COVID-19
ជាតិ
សង្គមជាតិ
មនុស្ស​១០​នាក់ ​ប៉ះពាល់​ស្ត្រី​ខ្មែរ​-​អាមេរិក ដែលរត់​ពី​កន្លែង​ច​ត្តា​ឡី​ស័ក តេស្ត​ឃើញ​អវិជ្ជមាន​កូ​វីដ​-១៩
19, Jul 2020 , 3:33 pm        
រូបភាព
ស្ត្រីដែលរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ដែលសមត្ថកិច្ចបានរកឃើញនៅខេត្តកំពង់ចាម។ រូបភាពពី​អគ្គស្នងការ​នគរបាលជាតិ
ស្ត្រីដែលរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ដែលសមត្ថកិច្ចបានរកឃើញនៅខេត្តកំពង់ចាម។ រូបភាពពី​អគ្គស្នងការ​នគរបាលជាតិ
ដោយ:
​ភ្នំពេញ​៖ មនុស្ស​១០​នាក់ ដែល​បាន​ប៉ះពាល់​នឹង​ស្ត្រី​ខ្មែរ​-​អាមេរិក ដែល​រត់​ពីកន្លែង​ច​ត្តា​ឡី​ស័កនៅរាជធានីភ្នំពេញ ទៅខេត្តកំពង់ចាមនោះ ត្រូវបាន​ត្រួតពិនិត្យ​សុខភាព​ហើយ​។ ពួកគេ​ទាំងនោះ គ្មាន​រោគសញ្ញា​កូ​វីដ​-១៩ នោះទេ​។​

 
​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​បញ្ជាក់ថា ស្ត្រី​ដែល​រត់​ពី​សណ្ឋាគារ​ដាក់​ច​ត្តា​ឡី​ស័ក​នោះ ត្រូវបាន​អាជ្ញាធរ ដាក់​ឱ្យនៅ​ដោយឡែក នៅ​សណ្ឋាគារ​មួយកន្លែង ក្នុង​ខេត្តកំពង់ចាម ក្រោយ​ធ្វើតេស្ត​ជា​លើក​ទី​២ ហើយ​អវិជ្ជមាន ជំងឺ​កូ​វីដ​-១៩​។ ក្រៅពី​ស្ត្រី​ខ្មែរ​-​អាមេរិក​រូបនេះ អាជ្ញាធរ​ក៏បាន​ចុះ​ស្វែង​រកឃើញ​មនុស្ស​១០​នាក់ ដែល​បាន​ប៉ះពាល់​នឹង​ស្ត្រី​រូបនោះ ដោយបាន​យកទៅ​ត្រួតពិនិត្យ​សុខភាព​រួចរាល់​ហើយ​។ បើតាម​លោក អ៊ុន ចាន់​ដា មនុស្ស​ទាំង​១០​នាក់​នោះ ពុំមាន​ចេញ​នូវ​រោគសញ្ញា​សង្ស័យ​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​-១៩​ឡើយ​។ 
 
​ពាក់ព័ន្ធ​នឹង​ចំណាត់​លើ​ស្ត្រី​ខ្មែរ​-​អាមេរិក ដែល​លួច​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​នេះ ក្រសួងសុខាភិបាល មិនទាន់​អាច​បង្ហើប​បានទេ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ក្រសួង​សម្រេច​ឱ្យ​ស្ត្រី​រូបនេះ រស់នៅ​ដោយឡែក​១៤​ថ្ងៃ​សិន បន្ទាប់មក​ទើប​ពិភាក្សាគ្នា​លើ​ចំណាត់ការ​តាម​ក្រោយ​។​
 
«​ករណី​ដែល​បាន​ចាក ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក  ដោយ​មិនបាន​ស្នើសុំ​ត្រឹមត្រូវ  ដែលជា​ទង្វើ​លួច​ចេញ​ដោយ​មិន​គោរព​តាម​វិធានការ​ច​ត្តា​ឡី​ស័ក​សម្រាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មានការ​រាតត្បាត​ជំងឺឆ្លង​ជា​អន្តរជាតិ​នេះ​។ ករណីនេះ  ទាមទារ​ពេលវេលា​បន្តិច​សិន  ដើម្បី​ក្រុមការងារ ថ្នាក់ក្រោម​ជាតិ​ដែលមាន​អាជ្ញាធរខេត្ត​ដឹកនាំ  កំពុងធ្វើការ​ងារ​បន្ត​ទៀត​សិន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ឱ វណ្ណឌី​ន​។​
 
​ដ្បិត​មិនទាន់​ឈានដល់​ការដាក់ពិន័យ តែ​លោកស្រី ឱ វណ្ណឌី​ន ក៏បាន​ព្រលយ​ពី​វិធានការ​ច្បាប់​ដែល​ត្រូវ​អនុត្ត​លើ​អ្នកអនុវត្ត​ផ្ទុយ​ពី​សេចក្តីណែនាំ​របស់​ក្រសួង​ដែរ​។ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖«​ប្រសិនបើ​មិន​ប្រតិបត្តិ​តាម​វិធាន​ការដែល​ក្រសួងសុខាភិបាល​ដាក់ចេញ​ឲ្យ​អនុវត្ត​នោះទេ  បុគ្គល​ដែល​មិន​គោរព  និង​មិន​ប្រតិបត្តិ​តាម​វិធានការ​សុខាភិបាល  ឫ​រត់​គេចវេស ពី​ការអនុវត្ត​វិធានការ​នេះ  ដោយ​ចេតនា  ឫ​អ​ចេតនា​ក្តី   នឹងត្រូវ​ទទួលទោស  ឫ​ទទួល​ការផាកពិន័យ  ស្របតាម​ផ្លូវច្បាប់​មាន​ជាធរ​មាននៅ​កម្ពុជា  ដូចជា​អនុក្រឹត្យ​លេខ​១២៩  អនក្រ​.​បក  ចុះ​ថ្ងៃទី​១៧  ខែកញ្ញា  ឆ្នាំ​២០១៥  ស្តីពី  វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​នៅតាម​ច្រកចេញចូល  ជាដើម​»​។​
​កន្លងមក  ក៏​មានការ​គេចវេស​ក្នុងការ​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩  ក្នុង​ចំនួន​តិចតួច​ណាស់  តែ​មិន​មានការ​គេចវេស​ធ្វើ​ច​ត្តា​ឡី​ស័ក បែប​ដូច​ករណី​ស្ត្រី​ខ្មែរ​-​អាមេរិក​នេះ​ទេ​។   នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ឱ វណ្ណឌី​ន ដែល​បាន​បន្ថែមថា ក្រសួង​ក៏បាន​អប់រំ​ណែនាំ​អ្នក​គេចវេស​ធ្វើតេស្ត​នោះដែរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៩ កក្កដា​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ១៧១​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១៣៦ នាក់  និង​កំពុង​ព្យាបាល​មាន ៣៥​នាក់ (២​នាក់​ជាម​ន្ត្រី​ស្ថា​ត​ទូត​អាមេរិក​)​។​
 
      
 

Tag:
 កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com