COVID-19
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
មិនខ្វល់ពីសំដីអ្នកភូមិ លោក លូន សាវុធ ជោគជ័យខ្លាំងក្នុងការដាំបន្លែក្នុងរោងសំណាញ់
× សៀមរាប៖ ជារឿងមួយប្លែក ដែលកសិករម្នាក់ហ៊ានចំណាយថវិកាខ្ទង់ម៉ឺនដុល្លារ ដើម្បីគ្រាន់តែសង់រោងសំណាញ់ដាំបន្លែ។ លោក លូន សាវុធ បានបោះបង់ការដាំបន្លែបែបបុរាណ ដាំនៅកណ្ដាលវាល មកដាំក្នុងរោង ដែលដំបូងសកម្មភាពនេះត្រូវបានអ្នកភូមិយល់ថា ជារឿងឥតប្រយោជន៍។ មិនដូច្នោះទេ អ្វីដែលជាក្ដីរំពឹងរបស់កសិកររូបនេះ បានផ្តល់ផលហួសពីការស្មាន។ ការដាំដំណាំស្លឹកក្នុងរោងសំណាញ់ អាចដាំដុះគ្រប់រដូវ និងបានទិន្នផលច្រើន មិនបារម្ភពីការខូចខាតដែលរំខានដោយអាកាសធាតុ។
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដែលជួបសម្ភាសផ្ទាល់នៅរោងបន្លែរបស់លោក លូន សាវុធ ដូចតទៅ
លោក លូន សាវុធ ជាកសិករនៅភូមិ ពពីស សង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលចាប់ផ្តើមដាំបន្លែស្លឹកក្រោមរោងសំណាញ់បិទជិតជាង៣ឆ្នាំមកហើយ។ ដោយមានគោលដៅវែងឆ្ងាយលើវិស័យកសិកម្ម លោក លូន សាវុធ មិនរុញរានឹងការវិនិយោគលើវិស័យនេះទេ ដែលដើមឡើយលោកបានខ្ចីប្រាក់ធនាគារមួយចំនួន ដើម្បីសង់រោងដាំបន្លែ ខណៈអ្នកភូមិយល់ថា នេះជារឿងឆ្កួតដែលលោកហ៊ានយកលុយខ្ទង់ម៉ឺនដុល្លារសម្រាប់ដាំបន្លែ។ កសិករវ័យ៥៧ឆ្នាំ លោក លូន សាវុធ មិនយល់ដូច្នោះទេ លោកគិតថា ការដាំបែបនេះនឹងអាចឱ្យគ្រួសារកើនប្រាក់ចំណូល។
ការសម្រេចរបស់លោក លូន សាវុន កំពុងជោគជ័យខ្លាំង ព្រោះការធ្វើបែបនេះអនុញ្ញាតឱ្យគ្រួសារលោក ដាំដុះពេញមួយឆ្នាំ បន្លែមានទិន្នផលល្អ មិនបារម្ភពីបញ្ហាភ្លៀងឬថ្ងៃក្ដៅខ្លាំង ដែលបណ្ដាលឱ្យខូចខាតឡើយ។ ការរៀបចំដូច្នេះ ក៏អាចការពារពីបញ្ហាសត្វល្អិត និងប្រភេទមេរោគផ្សេងៗផងដែរ។ រោងដាំបន្លែ អំណោយផលលើប្រភេទបន្លែស្លឹក ដូចជាស្ពៅ ខាត់ណា សាឡាត់ សណ្ដែកកួរ ត្រកួនជាដើម។ល។ ដោយសារជាប្រភេទបន្លែសុវត្ថិភាព ទិន្នផលបន្លែរបស់លោក លូន សាវុធ ត្រូវបានផ្សារទំនើបធំៗក្នុងក្រុងសៀមរាបបញ្ជាទិញ និងមានតម្លៃទីផ្សារល្អជាងប្រភេទបន្លែធម្មតា។
ស្បែកជ្រីវជ្រួញដោយសារពន្លឺថ្ងៃ លោក លូន សាវុធ បង្ហើបឱ្យដឹងថា ក្នុងមួយខែលោកអាចរកបានថវិកា៣លានរៀលពីការដាំបន្លែនេះ ដែលធ្វើឱ្យជីវភាពគ្រួសាររបស់លោករស់នៅបានសមរម្យ និងផ្គត់ផ្គង់កូន៣នាក់រៀនសូត្រនៅភ្នំពេញ។ ក្រោយឆ្លងកាត់បទពិសោធន៍ដាំបន្លែក្រោមរោងសំណាញ់ និងទទួលបានជោគជ័យ លោក សាវុធ ក៏ចង់ឱ្យកសិករដទៃទៀត អនុវត្តន៍បច្ចេកទេសដាំដុះដូចខ្លួនដែរ តែលោកនៅបារម្ភថា កសិករមួយចំនួនមិនមានធនធានគ្រាប់គ្រាន់ដើម្បីរៀបចំ។ លោកក៏ចង់ឱ្យរដ្ឋាភិបាលជួយការងារនេះ ដោយឱ្យកម្ចីទុនដល់កសិករ ដើម្បីឱ្យពួកគេមានលទ្ធភាពអភិវឌ្ឍន៍វិស័យកសិកម្មឱ្យកាន់តែប្រសើរ បង្កើនសេដ្ឋកិច្ចក្នុងគ្រួសារបន្ថែម៕
Tag:
កសិកម្ម
ក្របីរៀល
កូវីដ១៩
© រក្សាសិទ្ធិដោយ thmeythmey.com