល​មួយរយៈ​ដោយសារ​ជំងឺ COVID-19 ។​


 
​ក្រុម​ស្តេច​ស​អាច​រកបាន​៨៦​ពិន្ទុ ពី​ការប្រកួត​៣៧​លើក ដោយមាន​ពិន្ទុ​នាំមុខ​ដាច់​លើ​ក្រុម​លេខ​២ Barcelona ដល់​ទៅ​៧​ពិន្ទុ បន្ទាប់ពី​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​រង​ភាពអាម៉ាស់​តាមរយៈ​បរាជ័យ​ក្រោម​ថ្វី​ជើង Osasuna ២-១ ក្នុង​ដី​ខ្លួនឯង​។​
 
​នេះ​ជាការ​លើក​ពាន​លី​គ​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ​ទី​៣៤​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​រហស្សនាម​ស្តេច​ស ក្រោយ​អាក់ខាន​ពីរ​រដូវ​កាល​ចុងក្រោយ​ជាប់​គ្នា (២០១៧-១៨, ២០១៨-១៩)​។​
​ក្រោយ​ជួយ​ក្រុម​លើក​ពាន La Liga លោក Zidane អ្នកចាត់ការ​សញ្ជាតិ​បារាំង បានបង្ហាញ​ការពេញចិត្ត​យ៉ាងខ្លាំង​លើ​កូនក្រុម​របស់លោក បើទោះជា​ពួកគេ​ត្រូវ​សម្រាក​អស់​ពេល​៣​ខែ​ក្តី​។ 
«​យើង​បានឈ្នះ​លី​គ ពីព្រោះ​យើង​ឈ្នះ​ពិន្ទុ​ច្រើន​បំផុត​។ ថ្ងៃនេះ​ជា​ថ្ងៃ​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ក្នុងនាម​ជា​អ្នក​អាជីព​ក្នុង​វិស័យ​កីឡាបាល់ទាត់ បន្ទាប់ពី​យើង​សម្រាក​អស់ ៣ ខែ ហើយ​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​យើង​អាច​សម្រេច​វា​បាន​»​។ នេះ​ជាការ​អះអាង​របស់​អ្នកចាត់ការ​វ័យ ៤៨​ឆ្នាំ​៕



© រក្សាសិទ្ធិដោយ thmeythmey.com