កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ឈ្នះ​រៀងៗ​ខ្លួន Man Utd, Leicester និង Chelsea បន្ត​ប្រដេញ​គ្នា​យក​កៅអី UCL
17, Jul 2020 , 3:07 pm        
រូបភាព
​ជ័យជម្នះ​រៀងៗ​ខ្លួន​ក្នុង​ការប្រកួត​លី​គ Premier League សប្តាហ៍​ទី​៣៦ បានធ្វើ​ឲ្យ Manchester Uited, Leicester City និង Chelsea បន្ត​ការ​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​សម្រាប់​ការប្រកួត​ដែល​នៅសល់​២​លើកចុងក្រោយ ដើម្បី​ដណ្តើម​កៅអី Chmapions League រដូវ​កាល​ក្រោយ​។ Man Utd មាន​៦២​ពិន្ទុ ស្មើ Leicester ឯ Chelsea មាន​៦៣​ពិន្ទុ​។​


​ក្នុងការ​ប្រជែង​យក​កៅអី​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​ក្រោយ ក្រៅតែពី​ក្រុម​ជើងឯក Liverpool និង Manchester City ដែល​ទទួលបាន​ដោយ​ស្វ័យប្រវត្តិ​ហើយ​នោះ គឺមាន​តែ Chelsea, Leicester និង Man Utd ប៉ុណ្ណោះ​ដែល​ត្រូវ​ដណ្តើម​គ្នា​សម្រាប់​ពីរ​កៅអី​ដែល​នៅសល់​។ ក្នុងចំណោម​៣​ក្រុម​នេះ ដាច់ខាត​ត្រូវមាន​មួយ​ត្រូវ​ខ្ទាត​ចេញពី Top 4 ។​
 
Man Utd ដែល​ឈ្នះ Crystal Palace ២-០ បាន​កើន​ដល់​៦២​ពិន្ទុ ស្មើគ្នា​ជាមួយ Leicester ដែល​ឈ្នះ Sheffield United ២-០ ដូចគ្នា ដោយ​ក្រុម​កញ្ជ្រោង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤ ដ្បិត​មានប្រៀប​លើ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​។ ឯ Chelsea ដែល​ឈ្នះ Norwich ១-០ នោះ មាន​៦៣​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​។​
 
​ពីរ​ប្រកួត​ចុងក្រោយ គឺជា​ការប្រកួត​កាត់សេចក្តី​សម្រាប់ Man Utd, Leicester និង Chelsea​។ ជំនួប​បន្ទាប់​ក្រុម​បិសាច​ក្រហម​នឹងត្រូវ​ទទួលភ្ញៀវ West Ham United ដែលជា​ក្រុម​មិនសូវ​ខ្លាំង​នោះទេ មុនពេល​ពួកគេ​បន្តដំណើរ​ទៅ​ជួប Leicester ក្នុងការ​ប្រកួត​បិទរ​ដូ​វ​កាល​។​
 
​ដោយឡែក Leicester ដែល​ដឹកនាំ​ដោយ​លោក Brendan Rodgers មុនពេល​ប្រឈមមុខ​ជាមួយ Man Utd របស់លោក Ole Gunnar Solskjaer ពួ​គេ​គេ​ត្រូវ​ធ្វើដំណើរ​ទៅ​ជួប Tottenham Hotspur ដែលជា​ក្រុម​ខ្លាំង​មួយ​នៅ​អង់គ្លេស​ជាមុនសិន​។ ដោយសារ​ពីរ​ប្រកួត​ចុងក្រោយ​ត្រូវ​ជួប​សុទ្ធតែ​ក្រុម​ល្អ ក្រុម​រហស្សនាម​កញ្ជ្រោង​ត្រូវបាន​គេ​មើលឃើញថា មាន​ភាគរយ​តិច​ប៉ុណ្ណោះ​ក្នុងការ​ប្រជែង​យក​កៅអី Top 4​។​
 
​មិន​ខុសពី Leicester ឡើយ ក្រុម​តោ​ខៀវ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Frank Lampard ក៏​នឹង​ត្រូវធ្វើ​ការងារ​ធ្ងន់​ផងដែរ ដ្បិត​ពួ​គេ​ត្រូវ​ប៉ះ​ក្រុម​ជើងឯក Liverpool និង Wolves​។ យ៉ាងណាក៏ដោយ ហង្ស​ក្រហម ប្រហែលជា​មិន​ប្រឹងប្រែង​ខ្លាំង​នោះទេ​ក្លាយ​ជើងឯក​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ​ទៅហើយ ប៉ុន្តែ​ដែល​លំបាក​គឺ​ជំនួប​ជាមួយ Wolves ដែល​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​ដើម្បី​ទទួលបាន​កៅអី Europa League រដូវ​កាល​ក្រោយ​៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com