COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
UN ប្រាប់​ឲ្យ​ប្រទេស​អ្នកមាន​ជួយ​លុយ​ថែម​សម្រាប់​គាំទ្រ​ប្រទេស​ក្រីក្រ​ប្រយុទ្ធ​COVID-19
17, Jul 2020 , 7:29 pm        
រូបភាព
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងសម្របសម្រួលជំនួយអាសន្ន (OCHA) លោក Mark Lowcock (AFP)
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងសម្របសម្រួលជំនួយអាសន្ន (OCHA) លោក Mark Lowcock (AFP)
ដោយ:
​ការគាំទ្រ​ក្នុង​កិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំង COVID-19 សម្រាប់​ប្រទេស​ក្រីក្រ គឺ​នៅមាន​ភាពខ្វះខាត​ច្រើន​។ អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌ និង​សម្របសម្រួល​ជំនួយ​អាសន្ន (OCHA) លោក Mark Lowcock បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី​១៦ ខែកក្កដា ដោយបាន​ស្នើសុំ​ឲ្យ​ប្រទេស​អ្នកមានៗ​ផ្ដល់​លុយ​ជំនួយ​បន្ថែមទៀត​។

 
​អង្គការសហប្រជាជាតិ (UN) បាន​បង្កើន​ការអំពាវនាវ​ជំនួយ​មនុស្សធម៌​រហូត​ដល់ ១០,៣​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​រដ្ឋ​ចំនួន ៦៣ ដែល​ភាគច្រើន​ក្នុង​តំបន់​អាហ្វ្រិក និង​អាមេរិក​ឡាទីន ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាលដាល COVID-19 និង​ដោះស្រាយ​ផលប៉ះពាល់​បង្កឡើង​ដោយ​ជំងឺ​នេះ​។ 
 
​ការស្នើសុំ​លុយ​ពី​សំណាក់ UN ថ្មី​នេះ គឺ​កើនឡើង​ពី​សំណើ​ដំបូង​កាលពី​ខែមីនា ២​ពាន់​លាន​ដុល្លារ ហើយ​ក្រោយមក​ខែឧសភា ៦,៧​ពាន់​លាន​ដុល្លារ​។ ហើយ​គិត​មកទល់ពេលនេះ លោក Lowcock និយាយថា អង្គការសហប្រជាជាតិ ទើបតែ​ទទួលបាន​លុយ ១,៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ខណៈ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​មកពី​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿ​លឿន G-20 រៀបចំ​ជួបគ្នា​តាម​ប្រព័ន្ធ​វីដេអូ នា​ថ្ងៃទី ១៨ ខែកក្កដា លោក Lowcock ប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​ថា​៖«​សារ​ទៅកាន់​ក្រុម​ប្រទេស G-20 គឺ ផ្ដល់ជំនួយ​ពេលនេះ ឬ​បង់ខាត​ពេល​ក្រោយ​»​។​
 
​ជំងឺ​រាតត្បាត​សកល COVID-19 បាន​ចម្លង​មនុស្ស​យ៉ាងតិច ១៣,៩​លាន​នាក់​ហើយ ខណៈ​អ្នកស្លាប់​មាន​រហូតដល់ ៥៨៤ ០០០​នាក់ នៅ​ទូទាំង​ពិភពលោក​។ ត្រង់ចំណុច​នេះ អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា ប្រសិនបើ​គ្មាន​សកម្មភាព​ណាមួយ​ត្រូវបាន​ដាក់ចេញ​ទេនោះ ជំងឺ COVID-19 និង​វិបត្តិ​សេដ្ឋកិច្ច​សកល នឹង​បង្ក​កំណើន​ក្នុង​ភាពក្រីក្រ​សកល​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក ហើយ​រុញច្រាន​មនុស្ស​២៦៥​លាន​នាក់​ឲ្យ​ធ្លាក់ចូល​ភាពអត់ឃ្លាន​។  
 
​បើតាម Reuters លោក Lowcock បញ្ជាក់ថា ក្នុង​សប្តាហ៍​នេះ លោក​បាន​បញ្ចុះបញ្ចូល​ស​មា​ជិ​ក​សភា​អាមេរិក​ឲ្យ​បញ្ចេញ​ជំនួយ​។ គណៈកម្មាធិការ​សភា​តំណាង បានដាក់​ស្នើ​កញ្ចប់​ជំនួយ​អន្តរជាតិ ១០
​ពាន់​លាន​ដុល្លារ ហើយ​មកទល់ពេលនេះ សភា​អាមេរិក​បានផ្ដល់ ២,៤​ពាន់​លាន​ដុល្លារ​ក្នុង​ជំនួយ​បរទេស​អាសន្ន​។ 
 
​ចំណែក ក្នុង​ខែឧសភា ប្រធានាធិបតី​ចិន ស៊ី ជិន​ភិ​ង បាន​សន្យា​ផ្ដល់​លុយ​២​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ COVID-19 អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ក្នុង​បណ្ដា​ប្រទេស​រងគ្រោះ ជាពិសេស​ក្នុង​រដ្ឋ​កំពុង​អភិវឌ្ឍ​៕ 
 

Tag:
 UN
  G20
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com