អ្នកនិពន្ធ ពៅ សុខ បានចេញផ្សាយជាផ្លូវការនូវស្នាដៃសៀវភៅ «សម្តេច ហ៊ុន សែន វីរបុរសសង្ហាដើរបញ្ច្រាសទិស ប្រយុទ្ធ COVID-19» កម្រាសជាង២០០ទំព័រ ដែលបោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ។ លោក ពៅ សុខ ដែលជាទីប្រឹក្សារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ នោះ បាត់ចាត់ទុកវណ្ណកម្មថ្មីរបស់ខ្លួន ថា ជាការរក្សាទុកនូវតឹកតាងប្រវត្តិសាស្ត្រ សម្រាប់មនុស្សជាតិ ទាក់ទងនឹងគំរូនៃមនុស្សធម៌ រួមទាំងការឆ្លើយតបដ៏មានប្រសិទ្ធភាពរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង COVID-19។
សៀវភៅ «សម្តេច ហ៊ុន សែន វីរបុរសសង្ហាដើរបញ្ច្រាសទិស ប្រយុទ្ធ COVID-19» នេះ រៀបរាប់ពីសកម្មភាពនានារបស់សម្តេច ហ៊ុន សែន ក្រោយការផ្ទុះរាលដាលជំងឺ COVID-19 នាដំណាក់កាលដំបូង។ ពាក្យ «បុរសសង្ហាដើរបញ្ច្រាសទិស» ត្រូវបានអះអាងដោយអ្នកសារព័ត៌មានចិនម្នាក់ ដែលបានលើកឡើង នាពេលដែលគាត់មានឱកាសសាកសួរសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព។ អ្នកកាសែតចិនរូបនោះ បាននិយាយជាភាសាខ្មែរថា ចិនបានហៅប្រមុខរដ្ឋាភិបាលខ្មែរជាបុរសសង្ហាដើរបញ្ច្រាសទិស។
តាមកំណត់ត្រារបស់ខ្លួន លោក ពៅ សុខ បានរំលេចឲ្យឃើញពីជំហររបស់សម្តេច ហ៊ុន សែន ដែលណែនាំពលរដ្ឋកុំឲ្យមានការតក់ស្លុត ដោយថា «ជំងឺពិតប្រាកដគឺជំងឺភ័យខ្លាច»។ បន្ថែមពីលើនេះ សម្តេច ហ៊ុន សែន ជាមេដឹកនាំដំបូងបំផុតដែលបានធ្វើដំណើរទៅកាន់ក្រុងប៉េកាំង ខណៈ COVID-19 កំពុងរាតត្បាតខ្លាំង។ នេះជាកាយវិការ «មិត្តដែកថែប» ដូចជាសុភាសិតលើកឡើងថា«ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាអាសន្ន»។
លោក ពៅ សុខ ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ ផងដែរ នោះ បានសរសេររៀបរាប់យ៉ាងក្បោះក្បាយទាក់ទងនឹងការអនុញ្ញាតឲ្យនាវាខ្នាតធំ MS Westerdam ចូលចតនៅខេត្តព្រះសីហនុ បន្ទាប់ពីប្រទេសជាច្រើនបានបដិសេធ ហើយសម្តេចបានទទួលស្វាគមន៍អ្នកដំណើរ ក្រុមនាវិកជាង២ពាន់យ៉ាងកក់ក្តៅថែមទៀតផងដែរ។ ចាប់ពីពេលនោះមក កម្ពុជាមានឈ្មោះថា «កម្ពុជាជាប្រទេសតូច តែចិត្តធំ ចិត្តទូលាយ និងមានមេដឹកនាំល្អ គួរឲ្យកោតសរសើរនាសតវត្សរ៍ទី២១ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលគេមិនអាចបដិសេធបាន»។
មានចំណុចជាច្រើនទៀតដែលអ្នកនិពន្ធ ពៅ សុខ បានកត់ត្រាក្នុងនៅក្នុងស្នាដៃថ្មីរបស់ខ្លួន ក្នុងនោះមានករណីដ៏ចម្រូងចម្រាស់ដែលម៉ាឡេស៊ីប្រកាសពីការរកឃើញអ្នកដំណើរ Westerdam ម្នាក់វិជ្ជមាន រួមទាំងគោលការណ៍ និងអនុសាសន៍ផ្សេងៗ របស់សម្តេច ហ៊ុន សែនក្នុងការប្រយុទ្ធប្រឆាំង COVID-19 ក៏ដូចជាតុល្យការនៃស្ថានភាពឆ្លង។
សារព័ត៌មានថ្មីៗ (ThmeyThmey.com) ស្ថិតក្នុងចំណោមប្រភពឯកសារពិគ្រោះជិត២០របស់អ្នកនិពន្ធ ពៅ សុខ ក្នុងការចងក្រងសៀវភៅ «សម្តេច ហ៊ុន សែន វីរបុរសសង្ហាដើរបញ្ច្រាសទិស ប្រយុទ្ធ COVID-19»។ នៅត្រង់ទំព័រទី៤៣ និង៤៤ លោកបានកត់ត្រាខ្លឹមសារនៃការសាកសួររបស់កញ្ញា ញឹក ស្រីល័ក្ខ នៃសារព័ត៌មានថ្មីៗ និងការឆ្លើយតបរបស់សម្តេច ហ៊ុន សែន នាអំឡុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាព COVID-19 នៅវិមានសន្តិភាព កាលពីចុងខែមករា កន្លងមកផងដែរ។
សូមបញ្ជាក់ថា លោក ពៅ សុខ ធ្លាប់បោះពុម្ពផ្សាយស្នាដៃចំនួន៨រួចទៅហើយ ដែលក្នុងនោះមាន កម្រងកំណាព្យ «ច្រែះស៊ីដែក», រឿង «បងថ្លៃជីដូនមួយ», រឿង «ចំណងស្នេហ៍ក្នុងស្រែនិស្ស័យ», រឿង «ចិត្តស្រី», កម្រងរឿងខ្លី «ឃ្នាបសក់», គន្លឹះដើម្បីក្លាយជាអ្នកនិពន្ធ, ដែនដីនៃកំណើតព្រះអាទិត្យ, វីរបុរស០៧១ និងសម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា៕