ជាតិ
២៥ខេត្ត/រាជធានី
ភ្នំ​ពើង​តា​នា​ន់ ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ​នៅ​ស្រុក​អង្គរជុំ​
20, Jul 2020 , 8:59 am        
រូបភាព
ដោយ:
​សៀមរាប​៖ ថ្មដុះ​បន្តុប​ពីលើ​គ្នា​ជាច្រើន​រាប់មិនអស់ អម​ជាមួយ​សម្រស់​ផ្កា​ដែល​ដាំ​ដោយ​សហគមន៍​នៅ​ទីនោះ បង្កើតបានជា​ទស្សនីយភាព​ប្លែក បាន​រំលេច​ខ្លួន​នៅលើ​ភ្នំ​ពើង​តា​នា​ន់​។ តំបន់​ទេសចរណ៍ធម្មជាតិ​ភ្នំ​ពើង​តា​នា​ន់ មាន​ចំងាយ​៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ស្ថិតក្នុង​ភូមិ​គោក​ព្នៅ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។​

 
​ទេសចរ​ដែល​ធ្លាប់​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរ​ធម្មជាតិ​ភ្នំ​ពើង​តា​នា​ន់​កាលពី​ឆ្នាំ​២០១៩ លោក លី គន្ធ​ធា បាន​ប្រាប់ ThmeyThmey25 ថា មូល​ហេតុដែល​រូបលោក​ទៅលេង​នៅ​ទីនោះ​ដោយសារ លោក​បានឃើញ​ការផ្សព្វផ្សាយ​របស់​ភ្ញៀវទេសចរ​ពី​ទេសភាព​ថ្មដុះ​បន្តុប​លើ​គ្នា​ជាច្រើន​ប្លែក ទើប​លោក​ចង់ទៅ​ឃើញ​សម្រស់​ថ្ម​ធម្មជាតិ​ទាំងអស់នោះ​ដោយផ្ទាល់​។ 
 
«​ពេល​ខ្ញុំ​ទៅដល់​ភ្នំ​ពើង​តា​នា​ន់ ទេសភាព​លើសពី​ការរំពឹងទុក​។ បើ​មើល​តាម​បណ្តាញ​សង្គម អ្នកខ្លះ​គាត់​អត់​ចេះ​ថត​អ៊ីចឹង​មើលទៅ​ទេសភាព​មិនសូវ​ទាក់ទាញ​។ ពេលទៅដល់​គឺ​វា​ពិតជា​អច្ឆរិយ​មែនទែន ដុំថ្ម​ធំៗ​ស្ទើរ​ប៉ិន​ផ្ទះ​ដុះ​លើ​គ្នា​ដូច​គេ​យកទៅដាក់ ហើយ​វា​មាន​ច្រើន​ខ្លាំងណាស់ បើ​រាប់​ខ្ញុំ​រាប់មិនអស់​ទេ​។ សហគមន៍​ទៅ​ទីនោះ​ក៏បាន​ដាំ​ផ្កា​លម្អ ធ្វើ​ឲ្យ​នៅ​ទីនោះ​កាន់តែ​ទាក់ទាញ​»​។ នេះ​បើតាម​លោក គន្ធ​ធា​។ 
 
​ទេសចរ​រូបនេះ​ក៏បាន​បន្តថា ផ្លូវ​ទៅកាន់​ភ្នំ​ពើង​តា​នា​ន់​មាន​ភាពលំបាក ដោយសារ​ផ្លូវ​មាន​សភាព​ខូច​ខ្លាំង​ដែល​បណ្តាលមកពី​ការដឹក​លើស​ចំណុះ​តែ បើ​ធ្វើដំណើរ​ដោយ​ម៉ូតូ​មិនសូវមាន​ភាពលំបាក​ប៉ុន្មាន​ទេ ដោយឡែក​បើ​ធ្វើដំណើរ​ដោយ​ឡាន​មាន​ភាពលំបាក​ខ្លាំង​។​
 
​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ភ្នំ​ពើង​តា​នា​ន់ អាច​ទស្សនា​សម្រស់​នៃ​ដុំថ្ម​ធំៗ​ដុះ​បន្តុប​ពីលើ​គ្នា​ប្រៀប​ដូច​គេ​យកទៅដាក់ ទស្សនា​សម្រស់​ផ្កា​ដែល​បាន​ដាំ​ដោយ​សហគមន៍​នៅ​ទីនោះ និង​ទេសភាព​នៅ​ជុំវិញ​ភ្នំ​ដ៏​អច្ឆរិយ​មួយ​នេះ​។ ទេសចរ​ក៏​អាច​បោះតង់​គេង​សម្រាក​នៅលើ​ភ្នំ​ពើង​តា​នា​ន់ ប៉ុន្តែ​ត្រូវ​ត្រៀម​អាហារ​សម្រាប់​បរិភោគ​ដោយសារ​នៅ​ទីនោះ​មិនទាន់មាន​ភោជនីយដ្ឋាន​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​នៅឡើយ​ទេ​៕
 




© រក្សាសិទ្ធិដោយ thmeythmey.com