ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
លោក ចាន់តូ​នី ដាំំ​បន្លែ ផ្លែឈើ ផ្កា​ជុំវិញ​ផ្ទះ អាច​សម្រួល​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​ផ្តល់នូវ​សុខភាព​ល្អ​
19, Jul 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​បរិវេណ​ផ្ទះ លោក ប៊ុត ចាន់តូ គឺមាន​ពោរពេញ​ទៅដោយ​ដំណាំ​ចម្រុះ មាន​ទាំង​ផ្កា ដើមឈើ​ហូប​ផ្លែ និង​បន្លែ​ជា​ប្រភេទ ដូចជា ត្រកួន ស្ពៃក្តោប ពោត​បារាំង ម្រះព្រៅ ស្លឹកគ្រៃ ជាដើម​។ លោក​បាន​អះអាង ថា ការដាំ​ដំណាំ​នៅ​ជុំវិញ​ផ្ទះ​ទាំងនេះ ក្រៅពី​ជួយ​សម្រួល​ដល់​សេដ្ឋកិច្ច​គ្រួសារ​ហើយ គឺ​ថែមទាំង​ផ្តល់នូវ​អត្ថប្រយោជន៍​សំខាន់ៗ​ជាច្រើន ពិសេស​គឺ​ផ្តល់នូវ​សុខភាព​ល្អ និង​សុវត្ថិភាព​។

 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ ដូចតទៅ​៖ 
 

​ដំណាំ​ដាំ​ដុះ​នៅ​ជុំវិញ​ផ្ទះ​របស់លោក ប៊ុត ចាន់តូ​នី បាន​រីកលូតលាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ អស់​រយៈពេល​ជិត​៤​ឆ្នាំ​មកហើយ​។ ពលរដ្ឋ​ដែល​រស់នៅក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​រូបនេះ ចាត់ទុក​ការដាំដុះ​នៅ​ជុំវិញ​ផ្ទះ ជា​គ្រឿង​លំអរ និង​ជួយ​កាត់បន្ថយ ឬ​បំបាត់​ភាព​តានតឹង នៅក្នុង​ចិត្ត​របស់​សមាជិកគ្រួសារ​បាន​មួយចំណែក​ផងដែរ​។ 
 
«​ព្រលឹម​ឡើង​យើង​ស្រោច​ទឹក​ដំណាំ យើង​ដាំ​នេះ​ដាំ​នោះ  យើង​បេះ​ផ្កា យើង​ដកស្មៅ​...»​។ ទាំងនេះ គឺ​សកម្មភាព​ដែល​លោក ចាន់តូ​នី ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​ជិត​៤​ឆ្នាំ​មកនេះ​។ លោក ចាន់តូ​នី  បាន​អះអាងថា សកម្មភាព​នានា​នៃ​ការដាំ​ផ្កា បន្លែ ផ្លែឈើ ឬ​មើលថែ​ដំណាំ​នៅ​ជុំវិញ​ផ្ទះ​នេះ ប្រៀបបាន​ទៅនឹង​សកម្មភាព​នៃ​ការហាត់​ប្រាណ​ប្រចាំថ្ងៃ ដើម្បីឱ្យ​សុខភាព​ល្អ មាំមួន និង​អារម្មណ៍​ស្រស់ថ្លា​។ 
 
​លើសពីនេះទៅទៀត ការដាំ​ដំណាំ​នៅ​ជុំវិញ​ផ្ទះ​វិញ​នេះ គឺ​សម្រួល​ដល់​ការមិន​ចំណាយ​ថវិកា និង​ពេលវេលា​ទៅ​ផ្សារ ដើម្បី​ទិញ​បន្លែ​បន្តិចបន្តួច​ផង​។ លោក ចាន់តូ​នី  បាន​បន្តថា​៖« ការដាំ​ដំណាំ​នៅផ្ទះ​នេះ  ក៏​ធ្វើឱ្យ​យើង​កើន​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​បច្ចេកទេស​ដាំ​ដំណាំ​បន្តិច​ម្តងៗ ដោយ​ទទួលបាន​នូវ​បន្លែ​ដែល​សុវត្ថិភាព​សម្រាប់​ទទួល​ទាន​ក្នុង​ក្រុមគ្រួសារ​»៕
 
 
 

Tag:
 បន្លែ​
  ផ្កា​
  លោក ប៊ុត ចាន់តូ​នី​
© រក្សាសិទ្ធិដោយ thmeythmey.com