ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រសួង​ធនធានទឹក​៖ ស្ថានភាព​ទឹកទន្លេ​មេគង្គ​តាម​ខេត្ត​នានា​នឹង​បន្ត​ស្រក​ចុះ ខណៈ​មានការ​ព្រួយបារម្ភ​អំពី​ទំនប់​វា​រី​អគ្គិសនី​
20, Jul 2020 , 7:59 pm        
រូបភាព
ប្រជាជនដើរលេងក្នុងទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
ប្រជាជនដើរលេងក្នុងទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
ដោយ: VOA
​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ឲ្យ​ដឹងថា ស្ថានភាព​ទឹកទន្លេ​មេគង្គ​នឹង​បន្ត​ស្រក​ទៀត ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ ការណ៍​នេះ​នាំ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ព្រួយបារម្ភ​កសិផល​របស់​ពួកគេ ខណៈ​ភ្លៀង​មិន​ទៀងទាត់​។​

 
​ការ​ព្យាករ​អំពី​កម្ពស់​ទឹក ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​ដឹងថា កម្ពស់​ទឹក​នៅថ្ងៃនេះ ស្រក​ជាង​ថ្ងៃ​ម្សិលមិញ ហើយ​កម្ពស់​ទឹក​នេះ​នឹង​បន្ត​ស្រក​ក្នុង​រយៈពេល​៣​ថ្ងៃ​ទៀត គឺ​ចាប់​ពីថ្ងៃ​សៅរ៍ ទី​១៨ ដល់​ថ្ងៃទី​២០ ខែកក្កដា​។​
 
​ក្រសួង​បញ្ជាក់ថា កម្ពស់​ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តស្ទឹងត្រែង ស្ថិតក្នុង​កម្រិត ៣ ម៉ែត្រ​កន្លះ គឺ​ស្រក​កន្លះ​តឹក បើ​ធៀប​នឹង​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ ៩,២១​ម៉ែត្រ គឺ​ស្រ​កជាង​២​តឹក​។ កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម ៤,៣៦​ម៉ែត្រ គឺ​ស្រក​ជិត ២​តឹក​។ កម្ពស់​ទឹកទន្លេ​បាសាក់​ចតុមុខ ២,២៦​ម៉ែត្រ គឺ​ស្រក​ចុះ​មួយ​តឹក​។ ចំណែក​ទន្លេមេគង្គ​អ្នក​លឿង កម្ពស់​ទឹក ១,៧២​ម៉ែត្រ គឺ​ស្រក​ចុះ​ជិត​កន្លះ​តឹក​។​
 
​កម្រិត​កម្ពស់​ទឹក​នាពេលនេះ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន គឺ​ស្រក​ចុះ​ផងដែរ ដូចជា​ក្នុង​ខេត្តក្រចេះ ស្រក​ចុះ​ជាង ១​តឹក ក្នុង​ខេត្តស្ទឹងត្រែង​ស្រក​ចុះ​ជិត​កន្លះ​តឹក បើ​ធៀប​នឹង​ឆ្នាំមុន​។ នេះ​បើតាម​ក្រសួង​ធនធានទឹក​។​
 
 
​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ថ្លែងប្រាប់ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា ស្ថានភាព​ទឹកទន្លេ​មេគង្គ​នៅ​ទាប​នៅឡើយ បើ​ធៀប​នឹង​បណ្តា​ឆ្នាំ​កន្លងទៅ​។ លោក​បន្តថា ដើមរដូវ​វស្សា​នេះ ភ្លៀង​មិនទាន់​ធ្លាក់​រាយប៉ាយ​នៅឡើយ ជាពិសេស​នៅក្នុង​ក្របខណ្ឌ​អាង​ទន្លេមេគង្គ​។ លោក​បន្តថា នៅ​ខែសីហា​ខាងមុខ តាម​ការ​ព្យ​ករ នឹងមាន​ភ្លៀង​រាយប៉ាយ​ល្អ​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ទន្លេមេគង្គ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​អញ្ចឹង​របប​ទឹកទន្លេ​មេគង្គ គឺមាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយនឹង​ស្ថានភាព​អាកាសធាតុ​»​។​
 
​បើតាម​លោក ចាន់ យុ​ត្ថា ជា​មធ្យម ក្នុង​មួយឆ្នាំ មាន​ព្យុះ​ដែល​កើត​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្តី ជា​មធ្យម​អាចមាន ៥ ទៅ ៦​ដង ដែល​ធ្វើដំណើរ​ទៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ ប៉ុន្តែ​មកដល់ពេលនេះ មិនទាន់មាន​ណាមួយ​នៅឡើយ​ទេ​។​
 
​លោក គល់ វ​ឌ្ឍ​នា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ទន្លេមេគង្គ​កម្ពុជា មានប្រសាសន៍ថា មាន​កត្តា​រួមផ្សំ​ច្រើន ដែល​នាំ​ឲ្យ​កម្រិត​ទឹកទន្លេ​មេគង្គ​ធ្លាក់ចុះ ដែល​លោក​ថា សំខាន់​ជាងគេ​គឺ​មកពី​បម្រែបម្រួល​អាកាសធាតុ ហើយ​ការស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​នៅលើ​ទន្លេមេគង្គ អាចជា​កត្តា​តូច​មួយ​តែប៉ុណ្ណោះ​។​


ប្រជាជនដើរលេងក្នុងទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង នាពេលថ្ងៃលិច កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
 
​លោក​មានប្រសាសន៍ថា​៖ «​អញ្ចឹង​ហើយ​បាន​ខ្ញុំ​មិន​សន្និដ្ឋាន​ដាច់ខាត​ថា ទំនប់​ហ្នឹង​វា​មិន​ចូលរួម​ដល់​ការខ្វះ​ទឹក​ទេ វា​មាន​ចំណែក​តូច​មួយ​នៅក្នុង​ហ្នឹង​។ ក៏ប៉ុន្តែ វា​មាន​ចំណែក​ច្រើន​ទៅទៀត ដែល​ធ្វើ​ឲ្យ​ខ្វះ​ទឹក​ហ្នឹង គឺ​បម្រែបម្រួល​អាកាសធាតុ​»​។​
 
​បើតាម​លោក វ​ឌ្ឍ​នា បើ​គិត​អំពី​បរិមាណ​ទឹក​សរុប ១០០​ភាគរយ នៅលើ​អាង​ទន្លេមេគង្គ ក្នុងប្រទេស​ចិន ទឹកទន្លេ​ក្នុង​ខេត្ត​យូ​ណាន មាន​ប្រមាណ ១៧​ភាគរយ មី​យ៉ាន់​ម៉ា ១​ភាគរយ និង​ក្រៅពីនោះ គឺ​ជាង ៨០​ភាគរយ មាននៅ​ប្រទេស​ទន្លេមេគង្គ​ក្រោម ដែលមាន​ឡាវ ថៃ កម្ពុជា និង​វៀតណាម​។​
 
​លោក​បញ្ជាក់ថា​៖ «​ឧបមា​ថា​ប្រសិនបើ ១៧​ភាគរយ បិទ​ជិតឈឹង មិន​ឲ្យ​ហូរ​មក ក៏​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​មកដល់​របប​ទឹក​ខាងក្រោម​ដែរ ព្រោះ​វា​តែ ១៧​ភាគរយ​»​។​
 
​ទំនប់​វា​រី​អគ្គិសនី​ដ៏​ចម្រូងចម្រាស​របស់​ឡាវ នៅ​ផ្នែក​ខាងលើ​ទន្លេមេគង្គ ដែល​នៅ​ជិត​កម្ពុជា មានដូចជា​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​ប៊ូ​រី (Xayaburi) និង​ដន​សា​ហុង (Don Sahong)​។​
 
​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​លើ​គម្រោង​ស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​ជា​បន្តបន្ទាប់ នៅលើ​ដង​ទន្លេមេគង្គ ជាពិសេស​ទំនប់​របស់​ប្រទេស​ឡាវ ដែល​ពួកគេ​អះអាងថា នឹងធ្វើ​ឲ្យ​កម្រិត​ទឹកទន្លេ​មេគង្គ​ធ្លាក់ចុះ ហើយ​ប៉ះពាល់​ផល​ត្រី និង​ដីល្បាប់​នៅ​ផ្នែក​ខាងក្រោម​។​
 
​លោក គល់ វ​ឌ្ឍ​នា មានប្រសាសន៍ថា ទំនប់​នៅក្នុង​ប្រទេស​លាវ ជា​ទំនប់​ដែល​ធ្វើឡើង​ជាការ​ស្តុក​ទឹក​មួយពេល ដូច្នេះ​វា​មិន​ប៉ះពាល់​អ្វី​នោះទេ​។​
 
​លោក ហុក ម៉េងហ៊ាន់ ប្រធាន​កម្មវិធី​បរិស្ថាន​និង​កសិកម្ម​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) មានប្រសាសន៍ថា ការផ្លាស់ប្តូរ​កម្រិត​ទឹកទន្លេ​មេគង្គ អាចមកពី​កត្តា​មួយចំនួន ដូចជា​ការប្រែប្រួល​អាកាសធាតុ​ដែល​នាំ​ឲ្យ​រាំងស្ងួត ការគ្រប់គ្រង​ទី​ជម្រាល និង​ការស្ថាបនា​ទំនប់​វា​រី​អគ្គិសនី នៅលើ​ទន្លេមេគង្គ ដែល​នាំ​ឲ្យ​ទឹក​ហូរ​មិន​ទៀងទាត់​។​
 
​លោក​មានប្រសាសន៍ថា​៖ «​វា​អាចទាក់ទង​នឹង​លំហូរ​ទឹក​ពីលើ​មក​។ លំហូរ​ទឹក​នេះ យើង​ឃើញថា ការផ្លាស់ប្តូរ​រដូវ​កាល វា​អាច​ប៉ះពាល់​ទៅនឹង​ការសាងសង់ infrastructure (​ហេដ្ឋារចនាសម្ព័ន្ធ​) មួយចំនួន​ដែល​នៅ​ខាងលើ (​ទន្លេមេគង្គ​)​។ ពេលខ្លះ​គាត់​បិទ​ទឹក ពេលខ្លះ គាត់​បើកទឹក វា​អាច​ផ្លាស់ប្តូរ Seasonal (​រដូវ​)​។ ទឹក​វា​នៅតែ​ធ្លាក់​មក​ខាងក្រោម​ហ្នឹង តែ​វា​ផ្លាស់ប្តូរ​ពេល​»​។​


ការបូមខ្សាច់ក្នុងទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ កាលពីថ្ងៃទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
 
​ពលរដ្ឋ​ម្នាក់​នៅលើ​កោះ​ត្នោត អ្នកស្រី សឿង រម្យ​ចា អាយុ​៣១​ឆ្នាំ រស់ក្នុង​ភូមិ​កោះ​ដំបង ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ ថ្លែងប្រាប់ VOA​ថា មេឃ​មិន​ភ្លៀង​ខុស​ប្រក្រតី​។ អ្នកស្រី​ដែលមាន​កូន ២​នាក់ បារម្ភ​ថា បើ​អាកាសធាតុ​នៅតែ​បែបនេះ នឹង​ប៉ះពាល់​ដល់​ការធ្វើ​កសិកម្ម​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​មានការ​ធ្វើស្រែ​របស់​អ្នកស្រី ២​ហិកតា ផងដែរ​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​មួយរយៈ​នេះ នៅ​តំបន់​ខ្ញុំ​អត់​សូវ​ភ្លៀង​ទេ អត់​ភ្លៀង​តែម្តង ចូល​ជិត​មួយខែ​ហើយ អត់​មាន​ភ្លៀង​ទេ​»​។​
 
​អ្នកស្រី​យល់ថា ការ​រាំង​ទឹកភ្លៀង​នេះ គឺ​ដោយសារ​ហេតុផល​មួយចំនួន ក្នុងនោះ​ជា​អ​បី​យ​ជំនឿ​របស់​អ្នកស្រី ដែលថា​មិនបាន​ធ្វើ​ពិធី​ចូលឆ្នាំ សុំ​ទឹកភ្លៀង​និង​ការកាប់បំផ្លាញ​ព្រៃឈើ​។​
 
​អ្នកស្រី​បន្ថែមថា​៖ «​ទីមួយ​ខ្ញុំ​គិតថា តាម​អ​បី​យ​ជំនឿ ទី​ពីរ​ខ្ញុំ​គិតថា​យើង​បាត់បង់​ព្រៃឈើ បាត់បង់​អី​ច្រើន​អញ្ចឹង ក្តៅ គ្មាន​ដើមឈើ ដើម​អី ដើម្បី​ស្រូប​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​តំបន់​ហ្នឹង ខ្ញុំ​គិតថា​អញ្ចឹង​»​។​
 
​អ្នកស្រី​ក៏​បារម្ភ​អំពី​ការស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​លើ​ទន្លេមេគង្គ ដែល​នាំ​ឲ្យ​ទឹក​ស្រក​ឡើង ខុសពី​ធម្មតា​។​
 
​ចំណែក​ពលរដ្ឋ​ម្នាក់ទៀត លោក ឆៃ សុ​ខៃ អាយុ​២៦​ឆ្នាំ រស់នៅក្នុង​ភូមិ​សៀម​បូក ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ថ្លែងប្រាប់ VOA ថា មេឃ​មិនមាន​ភ្លៀង​ខុសពី​ធម្មតា ដែល​ធ្វើ​ឲ្យ​កសិករ​ពិបាក​ធ្វើស្រែ​។ លោក​បន្តថា ពេលខ្លះ​ទឹកទន្លេ​មេគង្គ​ស្រក​ឡើង​ខុសពី​ធម្មតា ដែល​ធ្វើ​ឲ្យ​កសិករ​មិនអាច​ធ្វើស្រែ​នៅតាម​អូរ​ទាបៗ ព្រោះ​ខ្លាច​ទឹក​លិច​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ព្រោះ​អី​ខែ​នេះ ដល់​រដូវ​គេ​ធ្វើស្រែ​។ រាល់​ឆ្នាំ​អី​ជួនកាល​ភ្លៀង ខាន​តែមួយ​ថ្ងៃ​អី ជួនកាល​រាល់ថ្ងៃ​។ ឥឡូវនេះ​អត់​ទេ ភ្លៀង​មួយថ្ងៃ​អ​ញ្ចេះ បី​ថ្ងៃក្រោយ បាន​ភ្លៀង​ទៀត​។ វា​លក្ខណៈ​ចូលដល់​ខែវស្សា​ហើយ វា​ប្រែប្រួល​ទៅជា​រាំង​វិញ​»​។​
 
​លោក​បន្ថែមថា​៖ «​ហើយ​ទឹកទន្លេ ឥឡូវ អត់​សូវ​ឡើង​ប៉ុន្មាន​ទេ​។ ទឹក​តិច ទឹក​តិច​ខុសពី​រាល់​ឆ្នាំ បើ​ខែ​នេះ​អី​រាល់​ឆ្នាំ តាម​ច្រាំង តាម​កោះ​អី វា​លិច​អស់ តែ​ឆ្នាំនេះ​អត់​ទេ ដោយសារ​ប្រហែល​មកពី​អត់​សូវ​មាន​ភ្លៀង​ផង ឬ​ប្រហែលជា​គេ​បិទ​ទំនប់​អី​ខាងលើ​ផង វា​គួប​ផ្សំគ្នា​»​។​
 
​គួរ​បញ្ជាក់ថា មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​ឲ្យ​ដឹងថា កម្ពុជា​មិនមាន​ផែនការ​ក្នុងការ​ស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​លើ​តួ​ទន្លេមេគង្គ​នោះទេ ក្នុង​រយៈពេល ១០​ឆ្នាំ​ខាងមុខ គឺ​រហូតដល់​ឆ្នាំ ២០៣០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com