ក្លើ សំណាង និងសុធីរ ចាប់ផ្តើមជួបគ្នារៀងរាល់ព្រឹកនៅហាងកាហ្វេចិញ្ចើមផ្លូវ ដូចមុនពេលការរាលដាលនៃមេរោគកូវីដ។ ប្រធានបទនយោបាយ សង្គម សេដ្ឋកិច្ច នៅតែជារឿងដែលមិត្តភក្តិទាំងពីរចាប់អារម្មណ៍ និងលើកយកមកពិភាក្សាដដែល។ នៅព្រឹកថ្ងៃសៅរ៍នេះ តើហេតុអ្វីបានជា៥ឆ្នាំទៀត ហ្វេប៊ុក អាចនឹងលែងសូវមានឥទ្ធិពលមកលើជីវិតនយោបាយ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរទៀត?
សុធីរ៖ អា សំណាង! មែនក៏អី? អញដូចជាមិនជឿងទេអ្ហា ព្រោះ ពលរដ្ឋខ្មែរស្ទើរទាំងអស់ឲ្យតែមានទូរសព្ឌ ឆែក, លេង, មើល និងប្រើហ្វេសប៊ុក សឹងតែអត់ស៊ីបាយទៅហើយនោះ។ អ្នកខ្លះ ញៀននឹងហ្វេសប៊ុកស្ទើរលែងធ្វើការងារអស់ទៅហើយហ្នឹង។
សំណាង៖ ឥឡូវហ្នឹងវាអ៊ីចឹងមែន តែថ្ងៃក្រោយវាមិនដូចថ្ងៃនេះ។ ថ្ងៃនេះ មិនដូចថ្ងៃស្អែកទេណា អា សុធីរ!
សុធីរ៖ ប្រាប់ហេតុផលមកលោកព្រះ កុំនៅនិយាយរ៉ាយរាប់ច្រើនពេលលោកព្រះ!
សំណាង៖ មែនទែនទៅ អញគ្មានតួលេខ គ្មានការស្រាវជ្រាវឯណាអីទេ។ អញគ្រាន់តែប៉ាន់ស្មានដោយសង្កេតនិន្នាការទូទៅ នៅស្រុកខ្មែរ និងនៅលើពិភពលោកប៉ុណ្ណោះ។ កាលពីជិត២០ឆ្នាំមុន នៅប្រទេសបារាំង អង់គ្លេស និងនៅប្រទេសអឺរ៉ុបមួយចំនួនផ្សេងទៀត ការប្រើប្រាស់ហ្វេសប៊ុកបៀបដូចទឹកបាក់ទំនប់នៅពេលដែលហ្វេសប៊ុកទើបចូលទៅដល់ប្រទេសទាំងនោះ ជាពិសេស យុវជន។ ពលរដ្ឋអឺរ៉ុបកាលនោះវក់វីស្រដៀងទៅនឹងពលខ្មែរនាពេលឥឡូវនេះដែរ តែក្រោយមក ហើយជាពិសេស នាពេលបច្ចុប្បន្ននេះ ពលរដ្ឋនៃប្រទេសទាំងនោះ បន្ថយការប្រើប្រាស់ហ្វេសប៊ុកដោយបញ្ឈប់ការផុសរូបថតជីវិតឯកជន ជីវិតផឹកស៊ី ដើរលេង។ល។
សុធីរ៖ ហេតអ្វីបានជាគេឈប់លេងហ្វេសប៊ុក? អ៊ីចឹងមិនស្ត្រេសងាប់ហើយ?
សំណាង៖ រឿងស្ត្រេសងាប់ មិនងាប់អញមិនដឹងទេ។ តែរឿងថា ពួកគេបន្ថយការលេងហ្វេសប៊ុក ព្រោះ តែហេតុផលមួយចំនួន ក្នុងនោះមាន៖ ទី១ គឺពួកគេមិនចង់បង្ហាញជីវិតឯកជនច្រើនពេក ដូចជាការផឹកស៊ី ច្រៀងរាំ បង្ហាញសង្សារ ឬការលេងសើចផ្សេងៗជ្រុលពេក។ល។ ពួកគេចាប់ផ្តើមគិតថា បើផុសជីវិតឯកជនច្រើនពេកវាចំណេញអីមកវិញ? ទី២ គឺដោយសារ ក្រុមហ៊ុនដែលជ្រើសរើសបុគ្គលិកពិនិត្យលើប្រូហ្វាល (Profile) អ្នកស្វែងរកការងារធ្វើ។ នេះ គឺជាចំណុចងាប់រស់របស់អ្នកលេងហ្វេសប៊ុក។ ទី៣ គឺដោយសារអ្នកកំពុងធ្វើការខ្លះ បាត់បង់ការងារ ដោយសារតែការលេងហ្វេសប៊ុកហ្នឹងឯង និងចំណុចទី៤ គឺដោយសារ Platform នៃបណ្តាញសង្គមដទៃទៀត ដូចជា Telegram, Instagram, Line, Whatsapp, Viber ចូលមកជំនួស ហ្វេសប៊ុក ហើយវាមានលក្ខណៈរក្សាជីវិតឯកជនច្រើនជាង។ ទាំងអស់នេះ គឺជាអ្វីដែលបានកើតឡើងនៅក្នុងប្រទេសមួយចំនួនណា៎ អា សុធីរ!
សុធីរ៖ អើ ចុះនៅកម្ពុជាវិញ អា សំណាង! វានឹងយ៉ាងម៉េចដែរ?
សំណាង៖ អញខ្លួនឯងអាចគិតខុស។ តែនិន្នាការសង្គមពិត វានឹងធ្វើដំណើរដូចអ្វីដែលកើតឡើងរួចហើយនៅក្នុងប្រទេសនៅអឺរ៉ុបមួយចំនួនហ្នឹង។ ឥឡូវនេះ ក្រុមហ៊ុនមួយចំនួនគេតាមមើល Profile បុគ្គលិក។ ពួកគេលេង ឬប្រើហ្វេសប៊ុកយ៉ាងដូចម្តេច?
សុធីរ៖ អា សំណាង! អាហ្នឹងជីវិតឯកជនគេតើ?
សំណាង៖ អ្ហែងថាហ្នឹង មិនខុសទេ។ វាជាជីវិតឯកជនរបស់ម្ចាស់គណនីហ្វេសប៊ុកមែន។ តែអ្នកលេងហ្នឹងវាពាក់ព័ន្ធនឹងរូបភាពរបស់ស្ថាប័នដែរ។ អ្ហែងយល់អត់? ពិបាកបែងចែកណាស់ណា៎! អញឲ្យឧទាហរណ៍មួយថា អ្ហែងជាគ្រូបង្រៀននៅសាលាឯកជនមួយ អ្ហែងបង្រៀនយកប្រាក់ខែពីសាលានោះ តែអ្ហែងចូលចិត្តបង្ហោះរូបភាពផឹកស៊ី ស្រីញីអូនបង ហើយគេ(សាលា)ប្រាប់កុំឲ្យអ្ហែងបង្ហោះ អ្ហែងខឹងគេអត់? គេប្រាប់ហ្នឹងត្រូវអត់? អាហ្នឹងជាជីវិតឯកជនតែម្នាក់អ្ហែងមែនឬទេ? អាហ្នឹងមានពាក់ព័ន្ធសាលាខ្លះមែនអត់? អញសួរអ៊ីចឹង អ្ហែងឆ្លើយថាម៉េចវិញ អា សុធីរ?
សុធីរ៖ បើអ្ហែងសួរអ៊ីចឹង អញឆ្លើយមិនកើត។ តែ ឧទាហរណ៍ថា បើអញអត់ធ្វើការឲ្យអាណាផង តើអញអាចផុសបានអត់?
សំណាង៖ អាហ្នឹង អ្ហែងអាចផុសស្រេចតែនឹងក្បាលចិត្តអ្ហែងបានតើ! តែអ្វីដែលអ្ហែងត្រូវប្រយ័ត្ន គឺរឿងកិត្តិយសខ្លួនឯងផ្ទាល់ទេតើ។
សុធីរ៖ ចុះគំនិតដែលថា ៥ឆ្នាំទៀត ហ្វេសប៊ុក លែងសូវមានឥទ្ធិពលមកលើជីវិតនយោបាយ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរទៀត។ ពិតមែនអត់?
សំណាង៖ ពិតមិនពិត អញមិនដឹងទេ។ តែបើតាមទិន្នាការសង្គម និងតាមការវិត្តនៃការគិត, ការរីកចម្រើនចំណេះដឹង, ការរីកចម្រើនផ្នែកសេដ្ឋកិច្ច, ៥ឆ្នាំទៀត ហ្វេសប៊ុក ពិតជាលែងសូវមានឥទ្ធិពលលើជីវិតនយោបាយ និងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរទៀតហើយ។ អញនិយាយនេះ មិនមែនមានន័យថា ខ្មែរឈប់លេងវាទេណា៎ អញគ្រាន់តែថា របៀបប្រើ និងចំនួនអ្នកប្រើមានការប្រែប្រួលថយចុះប៉ុណ្ណោះ ឬម្យ៉ាងទៀត មហាជនលែងសូវជឿនូវអ្វីដែលគេផុសលើហ្វេសប៊ុក។ អ្ហែងជឿ ឬមិនជឿ ចូរយើងរង់ចាំមើល៥ឆ្នាំទៀត ទាំងអស់គ្នា!