ជាតិ
សេដ្ឋកិច្ច
ឆមាសទី១ កម្ពុជារកបានទឹកប្រាក់៦៨លានដុល្លារ ពីការនាំចេញចេកអំបូងលឿង ១៤ម៉ឺនតោន
× ភ្នំពេញ៖ ឆមាសទី១នេះ កម្ពុជា បាននាំចេញចេកអំបូងលឿង ១៤, ២០៤ ម៉ឺនតោន ដែលមានទំហំទឹកប្រាក់ចំនួន ៦៨,៥៦២,៧៩៣ ដុល្លារ ។ ចេកអំបូងលឿងទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប អាស៊ី អូសេអានី ។នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយលើហ្វេសប៊ុក។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រៅពីទីផ្សារទាំងនោះ ប្រទេសចិនក៏ជាទីផ្សារធំរបស់កម្ពុជាដែរ ដោយភាគីចិនបានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៩ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចនាំចេញផ្លែចេកទៅកាន់ប្រទេសខ្លួន។
ទាក់ទងនឹងការនាំចេញចេកអំបូងលឿងនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យកសិករ ផលិតករ សហគមន៍ សមាគម និងក្រុមហ៊ុន ផលិតចេកអំបូងលឿង ត្រូវប្រកាន់ភ្ជាប់ និងអនុវត្តតាមសៀវភៅបន្ទុក ដូចជាការផលិតមានអនាម័យខ្ពស់ ការវេចខ្ចប់ ការរក្សាទុក និងមិនប្រើប្រាស់សារធាតុគីមីហាមឃាត់ជាដើម ដើម្បីធានាទាំងគុណភាព និងអនាម័យខ្ពស់ ដែលមិនប៉ះពាល់សុខភាពអ្នកបរិភោគ និងរក្សាកំណើនបរិមាណនាំចេញ។
ថ្លែងក្នុងដំណើរចុះទស្សនកិច្ចកសិដ្ឋានផលិតចេកអំបូងលឿងរបស់ក្រុមហ៊ុន Longmate Agriculture Co., Ltd នៅស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១៧ កក្កដាលោក ប៉ាន សូរសក្តិ បានបញ្ជាក់ដូច្នេះថា៖«បុគ្គលិកបម្រើការងារក្នុងកសិដ្ឋានទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ និងបង្កើនភាពប្រុងប្រយ័ត្ន ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុន ក្នុងការធានាដល់គុណភាព និងនិរន្តរភាពនៃទីផ្សារ ហើយក៏ជាប្រយោជន៍ដល់ខ្លួនឯងផងដែរ ក្នុងការធានាដល់ការរក្សាការងារ និងបង្កើនសមត្ថភាពខ្លួនឲ្យកាន់តែមានភាពរីកចម្រើន និងទូលំទូលាយ»។
ក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញចេកជាង១៥ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៥៩,៣៣៦,៨៥៤ ដុល្លារ ទៅកាន់ទីផ្សារ អាស៊ី និងអូសេអានី។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម៕
Tag:
ចេកអំបូងលឿង
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com