COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
La Liga៖ រដ្ឋមន្ត្រី​សុខាភិបាល​អេ​ស្ប៉ា​ញ​មិន​ចង់​ឲ្យ​មាន​អ្នកគាំទ្រ តែ​អ្នករៀបចំ​ចង់បាន​ខ្លះ​
18, Jul 2020 , 8:19 am        
រូបភាព
​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អេ​ស្ប៉ា​ញ​លោក Santiago Illa មិនទាន់​ចង់​ឲ្យ​អ្នកគាំទ្រ​ចូល​កីឡដ្ឋាន​ក្នុងការ​ប្រកួត​បាល់ទាត់​ទេ នៅពេល​រដូវ​កាល​ថ្មី ២០២០-២១ ចាប់ផ្តើម​ឡើងវិញ​នៅ​ខែកញ្ញា​ខាងមុខ​។ ស្របពេល​គ្នា​នេះ នាយកដ្ឋាន​កីឡា​របស់​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ និង La Liga សង្ឃឹមថា​អ្នកគាំទ្រ​នឹង​វិលត្រឡប់​វិញ ដោយ​កាត់បន្ថយ​ចំនួន​អ្នកទស្សនា​។​


​បើទោះបី​ការគំរាមកំហែង​នៃ​ការកើនឡើង​ជំងឺ COVID-19 ក្នុងប្រទេស​អេ​ស្ប៉ា​ញ ត្រូវបាន​ទប់ស្កាត់ និង​ការពារ​បាន​មួយកម្រិត​ធំ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ក្តី តែ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មិន​ចង់​ឲ្យ​មានការ​ប្រមូលផ្តុំ​ហ្វូងមនុស្ស​ក្នុង​កីឡដ្ឋាន​បាល់ទាត់​ឡើយ​។​
 
 លោក Illa បាន​ប្រាប់​វិទ្យុ Cadena Ser ថា​៖ «​និយាយ​ដោយស្មោះ​ត្រង់​ទៅ ខ្ញុំ​មិនបាន​ឃើញ​ស្ថានភាព​ប្រសើរឡើង​នៃ COVID-19 នោះទេ​។ យើង​បានឃើញ​ការឆ្លង​ជា​សហគមន៍ បើទោះបី​យើង​អាច​គ្រប់គ្រង​វា​បាន​ដែល​ខ្ញុំ​គិតថា​ដោយ​សំណាង​នោះ ក៏​ខ្ញុំ​នៅតែ​មិនទាន់​ចង់​ឲ្យ​មាន​អ្នកគាំទ្រ​វិលត្រឡប់​មកវិញ​ដែរ​»​។​
 
La Liga បាន​បន្ត​រដូវ​កាល​ឡើងវិញ បន្ទាប់ពី​ផ្អាក​អស់​ជិត​៣​ខែ​ដោយសារ COVID-19 ថ្ងៃទី ១១ ខែមិថុនា​ដើម្បី​បញ្ចប់​រដូវ​កាល ២០១៩-២០​នេះ ហើយ​គ្រោង​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី ២០២០-២១ នៅ​ថ្ងៃទី​១២ ខែកញ្ញា​។​
 
​ផ្ទុយ​ពី​លោក Illa នាយកដ្ឋាន​កីឡា​របស់​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ និង​ស្ថាប័ន La Liga ចង់​ឲ្យ​មាន​អ្នកទស្សនា​ផ្ទាល់​មាន​វត្តមាន​ឡើងវិញ ដោយ​កម្រិត​ចំនួន​អ្នកគាំទ្រ​ក្នុង​កីឡដ្ឋាន នៅ​រដូវ​កាល​ថ្មី​ខាងមុខ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា អេ​ស្ប៉ា​ញ​មាន​អ្នក​ឆ្លង COVID-19 ជាង​៣​សែន​នាក់ ក្នុងនោះ​ស្លាប់​ជាង​២៨០០០​នាក់​៕

Tag:
 Santiago Illa
  La Liga
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com