ពីនេះ ពីនោះ
សុខភាព
ចង់​ទប់​ទល់នឹង​ជំងឺ​ថប់​បារម្ភ​? កុំ​រំលង​អត្ថបទ​នេះ​
20, Jul 2020 , 6:59 pm        
រូបភាព
​តើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​ថប់​បារម្ភ​មែន​ទេ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ទប់ទល់​អាកា​រៈ​នៃ​ជំងឺ​ថប់​បារម្ភ ៖

 
១. ធ្វើ​លំ​ហាត់ប្រាណ​
 
​ការធ្វើ​លំ​ហាត់ប្រាណ​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ​រីករាយ​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ខួរក្បាល​ពោរពេញ​ទៅដោយ​អ័រម៉ូន​រីករាយ​នៅពេល​អ្នកធ្វើ​លំ​ហាត់ប្រាណ​ណាមួយ​។ សកម្មភាព​រាងកាយ​ភាគច្រើន​អាច​រាប់​ជា​ទម្រង់​នៃ​លំ​ហាត់ប្រាណ ដូច្នេះហើយ​ទើប​ការដើរ ឬ​គ្រាន់តែ​រត់​ត្រឹកៗ​ជំនួស​ការ​អង្គុយ ឬ​គេង​អាចជួយ​លើក​អារម្មណ៍​របស់​អ្នក​ជៀស​ផុតពី​អាកា​រៈ​នៃ​ជំងឺ​ថប់​បារម្ភ​។ វា​ក៏​ជា​គំនិត​ដ៏​ប្រសើរ​បំផុត​មួយ​ដែរ​ក្នុងការ​ចំណាយពេល​នៅក្រោម ឬ​ត្រូវ​ពន្លឺព្រះអាទិត្យ​ខ្លះ ក៏​ព្រោះ​វា​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន D សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយ​សម្រាប់​រក្សា​អារម្មណ៍​ស្រស់ស្រាយ​។​
 
២. ទទួលទាន​តែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ L-theanine ដែលមាន​ប្រសិទ្ធភាព​ទប់ទល់​អាកា​រៈ​នៃ​ជំងឺ​ថប់​បារម្ភ​គួរឱ្យកត់សម្គាល់​។​
 
៣. ធ្វើ​សមាធិ​
 
​ការធ្វើ​សមាធិ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ភាព​ស្ងប់​សុខ​ក្នុង​ចិត្ត​និង​កាត់បន្ថយ​ភាព​តានតឹង ព្រម​តាំង​ថប់​បារម្ភ​បាន​យ៉ាង​ប្រសើរ​។ ចូរ​ចំណាយពេល​ពី ១០ ទៅ ១៥ នាទី​ក្នុង​មួយថ្ងៃ​ទៅ​អង្គុយ​កន្លែង​ស្ងាត់ ហើយ​ធ្វើការ​សមាធិ​ផ្ដោតអារម្មណ៍​លើ​ការដកដង្ហើម​ចេញចូល​មួយៗ​ជ្រៅ​បណ្ដោយ​ចិត្ត​។​
 
៤. បង្កើន​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣
 
​មិន​ត្រឹមតែ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ក៏​ល្អ​សម្រាប់​បំបាត់​ថប់​បារម្ភ​ផងដែរ​។ ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ គឺ​ត្រី​សម្បូរ​ខ្លាញ់ និង​គ្រាប់​ធញ្ញជាតិ​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​ច្រើនពេក​ឡើយ​។​
 
៥. ចៀសវាង​ទទួលទាន​កាហ្វេ​ច្រើន​ហួស​
 
​វា​មិនមែនជា​រឿង​ចំលែក​អ្វី​ឡើយ​ដែល​ការ​ទទួលទាន​កាហ្វេ​អាច​បណ្ដាលឱ្យ​កើតមាន​អាកា​រៈ​ញ័រ ចង្អោរ​ចង់​ក្អួត និង​បេះដូង​លោត​ញាប់​ខុស​ប្រក្រតី ជាពិសេស​ចំពោះ​អ្នក​ដែល​ចាញ់​ជាតិ​កាហ្វេ​អ៊ី​ន​។ ជាតិ​កាហ្វេ​អ៊ី​ន​អាច​បង្កបញ្ហា​នៃ​ជំងឺ​ថប់​បារម្ភ ឬ​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​យ៉ាប់​យ៊ឺ​ន​ឡើង ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​នេះ​ស្រាប់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​កាត់បន្ថយ ឬ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ​តែម្ដង​។ ហើយ​អ្នក​ក៏​គួរតែ​កម្រិត​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ដទៃ​ដូចជា​តែ ភេសជ្ជៈ​កំប៉ុង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផង​។​
 
៦. គេង​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
 
​ការមិន​ងងុយគេង​ជា​រោគសញ្ញា​ទូទៅ​បំផុត​មួយ​នៃ​ជំងឺ​ថប់​បារម្ភ​។ ទោះជា​យ៉ាងណាក៏ដោយ អ្នក​គួរ​ព្យាយាម​យកឈ្នះ​លើ​បញ្ហា​នេះ​ឱ្យបាន​។ កង្វះ​នៃ​ការ​គេង​អាច​បង្កើន​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស​ដែល​ធ្វើឱ្យ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​យ៉ាប់​ឡើង​គួរឱ្យ​ព្រួយបារម្ភ​។​
 
៧. រួមបញ្ចូល​ស៊ុត​ក្នុង​របប​អាហារ​
 
​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D​។ ស៊ុត​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន រួមទាំង​អាស៊ីត​អា​មី​ណូ​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​លូតលាស់ រក្សាសុខ​ភាពរឹងមាំ និង​ជួយ​ផលិត​អ័រម៉ូន​អារម្មណ៍ល្អ​គ្រប់គ្រង​ការ​គេង Serotonin​។ អ័រម៉ូន​នេះ​ក៏​ជួយ​បង្កើន​ភាពប្រសើរឡើង​នៃ​មុខងារ​ខួរក្បាល ហើយ​កាត់បន្ថយ​បញ្ហា​ថប់​បារម្ភ និង​ស្ត្រេ​ស​គួរឱ្យកត់សម្គាល់​។​
 
៨. ចៀសវាង​អាហារ​កែច្នៃ​
 
​ការទទួល​ទាន​អាហារ​ប្រភេទ​នេះ​សឹង​គ្រប់ពេល​អាច​បង្ក​ជា​បញ្ហា​ថប់​បារម្ភ ឬ​ធ្លាក់​ទឹកចិត្ត​នៅ​ថ្ងៃ​ណាមួយ​នាពេល​អនាគត​។ មកទល់នឹង​ពេល​សព្វថ្ងៃនេះ ការសិក្សា​ស្រាវជ្រាវ​កាន់តែ​ច្រើនឡើងៗ​កំពុង​ព្យាយាម​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ជំងឺ​ថប់​បារម្ភ និង​ការ​ទទួលទាន​អាហារ​កែច្នៃ​។ វេជ្ជបណ្ឌិត​ជាច្រើន​ជឿថា គ្រឿងផ្សំ​មួយចំនួន​នៅក្នុង​អាហារ​កែច្នៃ រួមបញ្ចូល​ទាំង​ស្ករ​ចម្រាញ់ សារធាតុ GMO’s សារធាតុ​គ្លូ​ទែន (Gluten) និង​គ្រឿងផ្សំ​សិប្បនិម្មិត​បន្ថែម​រសជាតិ​ផ្សេងទៀត គឺអាច​បង្ក​ការរំខាន​ដល់​សារធាតុ​គីមី​របស់​ខួរក្បាល​ដែល​នឹង​នាំឱ្យ​កើតមាន​ជំងឺ​ថប់​បារម្ភ ក៏ដូចជា​ធ្លាក់​ទឹកចិត្ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com