ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​សុ​ផានី និង​សុ​ផានី​ន វិចិត្រ​ការិនី​កូនភ្លោះ រួមគ្នា​លើកស្ទួយ​សិល្បៈ​គំនូរ​នៅ​ទឹកដី​អង្គរ​
17, Jul 2020 , 3:59 pm        
រូបភាព
​កញ្ញា សរ សុ​ផានី និង​សរ សុ​ផានី​ន គឺជា​បងប្អូន​ភ្លោះ ដែលមាន​បុគ្គលិកលក្ខណៈ និង​ចំណូលចិត្ត ដូចគ្នា​ស្ទើរ​ទាំងស្រុង​។ អ្នក​ទាំងពីរ ស្រឡាញ់​ចូលចិត្ត​វិស័យ​សិល្បៈ​តាំងតែ​ពី​តូច ដោយបាន​លួច​រៀន​គំនូរ​រហូត​ក្លាយជា​វិចិត្រ​ការិនី​ដោយ​មិន​ឲ្យ​ក្រុមគ្រួសារ​ដឹង​។ មាន​ជំនាញ​គំនូរ​ច្បាស់លាស់ វិចិត្រ​ការិនី​កូនភ្លោះ​វ័យ​៣១​ឆ្នាំ កំពុង​ផ្ទេរ​ចំណេះ​របស់ខ្លួន ទៅកាន់​សិស្ស​ជាច្រើន​នាក់ នៅឯ​ខេត្តសៀមរាប ដែលជា​ទឹកដី​កំណើត​ផងដែរ​។ ក្រៅពី​គំនូរ កញ្ញា​ទាំងពីរ ក៏បាន​ហាត់​ក្បាច់គុន​ល្បុក្កតោ​បាន​កម្រិត​ក្រមា​ត្នោត និង​កំពុង​រៀន​ឧបករណ៍ សាដៀវ និង​ពិន ដែល​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​រៀន​ផងដែរ​។ កូនភ្លោះ​មួយគូ​នេះ  យល់ថា ការរៀន​សិល្បៈ មិន​ត្រឹមតែ​បាន​ចេះដឹង​នោះទេ តែ​វា​ថែម​បាន​ទាំង​ថែរក្សា អភិរក្ស និង​អភិវឌ្ឍន៍​ផងដែរ​។

 
 
 
​នៅវេលា​ប្រមាណ​៩​ព្រឹក នៅ​អង្គការ​ពន្លឺ​ធម្មជាតិ​នៃ​កម្ពុជា ដែល​ស្ថិតនៅ​បណ្តោយ​វិថី​ព្រះសង្ឃរាជ ទេព វង្ស ក្រុង​សៀមរាប ខេត្តសៀមរាប វិចិត្រ​ការិនី​កូនភ្លោះ គឺ​កញ្ញា សរ សុ​ផានី និង​កញ្ញា សរ សុ​ផានី​ន​ជា​ប្អូន កំពុងតែ​យកចិត្តទុកដាក់​បង្ហាត់​បង្ហាញ​ការ​គំនូរ ទៅដល់​កូនសិស្ស​របស់ខ្លួន​ចំនួន​៥​នាក់​។ ចំណុច​ដែល​អាច​សម្គាល់​បាន​ភ្លាមៗ​រវាង​អ្នក​ទាំងពីរ គឺ​ត្រង់ សុ​ផានី មាន​ប្រជ្រុយ​នៅក្រោម​បបូរមាត់​។​
 
​កញ្ញា សរ សុ​ផានី ជា​អ្នកគ្រប់គ្រង​អង្គការ​ពន្លឺ​ធម្មជាតិ​នៃ​កម្ពុជា និង​ជា​អ្នក​បង្រៀន​គំនូរ​ផង​។ ចំណែក​ប្អូន​ភ្លោះ​របស់​នាង ឈ្មោះ សរ សុ​ផានី​ន ជា​វិចិត្រ​ការិនី និង​ជា​អតីត​អ្នកគ្រប់គ្រង​ផ្នែក​ចម្លាក់​ឈើ និង​ថ្ម នៅ​ក្រុមហ៊ុនចម្រុះ​សិប្បករ​អង្គរ (Artisans d’ Angkor) ដែល​បាន​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​របស់ខ្លួន​រប​ស់​ជួយ​បង្រៀន​សិស្ស​នៅទីនេះ នៅ​ថ្ងៃ​ចុង​សប្តាហ៍​ផ្នែក​ក្បាច់​ខ្មែរ​។ កូនភ្លោះ​ដូច វ័យ​៣១​ឆ្នាំ​មួយគូ​នេះ កើត​នៅ​ភូមិ​តាភុល សង្កាត់​ស្វាយ​ង្គំ ស្រុក​សៀមរាប ខេត្តសៀមរាប និង​មាន​ម្តាយ​ជា​មេផ្ទះ និង​ឪពុក​ជា​និ​វន្ត​ន៍​ជន​ជំនាញ​ជួសជុល​ប្រាសាទបុរាណ ។ 
 
​ពួកគេ​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កាលពី​ពួកគេ​នៅ​តូច ចាស់ៗ​តែងតែ​និយាយថា ថា ជំនាញ​គំនូរ ឬក៏​ផ្នែក​សិល្បៈ​នេះ មិនអាច​រកប្រាក់​ចំណូល​ចិញ្ចឹម​ខ្លួន​បាន​សមរម្យ​នោះទេ ហើយ​វា​គឺជា​ផ្នែក​មួយ​ដែល ក្រុមគ្រួសារ​របស់ខ្លួន មិន​ចង់​ឲ្យ​រៀន​ជំនាញ​ពាក់ព័ន្ធ​នឹង​សិល្បៈ​ដែរ​។ ប៉ុន្តែ​ដោយសារ​ការស្រឡាញ់ អ្នក​ទាំងពី​បាន​លួចលាក់​រៀន​គំនូរ នៅ​ឆ្នាំ​២០០៩ ក្នុងពេល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញរ​ដ្ឋ​បាល​សម្រាប់​អាជីវកម្ម និង​ធនាគារ និង​ហិរញ្ញវត្ថុ ដោយ​មិន​ឲ្យ​គ្រួសារ​ដឹង​នោះឡើយ​។​


  
​កញ្ញា សុ​ផានី យល់​ផ្ទុយ​ពីនេះ ដោយ​លើកឡើង​ដូច្នេះ​៖«​គំនូរ​អ្នក​ជំនាន់​មុន និង​ជំនាន់​នេះ​ក៏ដោយ ដែល​ចាស់ៗ​ចំណាំតែ​និយាយថា ចិញ្ចឹម​ខ្លួន​អត់​រស់​!  ដោយសារតែ​យើង​នៅ​ប្លុក​យើង​។ ឧទាហរណ៍​ថា យើង​មាន​ហាង​លក់​គំនូរ​តាម​អង្គរ យើង​គូរ​តែ​គំនូរ​យើង​ហ្នឹង មានន័យថា​យើង​លក់​គំនូរ​បានតែ​ប្រជាជន​យើង​ទេ​។ បើសិន​បើ​ឡូ​កវា​ឲ្យ​ដល់ យើង​ត្រូវ​ស្វែងយល់ថា យើង​គូរ​សម្រាប់​លក់​ឲ្យ​តែ​ភ្ញៀវ​ខ្មែរ ឬក៏​សម្រាប់​បរទេស​។ យើង​លក់​ថ្ងៃ​ហ្នឹង​អត់​ដាច់ បានន័យថា​យើង​ធ្វើ​អត់​ស្អាត អត់​ទាន់​ដល់​កម្រិត​ដែល​គេ​ស្រឡាញ់​។ តែ​ពេលខ្លះ​យើង​គូររូប​ស្អាត​ហើយ តែ​វា​នៅ​ដដែលៗ ពេលដែល​យើង​ច្បាស់​ហើយ គួរ​ធ្វើ​អ្វីដែល​ប្លែក​ផង និង​ស្វែងយល់​ពី​អតិថិជន​»​។ 
 
​សម្រាប់​បងប្អូន​ភ្លោះ​មួយគូ​នេះ យល់ថា​ការងារ​អ្វី​ក៏ដោយ ក៏មាន​តម្លៃ​ដែរ សំខាន់​ឲ្យ​តែ​ពួកគេ​ស្រឡាញ់ និង​រីករាយ​នឹង​ការងារ​នោះ​។ ហើយក៏​ព្រោះតែ​ក្តី​ស្រឡាញ់​នេះហើយ ទើប​នាំ​ឲ្យ​កូនភ្លោះ​វ័យ​៣១​ឆ្នាំ មួយគូ​នេះ ក្លាយជា​វិចិត្រករ​ដូច​បច្ចុប្បន្ន ហើយ​ស្នាដៃ​គំនូរ​របស់​អ្នក​ទាំង​២ ត្រូវបាន​យកទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​ទាំង​នៅក្នុង នៅក្រៅ​ប្រទេស​។​
 
​វិចិត្រ​ការិនី​កូនភ្លោះ រួមដៃគ្នា​ផ្ទេរ​ចំណេះ​គំនូរ​ដល់​អ្នកជំនាន់ក្រោយ​
 
​ការផ្ទេរ​ចំណេះដឹង គឺជា​រឿង​ដែល​អាច​រំលង​ឡើយ ដើម្បី​បន្ត​ថែរក្សា និង​អភិវឌ្ឍន៍​នូវ​ជំនាញ​ណាមួយ​។ ផ្នែក​គំនូរ និង​សិល្បៈ​ផ្សេងៗ ក៏​ដូច្នោះ​ដែរ​។ សម្រាប់​វិចិត្រ​ការិនី​កូនភ្លោះ បើ​មិន​ផ្ទេរ​ទៅ​អ្នកជំនាន់ក្រោយ ឬ​ផ្ទេរ​មិន​ឲ្យ​អស់ នោះ​វា​អាច​នឹង​បាត់បង់​នូវ​ផ្នែក​ណាមួយ​នៃ​ចំណេះ​ទាំងនោះ​ទៅតាម​ជំនាន់​មនុស្ស​។ ដូច្នេះហើយ​បានជា​អ្នកគ្រូ​សុ​ផានី និង​អ្នកគ្រូ សុ​ផានី​ន មិនដែល​លាក់​ចំណេះ​របស់ខ្លួន​នោះឡើយ​។ 
 
​បច្ចុប្បន្ន​វិចិត្រ​ការិនី​កូនភ្លោះ​ទាំង​២​នាក់ កំពុងតែ​បណ្តុះបណ្តាល កូនសិស្ស​ប្រមាណ ៦​នាក់ ដ​ជាប្រចាំ ក្រៅពី​សិស្ស​ដែល​រៀន​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ ពួកគេ​ក៏​ធ្លាប់បាន​បង្រៀន​គំនូរព្រាង ដល់​កូនសិស្ស​នៅ​សាលា​មួយចំនួន​នៅ​ទី​រួម​ខេត្តសៀមរាប​ផងដែរ​។ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ សាលារៀន​បាន​បិទ ដូច្នេះ​ការបង្រៀន​ក៏ត្រូវ​ផ្អាក​ដែរ​។ 


 
​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ក្នុង​ការបង្រៀន អ្នកគ្រូ​ទាំង​២​នាក់ អះអាងថា គ្មាន​ពេលណា​សប្បាយចិត្ត ជាង​ពេល​ឃើញ​ស្នាដៃ​របស់​សិស្ស​ល្អៗ និង​ទទួលបាន​កោតសរសើរ​ពី​អ្នកដទៃ​នោះទេ​។ កញ្ញា សុ​ផានី រៀបរាប់​បន្ថែម​៖ «​សប្បាយចិត្ត នៅពេល​មាន​ភ្ញៀវ​បរទេស ជាពិសេស​មិត្តភក្តិ ដែលជា​Artist មក​ចឹ​ង ឃើញ​ស្នាដៃ​ពួកគាត់ គេ​សរសើរ​។ គេ​ថា​ពួកគាត់​ទើប ១៤​ឆ្នាំ ទៅ​១៥ ឆ្នាំ គូរ​សាហាវ​ជាង​គាត់​ទៀត​។ អីចឹង​ក៏មាន​មោទកភាព​ដែរ ដែល​ក្មេង​យើង ទើប​រៀន​ជាមួយ​យើង ប្រហែលជា​៣-៤​ឆ្នាំ ប៉ុន្តែ​គាត់​មាន​ស្នាដៃ​ច្រើន​»​។​
 
​កញ្ញា ក៏​សង្ឃឹមថា សិស្ស​របស់ខ្លួន​ក៏​នឹង​បន្ត​គំរូ​ផ្ទេរ​ចំណេះ​របស់ខ្លួន​នេះ ទៅ​អ្នកជំនាន់ក្រោយ​បន្តបន្ទាប់​ទៀត​ដែរ​។​
 
​រៀន​សិល្បៈ បាន​ទាំង​ចំណេះ ថែរក្សា និង​អភិវឌ្ឍន៍​
 
​ចេះ​គូរគំនូរ​យ៉ាង​ចំណាន​ហើយ បងប្អូន​ភ្លោះ​មួយគូ​នេះ ក៏បាន​ទៅ​រៀន​ក្បាច់គុន​ល្បុ​កក្ក​តោ​បន្ថែមទៀត នៅក្នុង​ឆ្នាំ​២០១៤ នៅ​ថ្ងៃ​ចុង​សប្តាហ៍ ដើម្បី​ទុកជា​អាវុធ​ការពារ​ខ្លួន​។ បច្ចុប្បន្ន ពួកគេ រៀន​បាន​កម្រិត​ក្រមា​ត្នោត​។ កញ្ញា សុ​ផានី បញ្ជាក់ថា មិន​ត្រឹមតែ​អាច​ការពារ​ខ្លួន​បាន​នោះទេ តែ​គុន​ល្បុក្កតោ បាន​ជួយ​ពង្រឹងស្មារតី និង​ភាព​ដល់​វិចិត្រ​ការិនី​ទាំង​២​នាក់ ដែល​ត្រូវការ​គំនិត​ច្នៃប្រឌិត​ថ្មីៗ និង​សេចក្តី​ស្ងប់​អារម្មណ៍​នោះ​។  
 
​ចំណេះ​ជំនាញ​គំនូរ និង​គុន​ល្បុក្កតោ ដែល​ពួកគេ​បាន​ចេះ​ចាំ នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ការថែរក្សា​សិល្បៈ វប្បធម៌​ខ្មែរ ដែល​ដូនតា​បាន​បន្សល់ទុក​មក​ដែរ​។ នេះ​បើតាម​សុ​ផានី​ន ដែលជា​ប្អូន ដោយ​នាង​បញ្ជាក់​ដូច្នេះ​៖ «​មនុស្ស​ម្នាក់ៗ បើ​គ្រាន់តែ​និយាយថា ស្រឡាញ់​វា​អត់​គ្រប់គ្រាន់​ទេ​។ អីចឹង​យើង​ទៅ​រៀន យើង​បាន​ទាំង​បាន​អភិរក្ស យើង​បាន​ទាំង​ថែរក្សា យើង​បាន​ទាំង​ដឹង ទាំង​អី​ទាំងអស់​។ យើង​ម្នាក់ យើង​អាច​ចូលរួម​ថែរក្សា​បាន​ម្នាក់ ចុះបើ​អ្នកចូលរួម​រៀន ១០០​នាក់​ទៅ យ៉ាងហោច​ក៏មាន​១០០​នាក់​បាន​ថែរក្សា​ដែរ​»​។  


 
​មិន​ត្រឹមតែ​ជា​វិចិត្រ​ការិនី​ដ៏​ចំណាន ជា​អ្នកចេះ​ក្បាច់គុន​បុរាណ​ខ្មែរ​នោះទេ កូនភ្លោះ​គូ​នេះ ក៏​កំពុង​រៀន​ឧបករណ៍​ភ្លេងខ្មែរ គឺ​សាដៀវ និង​ពិន ដែល​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​បន្ថែមទៀត​ផងដែរ​។ ហើយ​ទៅ​ថ្ងៃមុខ ពួកគេ​ថា នឹង​នៅតែ​មុះ​មុត​បន្ត​ស្វែងរក​ចំណេះ​ជុំវិញ​ផ្នែក​សិល្បៈ​នេះ​បន្ថែមទៀត​៕
 


 

Tag:
 វិចិត្រ​ការិនី​
 ​សរ សុ​ផានី​
  សរ សុ​ផានី​ន​
 ​គំនូរ​
 ​សិ​ស្បៈ​
 ​វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com