ជាតិ
​សមុទ្រ​ចិន​ខាងត្បូង​៖ សន្តិភាព និង​វិបុលភាព​ត្រូវ​កសាង​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​
20, Jul 2020 , 10:57 am        
រូបភាព
ឯកអគ្គ​រដ្ឋទូតអាមេរិក W. Patrick Murphy នា​ពេល​ទៅទស្សនកិច្ច​លើក​ដំបូងនៅខេត្ត​សៀមរាប​កាលពី​ខែ​តុលា ឆ្នាំ​២០១៩។ ថតដោយ អ៊ីសា រ៉ហានី
ឯកអគ្គ​រដ្ឋទូតអាមេរិក W. Patrick Murphy នា​ពេល​ទៅទស្សនកិច្ច​លើក​ដំបូងនៅខេត្ត​សៀមរាប​កាលពី​ខែ​តុលា ឆ្នាំ​២០១៩។ ថតដោយ អ៊ីសា រ៉ហានី
​ដោយ​៖លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​
 
​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុងពេល​ថ្មីៗ​នេះ ដែល​ប្រទេស​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ កាលពី​ថ្ងៃទី ២៦ មិថុនា មេដឹកនាំ​នៅ​អាស៊ីអាគ្នេយ៍ បានចេញ​សេចក្តីថ្លែងការណ៍​ខ្លាំង​មួយ ការពារ​គោលការណ៍​រួម និង​ជា​ស្នូល​នៃ​ធម្មនុញ្ញ​របស់​អាស៊ាន គឺ​គោលការណ៍​ធ្វើ​ឲ្យ​មាន​សន្តិភាព និង​វិបុលភាព ដែល​មិន​ធ្លាប់​មានមក នៅក្នុងពេល ៣០ ឆ្នាំ​កន្លងទៅ​។ និយាយ​ឲ្យ​ចំ មេដឹកនាំ​នៅ​អាស៊ីអាគ្នេយ៍​បានចេញ​សារ​ដ៏​ច្បាស់​មួយ​ថា ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​តំបន់​ដទៃទៀត ត្រូវតែ​ដោះស្រាយ​ស្របទៅតាម​ច្បាប់​អន្តរជាតិ ដោយ​រួមទាំង​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS)​។​

 
​សហរដ្ឋអាមេរិក​មាន​គោលការណ៍​ដូច​គោលការណ៍​ទាំងនេះ​ដែរ ហើយ​ឈរ​ជាមួយ​អាស៊ាន នៅក្នុង​ការការពារ​គោល​ការណ៍​ទាំងនេះ​។ នៅ​សប្តាហ៍​នេះ លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក Mike Pompeo បានប្រកាស​ការផ្លាស់ប្តូ​រគោល​នយោបាយ​របស់​សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការទាមទារ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ពង្រឹង​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​រដ្ឋ​ជាប់​សមុទ្រ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​គាំទ្រ​សិទ្ធិ​អធិបតេយ្យ​របស់គេ នៅក្រោម​ច្បាប់​អន្តរជាតិ​។ ដោយ​គាំទ្រ​ការសម្រេច​របស់​តុលាការអន្តរជាតិ UNCLOS ដែល​បានសម្រេច​ថា ការទាមទារ​ពង្រីក​ដែនសមុទ្រ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង គ្មាន​មូលដ្ឋាន​នៅក្នុង​ច្បាប់​អន្តរជាតិ​ទេនោះ សហរដ្ឋអាមេរិក​បដិសេធ​ការទាមទារ​យក​តំបន់​សមុទ្រ​ណាមួយ​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​ហ្វីលីពីន ឬ​ដី​តំណ​ទ្វីប ហើយ​និង​ការទាមទារ​ដូចគ្នានេះ លើ​ដែនទឹក​ហួស​ពី​ចម្ងាយ​លើសពី ២២ គម​ពី​ប្រជុំ​កោះ Spratlys ។ ការសម្រេច​កាលពី​ឆ្នាំ ២០១៦ របស់​តុលាការ​ជំនុំជម្រះ​អន្តរជាតិ UNCLOS  បិទផ្លូវ​តវ៉ា ហើយ​មានតម្លៃ​គតិយុត្តិ​លើ​ភាគី​ទាំងពីរ គឺ​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ចិន​។​
 
​ពិតមែន​ហើយ​ថា ទាំង​សហរដ្ឋអាមេរិក ទាំង​ប្រទេស​កម្ពុជា​មិន​ទាមទារ​ចំណែក​អ្វី នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ តែ​ក្នុងនាម​ជា​ប្រទេស​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែលមាន​ភាពសេរី និង​បើកចំហ ប្រទេស​យើង​ទាំងពីរ ទទួលបាន​ប្រយោជន៍​ពី​សណ្តាប់ធ្នាប់​តំបន់​ដែល​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ គឺ​សណ្តាប់ធ្នាប់​មួយ​ដែល​ចែង​ដោយ​គោលការណ៍​រួម​។ ហេតុដូច្នេះ​ហើយ​បានជា គេ​ត្រូវមាន​ជំហរ​ច្បាស់លាស់​មួយ ដូចដែល​យើង និង​សមាគម​អាស៊ាន​បាន​ប្រកាន់យក​។ យើងទាំងអស់គ្នា​មានការ​ទទួលខុសត្រូវ​រួមគ្នា នៅក្នុង​ការការពារ​គោល​ការណ៍​ទាំងនេះ ហើយ​បង្ខំ​ឲ្យ​ប្រទេស​ទាំងអស់​ត្រូវធ្វើ​តាម​កា​រ​ប្តេជ្ញាចិត្ត និង​កាតព្វកិច្ច​របស់ខ្លួន ពិសេស​នៅក្រោម​សន្ធិសញ្ញា​អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគី ឬ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។ 
 
​ការទាមទារ​នៅ​សមុទ្រ​ចិន​ខាងត្បូង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មិន​ត្រឹមតែ​គ្មាន​មូលដ្ឋាន​នៅក្នុង​ច្បាប់​អន្តរជាតិ​តែប៉ុណ្ណោះ​ទេ តែ​ការទាមទារ​ខ្លះ​ខ្វះ​អង្គហេតុ​ជា​ប្រវត្តិសាស្ត្រ ដូចជា​ការទាមទារ​ដោយ​ឥត​ទំនង​ថា ដី​មួយ​ដុំ​តូច​ឈ្មោះ James Shoal ដែល​ស្ថិតនៅ​ចម្ងាយ​ជាង ១០០០ ម៉ៃ​ល៍ពី​ប្រទេស​ចិន និង​មាន​ចំងាយ​តិចជាង ៥០ ម៉ៃ​ល៍ពី​ប្រទេស​ម៉ាឡេស៊ី  ហើយ​ស្ថិតនៅក្រោម​ទឹក​ក្នុង​ជម្រៅ ២១ ម៉ែត្រ គឺជា​ចំណែក​ចុង​បំផុត​នៃ​ប្រទេស​ចិន​។ 
 
​អាកប្បកិរិយា​ជា​បន្ត របស់​ក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ការមិន​គិតគូរ​របស់ខ្លួន ចំពោះ​សិទ្ធិ​អធិបតេយ្យ​របស់​ប្រទេស​ដទៃ​ឡើយ ដូចជា​បម្រាម​តាម​អំពើ​ចិត្ត​របស់ខ្លួន​លើ​ការនេសាទ និង​ការយាយី​កប៉ាល់​នៅ​តំបន់​សមុទ្រ​នេះ ដែល​ធ្វើ​ឲ្យ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មិនអាច​ទទួលបាន​ធនធាន​ពី​សមុទ្រ​របស់គេ​ឡើយ ដោយ​រួមទាំង​ធនធាន​ប្រេង និង​ឧស្ម័ន​ដែលមាន​តម្លៃ​ប្រមាណ ២,៥ លាន​លាន​ដុល្លា (២,៥ ទ្រី​លាន​ដុល្លា​)​។ ធនធាន​ទាំងនេះ​គឺជា​បេតិកភណ្ឌ​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ជា​ដង្ហើម​នៃ​សហគមន៍​នៅតាម​តំបន់ឆ្នេរ​របស់គេ និង​ជា​មធ្យោបាយ​ចិញ្ចឹមជីវិត​នៃ​ពលរដ្ឋ​របស់គេ​រាប់លាន​នាក់​។ ដូចគ្នានេះដែរ ទីក្រុង​ប៉េកាំង​ចង់​ធ្វើការ​គ្រប់គ្រង​លើ​ទន្លេមេគង្គ​ដ៏​សំខាន់​។ ការសិក្សា​នៅក្នុងពេល​ថ្មីៗ​នេះ​បង្ហាញថា ទំនប់​របស់​ចិន​ហាក់​បាន​បង្ខាំង​ទឹក​ទុក នៅតាម​ទន្លេមេគង្គ នៅក្នុង​ពេលដែល​ប្រទេស​កម្ពុជា និង​ប្រទេសជិតខាង​របស់ខ្លួន​កំពុង​រងគ្រោះ​ខ្លាំង​ដោយ​គ្រោះរាំងស្ងួត​។ 
 
​ពិតណាស់ ការលើកកម្ពស់​គោលការណ៍​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង និង​ទន្លេមេគង្គ​មិនមែនជា​រឿង​ជ្រើសរើស​ភាគី​ខាង​ណា​នោះទេ​។ ប្រទេស​ទាំងអស់ ដោយ​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ត្រូវតែមាន​ឯករាជ្យ អធិបតេយ្យភាព និង​សេរីភាព នៅក្នុង​ការជ្រើសរើស​ដៃគូ ដោយ​គ្មាន​ការបង្ខិតបង្ខំ​។ ផ្ទុយទៅវិញ វា​ជា​រឿងលើក​កម្ពស់​នីតិរដ្ឋ ទាំង​នៅក្នុង​ប្រទេស ទាំង​នៅ​បរទេស ដែលជា​ការ​មាន​សារសំខាន់​ចាំបាច់​សម្រាប់​ការបន្ត​មាន​សន្តិភាព វិបុលភាព និង​ឯករាជ្យភាព​សម្រាប់​ប្រទេស​កម្ពុជា និង​សម្រាប់​តំបន់​។ ហេតុ​ដូច្នេះហើយ បានជា​សហរដ្ឋអាមេរិក នឹង​បន្ត​និយាយ​ការពារ​គោលការណ៍​ទាំងនេះ ហើយ​ធ្វើ​សកម្មភាព​ដោយ​ឈរលើ​មូលដ្ឋាន​នេះ​។ យើង​នៅតែមាន​ការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើការ​ហោះហើរ ធ្វើ​នាវាចរណ៍ និង​ធ្វើ​ប្រតិបត្តិការ​នៅ​គ្រប់កន្លែង​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត ហើយនឹង​បន្ត​ប្រើ​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍ និង​ហោះហើរ​នៅក្នុង​ដែនទឹក និង​ដែនអាកាស​អន្តរជាតិ​។ 
 
​ពី​មណ្ឌល​គី​រី ដល់​សៀមរាប កោះកុង និង​បាត់ដំបង ប្រទេស​កម្ពុ​ជាមាន​ធនធានធម្មជាតិ​ដ៏​ច្រើន និង​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​។ សហរដ្ឋអាមេរិក​គឺជា​ដៃគូ​យូរអង្វែង និង​រឹងមាំ ក្នុង​ការជួយ​ប្រទេស​កម្ពុជា​ក្នុងការ​អភិរក្ស​សម្បត្តិ​ទាំងនេះ ដូចដែល​យើង​នៅតែមាន​ការប្តេជ្ញាចិត្ត​ក្នុងការ​បន្ត​ជួយ​ប្រទេស​កម្ពុជា ក្នុងការ​ជំនះ​ជំងឺ​រាតត្បាត​សាកល​នៅពេលនេះ ហើយ​កសាង​សេដ្ឋកិច្ច​ឲ្យ​រឹងមាំ​ឡើងវិញ ទៅ​អនាគត​។​
 
​ភាពជា​ដៃគូ​រឹងមាំ និង​យូរអង្វែង​ផ្អែកលើ​ការប្តេជ្ញាចិត្ត​រួមគ្នា ចំពោះ​គោលការណ៍​រួម​។ ការ​នេះ​មាន​សារសំខាន់​ណាស់ សម្រាប់​អាស៊ាន និង​សម្រាប់​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក ពិសេស​ក្នុងពេលដែល​យើង​កំពុងធ្វើការ​អបអរ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​។ ដូចដែល​សេចក្តីប្រកាស​របស់លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក Pompeo បង្ហាញ នៅ​សប្តាហ៍​នេះ​ស្រាប់​ហើយ​ថា សហរដ្ឋអាមេរិក​នៅតែ​មានការ​ប្តេជ្ញាចិត្ត​ចំពោះ​គោលការណ៍​រួមទាំង​នោះ នៅ​កម្ពុជា នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​នៅ​ទូទាំង​សាកលលោក​៕

© រក្សាសិទ្ធិដោយ thmeythmey.com