ជាតិ
អភិបាលខេត្តមណ្ឌលគិរី ត្រៀមដី៦០០ហិកតា សម្រាប់សាងសង់ព្រលានយន្តហោះថ្មី
× ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមដី៦០០ហិកតា សម្រាប់សាងសង់ព្រលានយន្តហោះថ្មី ជំនួសឱ្យទីតាំងចាស់ ដែលត្រូវរៀបចំទៅជាសួនច្បារវិញ។ គម្រោងព្រលានយន្តហោះនេះ ត្រូវបានបង្ហាញដោយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពខេត្ត កាលពីថ្ងៃទី១៧ កក្កដា។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា ទីតាំងគម្រោងព្រលានយន្ដហោះថ្មីនេះ គឺមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ។ អាជ្ញាធរខេត្តមណ្ឌលគិរី កំពុងការពារដីដែលត្រៀមទុកនេះ ដើម្បីបញ្ចៀសការរំលោភទន្ទ្រានពីប្រជាពលរដ្ឋហើយ។
«យើងទុកទីតាំងព្រលានចាស់នោះធ្វើជាសួនច្បារ ហើយយើងរកទីតាំងថ្មី ដែលទីតាំងថ្មីនេះយើងមានផ្ទៃដីប្រមាណជា៦០០ហិចតា ដែលឃ្លាតពីក្រុងសែនមនោរម្យ ប្រមាណជាង២០គីឡូម៉ែត្រ។ ទីតាំងថ្មីនេះ អាចពង្រីកព្រលានយន្ដហោះខ្នាតធំនៅស្រុក ឬខាតអន្ដរជាតិ ដែលនេះអាស្រ័យលើការសិក្សារបស់អាកាសចរស៉ីវិល និងក្រសួងពាក់ព័ន្ធ»។ នេះជាការបញ្ជាក់របស់ចៅហ្វាយខេត្តមណ្ឌលគិរី។
បើតាមលោក ស្វាយ សំអ៊ាង មូលហេតុដែលត្រូវរៀបចំទីតាំងព្រលានយន្តហោះថ្មីនេះ ដោយសារតែទីតាំងចាស់ ដែលស្ថិតនៅក្នុងក្រុងសែនមនោរម្យ មានទំហំផ្ទៃដី១៩ហិកតា ហើយមិនអាចធ្វើទំនើបកម្មបាន ព្រោះនៅទីនោះ មានលក្ខណៈចង្អៀត ដោយសារតែប្រជាពលរដ្ឋរស់នៅជុំវិញច្រើន។
បច្ចុប្បន្នកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ ដែលកំពុងតែដំណើរការ ក្នុងនោះមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៕
Tag:
មណ្ឌលគិរី
ព្រលានយន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com