ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
រដ្ឋមន្ត្រី​កសិកម្ម​អះអាងថា ក្នុង​១​ឆ្នាំ កសិករ​អាច​ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់​ពី​៧​ទៅ​៨​ដង​
19, Jul 2020 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​បរិបទ​ថ្មី​លើ​វិស័យ​កសិកម្ម ដើម្បី​ឆ្លើយតប​ទៅនឹង​ភាពខ្វះខាត​កម្លាំង​ពលកម្ម និង​កាត់បន្ថយ​ផលប៉ះពាល់​ពី​ការរំខាន​របស់​សត្វ​ចង្រៃ និង​ងាយស្រួល​ថែទាំ វិធីសាស្ត្រ​ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ កំពុង​ក្លាយជា​គោលដៅ​ពេញនិយម​។ កសិករ អាចមាន​លទ្ធភាព​ដាំ​ដុះ​ពី ៧-៨ ដង​ក្នុង​មួយឆ្នាំ និង​មានតម្លៃ​ចាប់ពី ៣​ពាន់​រៀល ទៅ ៦​ពាន់​រៀល​ក្នុង​មួយ​គីឡូ​។ នេះ​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

 
​លោក វេ​ង សាខុន បន្តទៀតថា កសិករ បាន​ផ្លាស់ប្ដូរ​ទម្លាប់​ពី​ការដាំដុះ​នៅ​ទីវាល​ស្រែ ឫ​ចំការ ប្រែ​មក​ដាំ​ដុះ​បន្លែ​ក្នុងផ្ទះ​សំណាញ់​វិញ​។ បើ​ប្រៀបធៀប​ជាមួយ​ការដាំ​បន្លែ​ធម្មតា ការដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់​មាន​សុវត្ថិភាព​ខ្ពស់ កាត់បន្ថយ​ការ លើ​ការចំណាយ​ទិញ​ថ្នាំ​គីមី និង​ជា​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​។ 
 
​ជាមួយគ្នានេះ រដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឲ្យ​កសិករ​បង្កើន​ការដាំដុះ ការចិញ្ចឹម​សត្វ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ឈានដល់​ការកាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅ​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជា​សាកល​នៃ​មេរោគ​កូ​វីដ​១៩​។ 
 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូបនេះ ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​លើ​ការងារ​បង្កបង្កើនផល បង្កើន​បរិមាណ​ផលិត ធានា​គុណភាព លើកកម្ពស់​សមត្ថភាព​កែច្នៃ​វេច​ខ្ចប់ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​។  
 
​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ និង​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ កំណើន​ចំណូល​គ្រួសារ និង​កាត់បន្ថយ​ភាពក្រីក្រ និង​ជាពិសេស​កាត់បន្ថយ​ការនាំ​ចូល ដោយ​ផ្តោតជាសំខាន់​លើ​ការប្រើប្រាស់​ផ្ទះ​សំណាញ់ និង​ប្រព័ន្ធ​ស្រោចស្រព​បន្លែ ធ្វើយ៉ាងណា​បង្កើន​ការជឿទុកចិត្ត​ពី​អតិថិជន តាមរយ​:​គុណភាព និង​សុវត្ថិភាព​នៃ​ផលិតផល​៕ 
 
 

Tag:
 ​កសិកម្ម​
 ​ បន្លែ​សុវត្ថិភាព​
© រក្សាសិទ្ធិដោយ thmeythmey.com