ជាតិ
សាសនា / ធម៌
សម្តេចសង្ឃទាំងពីរគណៈ យកមេអង្គរក្សនាយករដ្ឋមន្រ្តី ធ្វើជាឧត្តមទីប្រឹក្សា
20, Jul 2020 , 1:00 pm        
រូបភាព
សម្តេច ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ និងលោក ហ៊ីង ប៊ុនហៀង មេអង្គរក្សរបស់សម្តេច ហ៊ុន សែន ក្នុងពិធីតែងតាំងលោក ជាឧត្តមទីប្រឹក្សា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងអង្គរក្ស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល (រូបពីលេខាធិការដ្ឋាននៃគណៈសង្ឃនាយក)
សម្តេច ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ និងលោក ហ៊ីង ប៊ុនហៀង មេអង្គរក្សរបស់សម្តេច ហ៊ុន សែន ក្នុងពិធីតែងតាំងលោក ជាឧត្តមទីប្រឹក្សា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងអង្គរក្ស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល (រូបពីលេខាធិការដ្ឋាននៃគណៈសង្ឃនាយក)
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្សរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានតែងតាំងជា «ឧត្តមទីប្រឹក្សា» របស់សម្តេចសង្ឃបួនព្រះអង្គ។



ការតែងតាំងលោក ហ៊ីង ប៊ុនហៀង ជាឧត្តមទីប្រឹក្សារបស់សម្តេចសង្ឃ គឺធ្វើឡើយតាមរយៈអនុក្រឹត្យរបស់នាយករដ្ឋមន្រ្តី បន្ទាប់ពីមានសំណើរបស់រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា។ ពិធីតែងតាំងលោក ជាឧត្តមទីប្រឹក្សានេះ ប្រារព្ធឡើង នៅបញ្ជាការដ្ឋានអង្គរក្សផ្ទាល់តែម្តង ដែលស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈអនុក្រឹត្យ លោក ហ៊ីង ប៊ុនហៀង ដែលមានគោរមងារជាកិត្តិបណ្ឌិតផងនោះ គឺជាឧត្តមទីប្រឹក្សារបស់សម្តេច ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និង ជាឧត្តមទីប្រឹក្សារបស់សម្តេច បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។


សម្តេច បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ និង លោក ហ៊ីង ប៊ុនហៀង ក្នុងពិធីតែងតាំងលោក ជាឧត្តមទីប្រឹក្សា (រូបពីគណនីហ្វេសប៊ុក បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ)

ជាមួយគ្នានេះ លោក ក៏ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សារបស់សម្តេចសង្ឃពីរព្រះអង្គទៀតដែរ គឺសម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈសង្ឃនាយកគណៈមហានិកាយ និង សម្តេច អំ លឹមហេង ព្រះប្រធានថេរសភាសង្ឃគណៈមហានិកាយ។


សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈសង្ឃនាយកផ្នែកគណៈមហានិកាយ និងលោក ហ៊ីង ប៊ុនហៀង ក្នុងពិធីប្រកាសតែងតាំងលោក ជាឧត្តមទីប្រឹក្សា (រូបពីលេខាធិការដ្ឋានគណៈសង្ឃនាយក) 


សម្តេច អំ លឹមហេង ព្រះប្រធានថេរសភាសង្ឃផ្នែកគណៈមហានិកាយ និងលោក ហ៊ីង ប៊ុនហៀង ក្នុងពិធីប្រកាសតែងតាំងលោក ជាឧត្តមទីប្រឹក្សា (រូបពីលេខាធិការដ្ឋានគណៈសង្ឃនាយក) 

សម្តេច ឃឹម សន ព្រះប្រធានលេខាធិការនៃគណៈសង្ឃនាយកគណៈមហានិកាយ មានសង្ឃដីកា ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ថា ការយកលោក ហ៊ីង ប៊ុនហៀង ធ្វើជាឧត្តមទីប្រឹក្សារបស់សម្តេចសង្ឃទាំងបួនព្រះអង្គ គឺដោយសារតែលោក តែងតែជួយឧបត្ថម្ភដល់ព្រះពុទ្ធសាសនា ដូចជា ការកសាងសំណង់ឬអគារតាមវត្តអារាមនិងពុទ្ធិកសិក្សា ជាដើម។

សម្តេច បន្តថា លើសពីនេះ លោក ហ៊ីង ប៊ុនហៀង ជាអ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនា ហើយកន្លងមក លោក ក៏ធ្លាប់ផ្តល់យោបល់ដល់ព្រះសង្ឃដែរ។ ព្រះប្រធានលេខាធិការគណៈសង្ឃនាយក បន្តថា ដ្បិតលោក ហ៊ីង ប៊ុនហៀង មិនធ្លាប់បួសជាព្រះសង្ឃ តែលោក ធ្លាប់ស្នាក់នៅក្នុងវត្ត ដើម្បីសិក្សារៀនសូត្រ កាលពីលោកនៅក្មេង។

នៅកម្ពុជា ព្រះពុទ្ធសាសនា មានពីរផ្នែក គឺគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ។ សម្តេចសង្ឃ ដែលមានឋានៈខ្ពស់ជាងគេ ក្នុងគណៈមហានិកាយ គឺសម្តេច ទេព វង្ស ហៅថា សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចសង្ឃ ដែលមានឋានៈខ្ពស់ជាងគេ ក្នុងគណៈធម្មយុត្តិកនិកាយ គឺសម្តេច បួរ គ្រី ហៅថា សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។

ស្ថាប័នកំពូលរបស់ព្រះសង្ឃ នៅក្រោមសម្តេចព្រះមហាសង្ឃរាជ គឺគណៈសង្ឃនាយក និងថេរសភាសង្ឃ។ ទាំងគណៈមហានិកាយ ទាំងគណៈធម្មយុត្តិកនិកាយ សុទ្ធតែមានគណៈសង្ឃនាយក និងថេរសភាសង្ឃ។

បច្ចុប្បន្ន ផ្នែកគណៈមហានិកាយ សម្តេច នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃនាយកនៃគណៈសង្ឃនាយក ហើយសម្តេច អំ លឹមហេង ជាព្រះប្រធានថេរសភាសង្ឃ។ ចំណែក ធម្មយុត្តិកនិកាយវិញ គឺ សម្តេច បួរ គ្រី ជាសម្តេចព្រះសង្ឃនាយកនៃគណៈសង្ឃនាយក បានន័យថា សម្តេច បួរ គ្រី ជាសម្តេចព្រះមហាសង្ឃរាជផង និងជាសម្តេចព្រះសង្ឃនាយកផង ហើយថេរសភាសង្ឃ គឺសម្តេចព្រះពុទ្ធាចារ្យ ទូច សុខវោហារ ជាព្រះប្រធាន។

គណៈសង្ឃនាយក ជាស្ថាប័នខ្ពស់បំផុតរបស់ព្រះសង្ឃ ដែលគ្រប់គ្រងកិច្ចការរដ្ឋបាលនិងគ្រប់គ្រងព្រះសង្ឃនៅគ្រប់ជាន់ថ្នាក់ទាំងអស់។ បើនិយាយពីផ្នែកអាណាចក្រ គណៈសង្ឃនាយក ប្រៀបដូចជាអង្គការនីតិប្រតិបត្តិឬរដ្ឋាភិបាលដូច្នេះដែរ។

រីឯ ថេរសភាសង្ឃ ជាស្ថាប័នខ្ពស់បំផុតរបស់ព្រះសង្ឃ សម្រាប់ដោះស្រាយអធិករណ៍ (ជម្លោះ) រវាងសង្ឃនិងសង្ឃ ឬអធិករណ៍ណាមួយ ក្នុងព្រះពុទ្ធសាសនា។ ម្យ៉ាងទៀត ថេរសភាសង្ឃ ក៏ជាស្ថាប័នខ្ពស់បំផុត សម្រាប់ដាក់ពិន័យឬកាត់ទោសលើព្រះសង្ឃ ដែលប្រព្រឹត្តខុសធម៌វិន័យ។ និយាយឲ្យស្រួលស្តាប់ ថេរសភាសង្ឃ គឺជាតុលាការក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

ទោះព្រះពុទ្ធសាសនានៅកម្ពុជា មានពីរផ្នែកក្តី តែវត្តអារាមនិងព្រះសង្ឃភាគច្រើន គឺគណៈមហានិកាយ ឯវត្តអារាមនិងព្រះសង្ឃគណៈធម្មយុត្តិកនិកាយ មានតិចតួចប៉ុណ្ណោះ។ របាយការណ៍ពីក្រសួងធម្មការ បង្ហាញថា ក្នុងឆ្នាំ២០២០ គណៈមហានិកាយ មានព្រះសង្ឃជាង៦,៦ម៉ឺនអង្គ និងវត្តជាង៤,៧ពាន់ ហើយគណៈធម្មយុត្តិកនិកាយ មានព្រះសង្ឃជិត៥ពាន់អង្គ និងវត្ត២៥២។

ព្រះពុទ្ធសាសនានៅកម្ពុជា មិនមែនមានតែវត្តអារាមទេ គឺនៅមានអាស្រមនិងមណ្ឌលវិបស្សនាទៀត។ បើតាមរបាយការណ៍ពីក្រសួងធម្មការដដែល ក្នុងឆ្នាំ២០២០ កម្ពុជា មានអាស្រម១៥៣ និងមណ្ឌលវិបស្សនា៣៩៕

Tag:
 ហ៊ីង ប៊ុនហៀង
  ឧត្តមទីប្រឹក្សាសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com